(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានកំណត់យកថ្ងៃទី២២-២៣-២៤ ខែធ្នូ ចុងឆ្នាំ២០១៧ ជាកាលបរិច្ឆេទប្រារព្ធពិធីបុណ្យសមុទ្រ លើកទី៦ ជុំទី២ នៅខេត្តកែប ដែលជាព្រឹត្តិការណ៍ទេសចរណ៍ដ៏ធំនេះ នឹងបើកជាផ្លូវការក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នាថ្ងៃទី២៣ ខែធ្នូ នៅមុខសាលាខេត្តកែប។

ពិធីបុណ្យសមុទ្រត្រូវបានប្រារព្ធឡើងចំនួន៥លើក រួចមកហើយ ហើយការប្រារព្ធឡើងជាថ្មីនៅខេត្តកែប នាពេលខាងមុខនេះ គឺធ្វើឡើងក្រោមប្រធានបទ «ឆ្នេរសមុទ្របៃតង៖ អនាគត គឺបច្ចុប្បន្ន» និរន្តរភាពទេសចរណ៍ដើម្បីអភិវឌ្ឍន៍ ក្រោមសម្រេចពីរាជរដ្ឋាភិបាលកម្ពុជា។

ទន្ទឹមនឹងការត្រៀមខ្លួនក្នុងការប្រារព្ធពិធីបុណ្យសមុទ្រ ខាងមុខនេះ ក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តកែប បានជួបប្រជុំជាមួយអាជ្ញាធរ ភាគីពាក់ព័ន្ធ វិស័យឯកជន និងដៃគូអភិវឌ្ឍន៍ជាបន្តបន្ទាប់ ដើម្បីដាក់ផែនការយុទ្ធសាស្រ្តលម្អិតត្រៀមរៀបចំព្រឹត្តិការណ៍នេះ។ ជាក់ស្ដែង នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៧នេះ លោកបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការអន្តរក្រសួង​ ដើម្បីរៀបចំពិធីបុណ្យសមុទ្រ និងលោក កែន សត្ថា អភិបាលខេត្តកែប បានដឹកនាំប្រជុំគណៈកម្មការអន្តរក្រសួង ជាមួយភាគីពាក់ព័ន្ធជាថ្មីម្ដងទៀត ដើម្បីដាក់ផែនការយុទ្ធសាស្រ្តបន្ត ក្នុងការត្រៀមរៀបចំពិធីបុណ្យសមុទ្រនេះ។

ក្នុងកិច្ចប្រជុំនោះ លោករដ្ឋមន្រ្តីបានបន្តជំរុញ និងបន្តដាក់ចេញនូវផែនការមួយចំនួន សម្រាប់ត្រៀមរៀបចំពិធីបុណ្យសមុទ្រ ឆ្នាំ២០១៧ ក្នុងនោះរួមមាន៖

១៖ អាជ្ញាធរខេត្តត្រូវ រៀបចំកែលម្អសោភ័ណភាពក្រុងកែបឱ្យបានស្អាត កាត់តម្រឹមដើមឈើតាមដងផ្លូវ និងបាញ់ភ្លើងឱ្យមានភាពទាក់ទាញ នាពេលរាត្រី។
ត្រូវរៀបចំបង្គន់អនាម័យសាធារណៈ បង្គន់ចល័តឱ្យបានគ្រប់គ្រាន់ និងត្រូវសម្អាតអនាម័យជាប្រចាំ។ ត្រូវជំរុញរៀបចំហេដ្ឋារចនាសម្ព័ន្ធនានាក្នុងខេត្ត ឲ្យបានរួចរាល់ទាន់ពេលវេលា សម្រាប់រៀបចំពិធីបុណ្យសមុទ្រ ឆ្នាំ២០១៧។

២៖ ខិតខំបណ្តុះបណ្តាល និងពង្រឹងគុណភាពសេវាកម្មទេសចរណ៍នានា ដើម្បីបម្រើទេសចរជាតិ និងអន្តរជាតិ ក្នុងឱកាសពិធីបុណ្យសមុទ្រ ឆ្នាំ២០១៧ ពិសេសសេវាម្ហូបអាហារ និងកន្លែងស្នាក់នៅ។

៣៖ ត្រូវខិតខំបំផុស និងណែនាំប្រជាពលរដ្ឋក្នុងខេត្តឲ្យរៀបចំ និងតុបតែងគេហដ្ឋានរបស់ខ្លួនឲ្យបានស្អាត សម្រាប់ជួលឲ្យភ្ញៀវជាតិ និងអន្តរជាតិដែលមកចូលរួមពិធីបុណ្យសមុទ្រ ឆ្នាំ២០១៧ ចូលស្នាក់នៅ សំដៅទាញផលចំណេញឲ្យបានដល់ដៃប្រជាពលរដ្ឋផ្ទាល់។

