(ព្រះសីហនុ)៖ ជនសង្ស័យ២នាក់ ត្រូវបានកម្លាំងការិយាល័យកណ្តាលនគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាល និងអធិការនគរបាលក្រុងព្រះសីហនុ​ ឃាត់ខ្លួនបានភ្លាមៗ​ ក្រោយធ្វើសកម្មភាពឆក់កាបូបពីជនបរទេស២នាក់ បានសម្រេចមួយដង្ហើបចង្រិត នៅល្ងាចថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៧នេះ ​​នៅតាមដងផ្លូវឆ្នេរអូរត្រេះ២ ស្ថិតក្នុងក្រុម២ ភូមិ៦ សង្កាត់៤។

លោកឧត្តមសេនីយ៍ត្រី កុល ផាលី ស្នងការរងនគរបាលខេត្ត បានឲ្យដឹងថា ជនសង្ស័យ២នាក់ដែលធ្វើសកម្មភាពបានសម្រេច រួចរត់មិនសម្រេចហើយក៏ត្រូវចាប់ខ្លួនបាននោះ ទី១៖ឈ្មោះ​ សុខ ដារ៉ា​ អាយុ១៨ឆ្នាំ​ មានទីលំនៅភូមិបក់គគី ឃុំបិតត្រាំង ស្រុកព្រៃនប់ (​អ្នកបើកម៉ូតូ) និងទី២៖ឈ្មោះ ​ឡេង សុខ អាយុ១៨ឆ្នាំ មានទីលំនៅ​ភូមិអូរឧកញ៉ាហេង ឃុំអូរឧកញ៉ាហេង ស្រុកព្រនប់ (​អ្នកឆក់​)​។

ដោយឡែកជនរងគ្រោះ២នាក់ប្ដីប្រពន្ធជាជនជាតិរុស្ស៊ីនោះ ប្ដីឈ្មោះ ​MALOVA ILIA និងប្រពន្ធ MALOVA PARIA អាយុ២៧ឆ្នាំ ជនរងគ្រោះទាំង២នាក់ ក៏រងរបួសផងដែរ ដោយសារតែពេលត្រូវជនសង្ស័យឆក់នោះ ម៉ូតូរបស់ជនរងគ្រោះដួល។

ក្រោយឃាត់ខ្លួនសម្ភារៈដែលឆក់នោះ ត្រូវបានកម្លាំងនគរបាលប្រគល់ឲ្យទៅជនរងគ្រោះវិញផងដែរ ដោយឡែកជនសង្ស័យ និងម៉ូតូដែលជិះធ្វើសកម្មភាព ត្រូវបានកសាងសំណុំរឿងដើម្បីចាត់ការបន្ដ៕