(កណ្ដាល)៖ អាងចិញ្ចឹម ​មេត្រីពូជ​ «សារាយ» របស់​ក្រុមហ៊ុន អេង ឌី ប៉ូ អភិវឌ្ឍន៍ ស្ថិតនៅក្នុងឃុំកំពង់អុស ស្រុកពញ្ញាឮ ខេត្តកណ្ដាល ត្រូវបានក្រុមជនខិលខូច នៅតែបន្ត​លួចចូលនេសាទខុសច្បាប់​​ និងបង្កហិង្សា​វាយបំផ្លាញទ្រព្យសម្បត្តិ ពេលកម្លាំងរបស់ក្រុមហ៊ុន ចុះណែនាំម្ដងៗ។​ ជាការកត់សម្គាល់រហូតមក ក្រុមជន​ខិលខូច នៅតែបន្តសកម្មភាព​បទល្មើសនេសាទ ក្នុងដែនអាងចិញ្ចឹមមេត្រីពូជ​​របស់ក្រុមហ៊ុន អេង ឌី ប៉ូ អភិវឌ្ឍន៍ ខណៈដែលតំបន់អាងស្ដុកទឹក សារាយ ដែលស្ថិតក្នុងដែនរដ្ឋបាល​ភូមិព្រែកតា​ម៉ា និងភូមិដងគោម ត្រូវបានក្រុមហ៊ុនទិញ​ពីប្រជាពលរដ្ឋ​ និងបានទូទាត់ថ្លៃរួចរាល់ទាំងអស់​ ជាមួយបងប្អូនប្រជាពលរដ្ឋ ជាម្ចាស់កម្មសិទ្ធ ​អស់ទៅហើយ។ ម្យ៉ាងទៀតក្រុមហ៊ុន អេង ឌី ប៉ូ អភិវឌ្ឍន៍ និងតំបន់អាងទឹកទំនប់សារាយ គឺក្រុមហ៊ុនទទួលបានសិទ្ធអភិវឌ្ឍន៍ ពីរាជរដ្ឋាភិបាល និងបានដាក់ចូលជាអាងចិញ្ចឹម​ត្រីមេពូជ ក្នុងទំហំផ្ទៃដីប្រមាណ១៤០ ហិចតា ក្នុងនោះមានប្រឡាយមេទឹកចំនួន៣ ដែលបងប្អូនប្រជាពលរដ្ឋ ក៏បានអាស្រ័យផលយកទឹកធ្វើស្រែ ពីតំបន់នោះផងដែរ។

អ្វីដែលជាហេតុការណ៍​​កើតឡើងស្ទើរតែ នឹកស្មានមិនដល់នោះ គឺនៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៧ ក្រុមជនខិលខូច បានបន្តលបលួចចូលនេសាទខុសច្បាប់ នៅដែនជម្រកត្រីមេពូជ ដែលក្រុមហ៊ុន តែងតែផ្ដល់ពូជត្រី ដើម្បីយកទៅព្រលែង​នៅក្នុងឱកាសទិវាមច្ឆាជាតិម្ដងៗ តាមការស្នើសុំរបស់រដ្ឋបាលជលផល ដែលមានលោក ​ណៅ ធួក ជាប្រតិភូរាជ​រដ្ឋាភិបាល​ទទួលបន្ទុកខាង​ជលផល។ ការលួចចូលនេសាទទាំងកម្រោល របស់ក្រុមជនខិលខូចនេះ បានបង្កឲ្យក្រុមហ៊ុន​ បាត់បង់ពូជត្រីជាច្រើន ខាតបង់នូវទ្រព្យសម្បត្តិ និងកិត្តិយសយ៉ាងខ្លាំង ព្រោះតែការបង្កហិង្សា ពីសំណាក់ក្រុមបទល្មើសនេសាទ ទាំងនោះ។