៤៖ ត្រូវរៀបចំអភិវឌ្ឍន៍ផលិតផលទេសចរណ៍ថ្មីៗឲ្យបានច្រើន ដើម្បីបម្រើ និងទាក់ទាញទេសចរជាតិ និងអន្តរជាតិ មកចូលរួមក្នុងពិធីបុណ្យសមុទ្រ ឆ្នាំ២០១៧ ឲ្យបានច្រើនកុះករ។

៥៖ ត្រូវរៀបចំទស្សនីយភាពសិល្បៈ ពិព័រណ៍ភ្លើង សួនភ្លើងក្រោមទឹក ការតាំងពិព័រណ៍ផលិតផលទេសចរណ៍ ពាណិជ្ជកម្ម កម្មវិធីបង្ហោះគោម ការបង្ហាញសម្លៀកបំពាក់កែច្នៃ កម្មវិធីជប់លៀងឆ្នេរខ្សាច់ សកម្មភាពកីឡា ការបោះតង់ និងកម្មវិធីសម្អាតឆ្នេរឲ្យបានល្អ និងអញ្ជើញបណ្តាខេត្តជាប់សមុទ្រទាំង៤ និងខេត្តជាសម្ព័ន្ធមិត្តចូលរួមសម្តែងផងដែរ។ ចំពោះកម្មវិធីកីឡានេះទៀតសោត ត្រូវរៀបចំប្រភេទកីឡាលើទឹក និងលើឆ្នេរឱ្យបានច្រើន ដូចជា ទូកក្តោង ម៉ូតូទឹក និងត្រូវរៀបចំព្យុះហយាត្រាឱ្យបានល្អ។

៦៖ ត្រូវខិតខំយកចិត្តទុកដាក់ការពារ និងរក្សាសន្តិសុខ​ សុវត្ថិភាព និងសណ្តាប់ធ្នាប់ឲ្យបានល្អប្រសើរ ក្នុងឱកាសពីធីបុណ្យសមុទ្រ ឆ្នាំ២០១៧។

៧៖ ត្រៀមរថយន្តសង្គ្រោះ និងត្រៀមអ្នកសង្គ្រោះបឋមឲ្យបានគ្រប់គ្រាន់ ដើម្បីត្រៀមជួយសង្គ្រោះជនរងគ្រោះដោយប្រការណាមួយ ក្នុងឱកាសពិធីបុណ្យសមុទ្រ។

៨៖ លោកបានណែនាំថា នៅតាមភោជនីយដ្ឋាន អាហារដ្ឋាន មិនត្រូវឲ្យភ្ញៀវទេសចរចោលសំរាម និងក្រដាសក្រោមតុផ្ដេសផ្ដាសតទៅទៀតឡើយ ព្រោះដើម្បីបំផុសស្មារតីស្រលាញ់បរិស្ថាន និងថែរក្សាអនាម័យក្នុងការបរិភោគ និងរាល់ពេលដើរកម្សាន្ត។

៩៖ ត្រូវរៀបចំបង្កើតក្រុមយុវជនស្ម័គ្រចិត្ត ដើម្បីជួយដើរសម្អាតបរិស្ថាន ក៏ដូចជាជួយរើសសំរាមក្នុងឱកាសបុណ្យសមុទ្រ ដើម្បីបង្ហាញ និងដាស់ស្មារតីដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរឲ្យភ្ញាក់រឭកពីបញ្ហាសំរាមនេះ។ ត្រូវខិតខំរួមគ្នាបង្កើតឲ្យមានភាពស្អាត និងបៃតង អនាម័យ សណ្តាប់ធ្នាប់នៅតាមគោលដៅទេសចរណ៍ឲ្យបានល្អ ដើម្បីទាក់ទាញទេសចរឲ្យបានច្រើន។

លោករដ្ឋមន្រ្តីបានឲ្យដឹងថា មន្ទីរ-អង្គភាព និងភាគីពាក់ព័ន្ធក៏ត្រូវរៀបចំរមណីយដ្ឋាទេសចរណ៍នានា កែលម្អសោភ័ណភាពនៅតាមដងផ្លូវ និងក្នុងទីធ្លារសាធារណៈនានា ចំណែកសហគមន៍ទេសចរណ៍ ក៏ត្រូវត្រៀមលក្ខណៈឲ្យបានទាន់ពេលវេលា ដើម្បីទទួលទេសចរឲ្យបានល្អផងដែរ។

តាមរយៈការរៀបចំពីធីបុណ្យសមុទ្រនេះ លោករដ្ឋមន្ត្រីចង់ជំរុញឲ្យខេត្តកែប ជាខេត្តគំរូក្នុងការរៀបចំឲ្យទីក្រុងមានសោភ័ណភាពស្អាត និងបៃតងស្រស់បំព្រង ស្របតាមស្ដង់ដារអាស៊ាន ដើម្បីរួមចំណែកទាក់ទាញភ្ញៀវទេសចរជាតិ ទេសចរក្នុងតំបន់ ក៏ដូចជាទេសចរនៅជុំវិញពិភពលោកផងដែរ។