(ភ្នំពេញ)៖ បន្ទាប់ពីបានការឯកភាពពីរាជរដ្ឋាភិបាល ក្នុងការផ្ទេរការទទួលខុសត្រូវ លើគណៈកម្មាធិការជាតិបណ្តុះបណ្តាល ពីទីស្តីការគណៈរដ្ឋមន្រ្តីមកស្ថិតក្រោមការគ្រប់គ្រង និងទទួលខុសត្រូវរបស់ក្រសួងការងារវិញ តាមរយៈអនុក្រឹត្យលេខ៥១ អនក្រ-បក ចុះថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៧ រួចមក នារសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៧នេះ លោកបណ្ឌិត អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានគណៈកម្មាធិការជាតិបណ្តុះបណ្តាល បានដឹកនាំកិច្ចប្រជុំលើកទីមួយ ជាមួយសមាជិក-សមាជិកានៃគណៈកម្មាធិការនេះ ក្នុងនោះបានអនុម័តលើគោលនយោបាយចំនួន៤ ដើម្បីអភិវឌ្ឍន៍ប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា។

គោលបំណងនៃកិច្ចប្រជុំគណៈកម្មាធិការជាតិបណ្តុះបណ្តាល គឺដើម្បីឧទ្ទេសនាមសមាជិក-សមាជិកា នៃគណៈកម្មាធិការជាតិបណ្តុះបណ្តាល ជាមួយរបៀបវារៈចំនួន២ រួមមាន៖ ១. ផ្តល់ជូននូវទិដ្ឋភាពរួមអំពីវឌ្ឍនភាពសំខាន់ៗ ដែលគណៈកម្មាធិការជាតិបណ្តុះបណ្តាល សម្រេចបាននាពេលកន្លងមក និង២. ពិភាក្សា និងស្នើសុំការអនុម័តលើឯកសារមួយចំនួន ពាក់ព័ន្ធនឹងដំណើរការនៃការអភិវឌ្ឍវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ។

ជាលទ្ធផល អង្គប្រជុំបានអនុម័តលើឯកសារគោលនយោបាយចំនួន៤ រួមមាន៖

១៖ គោលនយោបាយស្តីពី ការចុះកម្មសិក្សាសម្រាប់វិស័យ TVET នៅកម្ពុជា។
២៖ ប្រព័ន្ធវាយតម្លៃផ្អែកលើសមត្ថភាព និងការផ្តល់គុណវុឌ្ឍិសម្រាប់កម្ពុជា។
៣៖ គោលនយោបាយស្តីពី ការវាយតម្លៃសមត្ថភាព និងការផ្តល់គុណវុឌ្ឍ ក្នុងការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ។
៤៖ កញ្ចប់ស្តង់ដារបណ្តុះបណ្តាល។

ឯកសារគោលនយោបាយដែលបានអនុម័តនាថ្ងៃនេះ គឺមានសារៈសំខាន់ក្នុងការឆ្លើយតបយ៉ាងពេញលេញ ទៅតាមលក្ខខណ្ឌនៃកម្មវិធីគោលនយោបាយ របស់គម្រោងអភិវឌ្ឍវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដែលរួមចំណែកក្នុងការពង្រឹងវិស័យនេះនៅកម្ពុជា ឲ្យកាន់តែមានភាពប្រសើរឡើង។

សូមបញ្ជាក់ថា គណៈកម្មាធិការជាតិបណ្តុះបណ្តាលមានបេសកកម្ម គឺដើម្បីសម្របសម្រួលជាមួយក្រសួង-ស្ថាប័ន និងអង្គការពាក់ព័ន្ធនានា ដើម្បីអភិវឌ្ឍន៍ប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ឱ្យឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់សង្គម-សេដ្ឋកិច្ចបច្ចុប្បន្ន និងទៅអនាគតនៅកម្ពុជា។

សមាសភាពរបស់គណៈកម្មាធិការជាតិបណ្តុះបណ្តាល មានតំណាងមកពីក្រសួង-ស្ថាប័នពាក់ព័ន្ធ តំណាងសភាមុខរបរ និងមីក្រូសហគ្រាស តំណាងជិយោជក តំណាងជិយោជិត និងតំណាងអ្នកផ្តល់ការបណ្តុះបណ្តាល មានចំនួន៤០រូប៕