​(ឧត្តរមានជ័យ)៖ លោកវរៈសេនីយ៍ឯក អឿន ភារ៉ា មេបញ្ជាការ វរៈការពារព្រំដែន​៤០២ កំពុងតែត្រូវបានប្រជាពលរដ្ឋ ៤១គ្រួរសាររស់នៅសង្កាត់អូស្មាច់ ក្រុងសំរោងខេត្តឧត្តរមានជ័យ ចោទថា បានប្រើប្រាស់កងកំលាំង​យោធាចំនួនពីកងល្បាត រំលោភយកដីស្រែចំការ និងផលដំណាំ របស់ពួកគាត់​ចំនួន ១៥០ ហិចតា(មួយរយហាសិបហិចតា) ស្ថិតនៅក្នុងភូមិចំនួនពីរ គឺភូមិ ចំការចេក និងភូមិអភិវឌ្ឍន៍។

ប្រជាពលរដ្ឋបានលើកឡើង នៅក្នុងវេទិកា​សាធារណៈថា ពួកគាត់ទាំងអស់គ្នា ត្រូវបាន​យោធាវរៈការពារព្រំដែន៤០២ចំនួនពីរកងល្បាត គឺកងល្បាតទី១និងកងល្បាតទី៦ បានបិទសិទ្ធសេរីភាព មិនឲ្យពួកគាត់ចូលទៅបង្ករបង្កើនផល និងប្រម៉ូលផលនៅលើដីកម្មសិទ្ធ​របស់ខ្លួន ដោយធ្វើការគំរាមចាប់ពួកគាត់ចង និងគំរាមបាញ់សម្លាប់​ជាដើម។ ប្រជាពលរដ្ឋរងគ្រោះ បានបន្តរថា ពួកគាត់បានកាន់កាប់ដីស្របច្បាប់ ជាច្រើនឆ្នាំមកហើយ គឺដូរមេបញ្ជារការវរៈការពារព្រំដែន ចំនួនបីជុំនាន់មកហើយ​។ ​មេបញ្ជាការមុនៗ មិនដែលហាមឃាត់ ឬក៏រារាំងពួកគាត់ឡើយ ដោយរស់នៅរួមសុខរួមទុក្ខ​ ជាមួយគ្នា ពេលចាប់ផ្ដើមដូរមេបញ្ជាការ​ ដាក់លោកវរៈសេនីយ៍ឯក អឿន ភារ៉ា ក៏ចាប់ផ្ដើមបិទសិទ្ធសេរីភាព មិនឲ្យពួក​គាត់ ចូលទៅបង្ករបង្កើនផល និងប្រម៉ូលផលដំណាំ នៅលើដីរបស់ពួកគាត់តែម្ដង។

រហូតមកទល់នឹងពេលនេះ ពួកគាត់ត្រូវបានយោធាបំបិទសិទ្ធ មិនឲ្យបង្ក​បង្កើផលជិតបីឆ្នាំមកហើយ ធ្វើឲ្យជីវភាពរបស់ពួកគាត់ ជួបនិងវិបាត់ធ្ងន់ធ្ងរ។ យ៉ាងណាមិញ
នៅរសៀលថ្ងៃទី១៩ ខែតុលាឆ្នាំ២០១៧នេះ លោក សរ ថាវី អភិបាល​ខេត្តឧត្តរមានជ័យ បានបើកវេទការសារធារណៈមួយ ដើម្បីបើកឲ្យពលរដ្ឋ ដែលពាក់ព័ន្ធ មានការសួរដេញដោល ចំពោះបញ្ហោទាំងអស់ខាងលើនេះ។ ដោយលោកមិនអាចសម្រេច ទៅលើបញ្ហាទាំងអស់នេះទេ។ លោកអភិបាលខេត្តសង្កត់ធ្ងន់ថា វាជាតំបន់ឈរជើង របស់កងកំលាំងយោធា ដែលជាវិស័យការពារជាតិ ការពារបូរណភាពទឹកដី។ រីឯប្រជាពលរដ្ឋក៏លោកមិនចោលដែរ លោកនឹងខិតខំប្រឹងប្រែង រកដំណោះស្រាយជូនដល់ពួកគាត់ ហើយសំណើរបស់ពលរដ្ឋ លោកនិងធ្វើសំណើរឬ ក៏ពិភាក្សាបន្តឆ្លងយោបល់ ជូនដល់ថ្នាក់ដឹកនាំខាងលើសិន។

យ៉ាងណាមិញ អង្គភាពព័ត៌មាន Fresh News ​មិនទាន់អាចទំនាក់ទំនង ទៅកាន់​លោកវរៈសេនីយ៍ឯក អឿន ភារ៉ា មេបញ្ជាការ វរៈការពារព្រំដែន​៤០២ ដើម្បីបំភ្លឺជុំវិញការ​ចោទប្រកាន់ខាងលើនេះ បានទេ៕