លោក តាំង សុខឃី​ ជំនួយការផ្ទាល់របស់លោកឧកញ៉ា ឌី ប៉ូ និងជាអ្នកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន អេង ឌី ប៉ូ អភិវឌ្ឍន៍ បានថ្លែងប្រាប់ Fresh News ឲ្យដឹងថា តាមការស៊ើបសួរ និងតាមដានកន្លងមក មានតែប្រជាពលរដ្ឋនៅក្នុងភូមិកំពង់អុស ប្រមាណ៣០ ទៅ៤០ នាក់ និងមេខ្យល់៧ ទៅ៨ នាក់ប៉ុណ្ណោះ ដែលតែងតែទៅបង្កបទល្មើសនេសាទ​ នៅតំបន់ទំនប់ ចិញ្ចឹងត្រីមេពូជ «អាងសារាយ»​ ពោលគឺតាំងពីឆ្នាំ២០១៦ រហូតមកដល់បច្ចុប្បន្ន។ ទោះបីជាក្រុមហ៊ុន បានរាយការណ៍ទៅកាន់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដើម្បីឲ្យជួយទប់ស្កាត់ ក៏មិនមានប្រសិទ្ធភាពដែរ។

លោកបានអះអាងទៀតថា ជាក់ស្ដែងនៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៧នេះ ក្រុមដដែលនោះ បានបន្តលួចចូលទៅនេសាទ នៅក្នុងអាងចិញ្ចឹមត្រីមេពូជ របស់ក្រុមហ៊ុនទាំងកម្រោល ដោយពួកគេអះអាងថា តំបន់នោះជាតំបន់សាធារណៈ តាមអ្វីដែលថ្នាក់ខេត្តធ្លាប់ប្រាប់ពួកគេកន្លងមក ដើម្បីឲ្យចូលទៅប្រព្រឹត្តិបទល្មើស ប៉ុន្តែពេលនោះកម្លាំងរបស់ក្រុមហ៊ុន បាន សហការជាមួយនឹងកម្លាំងអធិដ្ឋានជលផលចតុមុខ ចុះទៅសួរនាំ និងហាមឃាត់មិនឲ្យនេសាទ ក៏ក្រុមនេះ មិនបានស្ដាប់​ និងព្រមព្រៀងធ្វើកិច្ចសន្យាឈប់នេសាទដែរ។ លើសពីនេះ ពួកគេបានហៅបក្សពួកជាច្រើនបន្ថែមទៀត ចេញពីភូមិកំពង់អុស ដើម្បីមកតតាំងជាមួយកម្លាំងរបស់ក្រុមហ៊ុន ទាំងហួសចិត្តទៀតផង។

យ៉ាងណាមិញ ដោយមើលឃើញពីស្ថានភាពមិនស្រួល និងមិនចង់ឲ្យមានអំពើហិង្សា​ណា​មួយកើតឡើង កម្លាំងរបស់ក្រុមហ៊ុន បានសម្រេចដកថយមកវិញ ប៉ុន្តែមុននឹងដកថយកម្លាំង​របស់ក្រុមហ៊ុន បានបន្សល់ទុកនូវរថយន្តតូយ៉ូតា១គ្រឿង និងទូកស្មាច់ ២គ្រឿង នៅទីតាំងបង្កហេតុ។ ប៉ុន្តែ​ក្រុមជនខិលខូច ដែលជាមុខសញ្ញាចាស់ទាំងនោះ មិនត្រឹមតែដកថយ​ចេញនោះទេ បែរជាប្រើអំពើហិង្សា​វាយកំទេចរថយន្ត និងវាយទូកស្មាច់នោះខ្ទេចខ្ទី​អស់​គ្មានសល់។

