(ព្រះវិហារ)៖ លោក សំ លាងទ្រី ប្រធានមន្ទីរសាធរណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានថ្លែងប្រាប់បងប្អូនកម្មករធ្វើផ្លូវទាំងអស់នៅក្នុងមន្ទីរថា បើមានជំងឺលោកអនុញ្ញាតិឲ្យឈប់សំរាក ប៉ុន្តែពេលជាត្រឡប់មកធ្វើការវិញ សូមយកវិក្ក័យបត្រមកផង មន្ទីរនឹងចេញថវិកា​ថ្លៃព្យាបាលជំនួស។ ការថ្លែងបែបនេះ ក្នុងឱកាសដែលលោកជួបសំណេះសំណាល ជាមួយបងប្អូនកម្មករទាំងអស់ នៅថ្ងៃទី​ទី១៩ ខែតុលា ឆ្នាំ២០១៧កន្លងទៅនេះ។

លោក សំ លាងទ្រី បញ្ជាក់ថា ដោយអនុវត្តន៌តាមការណែនាំរបស់លោកទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក៏ដូចជាកាណែនាំរបស់លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ មន្ទីរតែងយកចិត្តទុកដាក់ជានិច្ច អនុវត្តតួនាទីភារកិច្ចរបស់ខ្លួន ជាប់ជាប្រចាំមិនដែលទ្វេសប្រហែសទេ ដូចជាការជួសជុល​ ការថែទាំផ្លូវ​ជាដើម ធ្វើឲ្យការងារទទួលជោគជ័យជាបន្តបន្ទាប់ ដែលកត្តានេះ គឺផ្តើមចេញពីការលះបង់ ការសហការសាមគ្គីគ្នារវាងថ្នាក់ដឹកនាំបុគ្គលិកកម្មករ នៅក្នុងមន្ទីរសាធារណការខេត្តទាំងមូល។

​លោកប្រធានមន្ទីរអះអាងថា ការជួបជុំគ្នាក្នុងថ្ងៃនេះ គឺពិតជាមានសារៈសំខាន់ណាស់ដើម្បីឲ្យបងប្អូនកម្មករ មានឱកាសបញ្ចេញមតិផ្ទាល់ខ្លួន ពីបញ្ហាប្រឈម និ​ងភាពអសកម្មនានា ដែលកើតមានឡើងនៅក្នុងពេលបំពេញមុខងារភារកិច្ច។

លោក​បានផ្តាំផ្ញើឲ្យបងប្អូនកម្មករ​ដែលបំពេញការងារនៅតាមការដ្ឋានផ្សេងៗ ត្រូវស្លៀកពាក់ឯកសណ្ឋាន ដែលបានបើកឲ្យជាប់ជានិច្ច ហើយត្រូវថែរក្សាឲ្យបានល្អ ហើយមិនកុំជឿតាមញុះញង់របស់ជនអគតិមួយចំនួន ដែលមានបំណងបំផ្លិចបំផ្លាញសន្តិភាព ពិសេសគឺចង់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលប្រសូត្រចេញពីការបោះឆ្នោត និងត្រូវប្តេជ្ញាគាំទ្ររាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ជាបន្តទៀតនៅអាណត្តិនេះ និងអណត្តិក្រោយៗទៀត៕