(ភ្នំពេញ)៖ អភិបាលខណ្ឌឬស្សីកែវ លោក ជា ពិសី និងជាប្រធានអនុសាខាកាកបាទក្រហមកម្ពុជា​ខណ្ឌឬស្សីកែវ បានបញ្ជាក់ថា ឲ្យតែស្ថិតក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំរាជរដ្ឋាភិបាល និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ប្រាកដណាស់ ប្រជាពលរដ្ឋគ្រប់រូប និងមិនស្លាប់ដោយអត់បាយឡើយ ពីព្រោះសម្ដេចទាំងពីរ បានក្រើនរំលឹកហើយ រំលឹកទៀត ដើម្បីឲ្យមន្ត្រីក្រោមឱវាទទាំងអស់ ដាច់ខាតត្រូវយកចិត្តទុក្ខដាក់ឲ្យបានខ្ពស់ ចំពោះជនងាយរងគ្រោះ។

លោក ជា ពិសី បានបញ្ជាក់យ៉ាងដូច្នេះ ក្នុងកម្មវិធីសំណេះសំណាល សួរសុខទុក្ខប្រជាពលរដ្ឋក្រីក្រចាស់ជរាចំនួន២០គ្រួសារ និង​នាំយកនូវគ្រឿងឧបភោគ បរិភោគ សម្ភារ និងថវិកាមួយចំនួនមកឧបត្ថម្ភជូនផងដែរ ដោយក្នុង១គ្រួសារ ទទួលបាន​អង្ករ២០គីឡូក្រាម ចានដែក១ មី២០កញ្ចប់ ទឹកសុទ្ធវីតាល១កេស ឆ្នាំងបាយ១ គ្រឿងឧបភោគ បរិភោគ៦មុខ និងថវិកា៣ម៉ឺនរៀលស្មើៗគ្នា ដែលជាអំណោយរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដើម្បីជួយដោះស្រាយបញ្ហាការខ្វះខាតផ្សេងៗ នៅល្ងាចថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅក្នុងព្រះវិហារឥស្លាមធំ គីឡូម៉ែត្រលេខ៩ តាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងក្រុម២ ភូមិ៣ សង្កាត់ច្រាំងចំរេះទី១ ដោយមានការចូលរួមពីចៅសង្កាត់ច្រាំងចំរេះទី១ លោក ឡេះ ម៉ាត់ និងក្រុមយុវជនខណ្ឌ-សង្កាត់ ជាច្រើននាក់ផងដែរ។

​លោក ជា ពិសី បានថ្លែងថា សូមប្រជាពលរដ្ឋគួរយល់ដឹងអំពីមេបក្សប្រឆាំង ដែលបានដាក់ចេញនូវគោលនយោបាយ «កុំ៣» ដោយបានប្រាប់ទៅបរទេសថា កុំទី១៖ កុំផ្ដល់ជំនួយមកឲ្យកម្ពុជា, កុំទី២៖ កុំមកវិនិយោគនៅកម្ពុជា និងកុំទី៣៖ កុំឲ្យទិញទំនិញពីកម្ពុជា ដែលជាគោលនយោបាយញុះញង់ លាបពណ៌បង្កភាពចលាចលដល់សង្គមជាតិ ជាគោលនយោបាយបដិវត្តន៍ពណ៌យ៉ាងពិតប្រាកដ ហើយខុសគ្នាពីគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រធាន បានដាក់ចេញនូគោលនយោបាយឲ្យមាន «សុំ៣» ដោយសុំទី១៖ សុំឲ្យមានការវិនិយោគនៅកម្ពុជា, សុំទី២៖ សុំឲ្យផ្ដល់ជំនួយមកឲ្យកម្ពុជា និងសុំទី៣៖ សុំឲ្យជួយទិញទំនិញពីកម្ពុជា។

លោក ជា ពិសី បានថ្លែងទៀតថា ពិសេសសម្ដេចតេជោ ហ៊ុន សែន បានស្នើឲ្យដំឡើងប្រាក់ឈ្នួលជូន កម្មករ-កម្មការិនី ដល់ទៅ១៧០ដុល្លារ ក្នុងឆ្នាំ២០១៨ខាងមុខ ​ទិញផ្លូវស្ពានលីយ៉ុងផាត់ និងផ្លូវឡើងរមណីដ្ឋានប្រវត្តិសាស្ត្រភ្នំបូកគោ បានដាក់ជាសម្បត្តិរដ្ឋ និងបានដាក់ជូនឲ្យប្រើប្រាស់ឆ្លងកាត់ ដោយមិនបាច់បង់ប្រាក់ថែមទៀត ចាប់ពីថ្ងៃទី១៥ ខែតុលា ខាងមុខតទៅ ដែលជាអត្ថប្រយោជន៍ដ៏ធំ​មួយសម្រាប់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប៕