(ភ្នំពេញ)៖ នៅល្ងាច ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៧នេះ អង្គភាពព័ត៌មាន Fresh News បានទទួលលិខិតមិត្តអ្នកអាន១ទៀត ដោយបង្ហាញទស្សនៈ ប្រតិកម្មចំពោះការលើកឡើងរបស់ស្ថានទូតអាមេរិក ពាក់ព័ន្ធនឹងករណីរកឃើញគ្រាប់បែកគីមីនៅស្រុងរមាសហែក ខេត្តស្វាយរៀង។ ប្រិយមិត្តរបស់ Fresh News បានស្នើឱ្យស្ថានទូតអាមេរិក យកគ្រាប់គីមីពីស្រុករមាសហែក ខេត្តស្វាយរៀង ទៅដាក់តាំងនៅក្នុងស្ថានទូតខ្លួននៅភ្នំពេញទៅ បើសិនជាយល់ថា គ្រាប់បែកនោះល្អ មិនប៉ះពាល់សុខភាព។

លិខិតមិត្តអ្នកអានឈ្មោះ ហូ សុធី បានរៀបរាប់ថា នាថ្មីៗនេះ កម្ពុជាបានរកឃើញនូវគ្រាប់បែកគីមីរបស់សហរដ្ឋអាមេរិក ដែលបន្សល់ពីសម័យសង្រ្គាមជាច្រើនគ្រាប់ នៅក្នុងស្រុករមាសហែក ខេត្តស្វាយរៀង។ គ្រាប់បែកនេះ ត្រូវបានអ្នកជំនាញកម្ពុជា អះអាងថា គឺជាគ្រាប់បែកគីមីរបស់សហរដ្ឋអាមេរិក ដែលជះឥទ្ធិពលយ៉ាងខ្លាំងដល់សុខភាពរបស់ ប្រជាពលរដ្ឋ​ ឬអ្នករស់នៅតំបន់នោះ។

តួយ៉ាងនាថ្មីៗនេះ អាជ្ញាធរបានរកឃើញកុមា៣រូប នៅស្រុករមាសហែក ដែលបានកើតមកមិនគ្រប់លក្ខណៈ ក៏ព្រោះតែរងនូវឥទ្ធិពល នៃគ្រាប់បែកគីមី ដ៏សាហាវរបស់សហរដ្ឋអាមេរិកនេះតែម្តង។ ប៉ុន្តែស្ថានទូតអាមេរិក បានជាប្រកាសថា គ្រាប់បែកគីមីទាំងនោះ មិនធ្វើឱ្យប៉ះពាល់ដល់សុខភាពនោះទេ។

ដូច្នេះសូមបងប្អូនចូលទៅអានក្នុង link មួយនេះ http://nymag.com/scienceofus/2014/08/what-are-the-long-term-effects-of-tear-gas.html ដែលគេមិនសូវចំហរឱ្យឃើញ ព្រោះវាជាបទសំភាសន៍របស់អ្នកវិទ្យាសាស្ត្រ ដែលនិយាយពីផលវិបាកយូរអង្វែងនៃគ្រាប់បែកគីមី។

សហរដ្ឋអាមេរិកហាក់ដូចជាខិតខំពន្យល់ថា គ្រាប់បែកទាំងនេះ ឥតមានឥទ្ធិពលយូរអង្វែងទេ តែចំពោះខ្ញុំ គ្រាប់បែកអីក៏អាក្រក់ដែរ។ បើវាមិនមានឥទ្ធិពលអាក្រក់ទេ ខ្ញុំសុំឱ្យលោកទូតអាមេរិកអញ្ជើញទៅយក ០១គ្រាប់មកដាក់តាំងនៅក្នុងស្ថានទូតអាមេរិកនៅភ្នំពេញទៅ ព្រោះគ្រាប់នោះ វាជានិមិត្តរូបដ៏ល្អ នៃទំនាក់ទំនងយូរអង្វែងរវាងប្រទេសយើងទាំងពីរ។ បើយកមកតាំងបានកាន់តែច្រើនកាន់តែប្រសើរ ។

តែខ្លាចតែទូតអាមេរិកកុហក ព្រោះបទសំភាសន៍អ្នកវិទ្យាសាស្ត្រ បញ្ជាក់ឱ្យដឹងថា គេមិនទាន់បានសិក្សាសព្វគ្រប់អំពីផលវិបាកនៃអសវុធគីមីនេះនៅឡើយទេ ។ បើដូច្នេះមែនអាមេរិក មិនបានធ្វើការពិសោធន៍ សារជាតិមិនទាន់ស្គាល់ច្បាស់ លើក្បាលរាស្ត្រខ្មែររួចទៅហើយ?

ដោយ៖ ហូ សុធី