(កំពង់ធំ)៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍, ប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តកំពង់ធំ និងជាប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយស្រុកបារាយណ៍ បានបកស្រាយអំពីឧបាយកល របស់គណបក្សសង្គ្រោះជាតិ ដែលឃុបឃិតជាមួយបរទេស រៀបចំផែនការធ្វើបដិវត្តន៍ពណ៌ បំផ្លាញសន្តិភាព ផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន ពន្យល់ប្រាប់ប្រជាពលរដ្ឋឲ្យយល់ច្បាស់ និងកុំឲ្យមានភ័ន្តច្រឡំ ព្រមទាំងបានផ្ដាំផ្ញើប្រជាពលរដ្ឋកុំចាញ់បោក តាមការញុះញង់របស់ក្រុមជនអគតិឲ្យសោះ។

ការពន្យល់បកស្រាយប្រាប់ប្រជាពលរដ្ឋនេះ ធ្វើឡើងក្នុងឱកាសជួបសំណេះសំណាល ជាមួយថ្នាក់ដឹកនាំ និងសមាជិកសមាគមនារីដើម្បីសន្តិភាព និងអភិវឌ្ឍន៍ទូទាំង១៨ឃុំ នៃស្រុកបារាយណ៍ ខេត្តកំពង់ធំ ដែលសរុបអ្នកចូលរួមមានប្រមាណ ២៨៦នាក់ នាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៧។

បន្ទាប់ពីលោកស្រីអភិបាលរងស្រុកបារាយណ៍ បានរាយការណ៍ពីស្ថានភាព សកម្មភាពការងារ និងទិសដៅបន្តរបស់សមាគមនារីដើម្បីសន្តិភាព និងអភិវឌ្ឍន៍ស្រុកបារាយណ៍រួចមក លោករដ្ឋមន្ត្រីបានជម្រាបជូន អង្គប្រជុំអំពីការខិតខំប្រឹងប្រែង និងការអភិវឌ្ឍរីកចម្រើនរបស់ប្រទេសជាតិ ក្រោមការដឹករបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានធ្វើឲ្យប្រទេសជាតិ មានសុខសន្តិភាព សុវត្ថិភាព ស្ថិរភាពនយោបាយ និងមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ដូចនេះក្នុងនាមទាំងអស់គ្នា ជាប្រជាពលរដ្ឋខ្មែរត្រូវរួមគ្នា បន្តថែរក្សាតម្លៃនៃសុខសន្តិភាពនេះ ឱ្យបានគង់វង្ស និងរួមគ្នាអភិវឌ្ឍន៍ប្រទេសជាតិ ឱ្យមានការរីកចម្រើនប្រសើរឡើងថែមទៀត។

ជាងនេះទៀត សម្តេចតេជោនាយករដ្ឋមន្ត្រី តែងបានគិតគូរយកចិត្តទុកដាក់ សម្រួលដល់ជីវភាពរស់នៅរបស់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ កម្មករ កម្មការិនី និងប្រជាពលរដ្ឋនៅមូលដ្ឋាន។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រីបានបញ្ជាក់ជូនដល់ថ្នាក់ដឹកនាំ និងសមាជិកសមាគមនារី អំពីសភាពការណ៍ថ្មីៗ​ ដែលបាននិងកំពុងកើតមាននៅកម្ពុជា ហើយដែលមជ្ឈដ្ឋានអគតិមួយចំនួន បាននិងកំពុងបំភ្លៃ បំភ័ន្ត បំប៉ោង បំផ្លើស និងញុះញង់ប្រជាពលរដ្ឋឲ្យស្អប់ និងមានកំហឹងនឹងរាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដើម្បីបម្រើដល់ផែនការរៀបចំធ្វើបដិវត្តពណ៌នៅឆ្នាំ២០១៨ ដែលមានបរទេស គឺអាមេរិកនៅពីក្រោយ ក្នុងការជួយរៀបចំគោលនយោបាយ និងផែនការយុទ្ធសាស្ត្រ ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។

លោកក៏បានបកស្រាយពីឧបាយកល របស់បក្សប្រឆាំងជូនដល់អង្គប្រជុំឱ្យបានជ្រួលជ្រាប នាពេលកន្លងមក ពិសេសគឺព្រឹត្តិការណ៍ដែលបានកើតឡើងនាពេលថ្មីនេះ ទាក់ទងនឹងការចាប់ខ្លួនលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិដែលបានប្រព្រឹត្តអំពើក្បត់ជាតិ និងការដាក់ពាក្យបណ្តឹងរំលាយគណបក្សសង្គ្រោះជាតិ។

លោករដ្ឋមន្ត្រីបានណែនាំដល់ថ្នាក់ដឹកនាំ និងសមាជិកសមាគមនារី ត្រូវខិតខំពង្រឹងនូវតួនាទី ភារកិច្ច និងសិទ្ធិអំណាចរបស់ខ្លួន ដើម្បីធ្វើជាស្ត្រីគំរូ និងជាមាតាដ៏ល្អសម្រាប់ចូលរួមចំណែកដឹកនាំ និងកសាងអភិវឌ្ឍន៍ប្រទេសជាតិអោយមានការអភិវឌ្ឍរីកចម្រើនឈានទៅមុខជានិច្ច។

លោក ថោង ខុន បានផ្តាំផ្ញើដល់សមាជិកសមាគមនារីទាំងអស់ត្រូវខិតខំជំរុញប្រជាពលរដ្ឋ ដែលមិនទាន់បានចុះឈ្មោះបោះឆ្នោត និងយុវជនដែលទើបគ្រប់អាយុ ឲ្យទៅចុះឈ្មោះបោះឆ្នោត ឲ្យបានគ្រប់ៗគ្នា ដើម្បីបម្រើដល់ការបោះឆ្នោតសកលឆ្នាំ ២០១៨ ខាងមុខ។

លោក ថោង ខុន ក៏បានឧបត្ថម្ភថវិកាចំនួន ៣,១០៨,០០០រៀល ដល់ការរៀបចំពិធីសំណេះសំណាលនេះផងដែរ៕