លោក តាំង សុខឃី បានអះអាងទៀតថា ទោះបីជាក្រុមអ្នកនេសាទល្មើសច្បាប់ទាំងនោះ នៅតែបន្តសកម្មភាពយ៉ាងគឃ្លើនក្ដី ក៏ក្រុមហ៊ុនមិនដែលចង់បង្កទំនាស់ និងចាប់ពួកគាត់ដោយប្រការជាមួយឡើយ ពោលគឺក្រុមហ៊ុនគ្រាន់តែចង់ឲ្យពួកគាត់ចុះកិច្ចសន្យា បញ្ឈប់សកម្មភាពនេសាទ ខុសច្បាប់នេះតែប៉ុណ្ណោះ។ ប៉ុន្តែទង្វើរបស់ក្រុមអ្នកនេសាទទាំងនោះ បានធ្វើឲ្យក្រុមហ៊ុនអត់ធ្មត់លែងបាន ដូច្នេះសម្រាប់ហេតុការណ៍ ដែលបានកើតឡើងកាលពីថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៧នេះ គឺក្រុមហ៊ុនបានដាក់ពាក្យបណ្ដឹង ទៅកាន់សាលាដំបូងខេត្តកណ្ដាលរួចរាល់ហើយ ដើម្បីឲ្យតុលាការចាត់វិធានការទៅតាមផ្លូវច្បាប់ ចំពោះក្រុមជនខិលខូចទាំងនោះ។

ក្រុមហ៊ុន អេង ឌី ប៉ូ អភិវឌ្ឍ ក៏សូមអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ​ដែលនៅក្បែងតំបន់នោះ សុំមេត្តាកុំប្រព្រឹត្តិបទល្មើសនេសាទ ជាពិសេសចូលទៅនេសាទតំបន់អភិរក្ស និងជាអាងចិញ្ចឹមត្រីមេពូជ ក្នុងតំបន់អាងស្ដុកទឹកសារាយ ព្រោះតែតំបន់នោះ ត្រូវបានក្រុមហ៊ុនទិញ​​ពីប្រជាពលរដ្ឋរួចរាល់ និងបានទូទាត់ថ្លៃទាំងអស់​ ជាមួយបងប្អូនប្រជាពលរដ្ឋ ជាម្ចាស់កម្មសិទ្ធ រួចរាល់អស់ទៅហើយ។

សូមបញ្ជាក់ថា ក្រុមហ៊ុន អេង ឌី ប៉ូ អភិវឌ្ឍ ក្រៅពីការងារអភិវឌ្ឍន៍នៅតាមមូលដ្ឋាន ប្រជាពលរដ្ឋឃុំកំពង់អុស ក៏ទទួលបាននូវបច្ចេកទេស បទពិសោធន៍ ពូជស្រូវ និងទឹកប្រើប្រាស់ជា រៀងរាល់ឆ្នាំពីក្រុមហ៊ុន ក្នុងការអភិវឌ្ឍន៍ដំណំា​ស្រូវយ៉ាងស្ទាត់ជំនាញ ហើយជាពិសេសថែមទៀតនោះ គឺការចូលរួមអបអរសាទរ ចំពោះ​រាជរដ្ឋភិបាល ដែលតែងតែគិតគូ​​ក្នុងការអភិវឌ្ឍន៍​វិស័យកសិកម្ម ព្រមទាំងបានអនុញ្ញាត​ឲ្យក្រុមហ៊ុន អេង ឌី ប៉ូ អភិវឌ្ឍន៍បន្តការងារកសិកម្ម ដំណាំស្រូវនៅទីនេះ គឺជាការជម្រុញឲ្យប្រជាពលរដ្ឋ ទទួលបទ​ពិសោធន៍កាន់តែច្រើន ដែលជាដៃគូរយ៉ាងសំខាន់មិនអាចខ្វះបាន ដើម្បីបង្កើនការងារកសិកម្មទទួល បានទិន្នផលខ្ពស់​ដែលស្របតាមទិសដៅ របស់រាជរដ្ឋាភិបាលកម្ពុជា ចង់បានបំផុត៕