(ភ្នំពេញ)៖ ថ្លែងក្នុងកិច្ចសម្ភាសន៍ផ្តាច់មុខជាមួយ លោក លឹម ជាវុត្ថា អគ្គនាយកបណ្តាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៧នេះ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច បានបង្ហាញអំពីព្រះបំណងរបស់ព្រះអង្គ ដែលចង់ឱ្យតុលាការកំពូល កាត់សេចក្តីឱ្យបានឆាប់ជាទីបំផុត ចំពោះបណ្តឹងរំលាយគណបក្សសង្រ្គោះជាតិ។

គណបក្សហ៊្វុនស៊ិនប៉ិច ក្រោមការដឹកនាំរបស់សម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ គឺជាម្ចាស់បណ្តឹងមួយ ក្នុងចំណោមគណបក្សនយោបាយចំនួន២ ដែលបានដាក់ពាក្យប្តឹងទៅក្រសួងមហាផ្ទៃ ដើម្បីឱ្យរំលាយគណបក្សសង្រ្គោះជាតិ ដោយអះអាងថា គណបក្សប្រឆាំងនេះ ​បានធ្វើសកម្មភាពតាមការបង្គាប់របស់បរទេស ដែលខុសនឹងច្បាប់គណបក្សនយោបាយ ក្នុងប្រទេសកម្ពុជា។

ជាមួយនឹងការរក្សាជំហរនៅក្នុងការប្តឹងប្រឆាំង នឹងគណបក្សសង្រ្គោះជាតិ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានមានព្រះបន្ទូល យ៉ាងដូច្នេះថា «នៅពេលដែលយើងដាក់ពាក្យទៅក្រសួងមហាផ្ទៃ គឺវាចប់ពីយើងហើយ។ ក្រសួងមហាផ្ទៃនេះ គេឈរលើមាត្រា៧, ៨, និងមាត្រា៤១ ឈរលើច្បាប់ យកច្បាប់ហ្នឹងទៅប្តឹង។ ក្មួយសួរថា តើចង់ឱ្យតុលាការកំពូលឱ្យបានឆាប់ឬទេ? ខ្ញុំសូមនិយាយថា ខ្ញុំចង់ ខ្ញុំចង់ឱ្យបានឆាប់រហ័សជាទីបំផុត»។ (សូមទស្សនាកិច្ចសម្ភាសន៍)

សម្តេចក្រុមព្រះ បានមានបន្ទូលបន្តថា ព្រះអង្គប្រឆាំងដាច់ខាតចំពោះទង្វើក្បត់ជាតិ ជាពិសេសការឃុបឃិតជាមួយបរទេស ដើម្បីបំផ្លាញសន្តិភាពរបស់ប្រទេសកម្ពុជា។ ព្រះអង្គបានបន្ទោសទៅ លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ ដែលទទួលបានការគាំទ្រប្រជាពលរដ្ឋឱ្យធ្វើជាតំណាងរាស្រ្ត ប៉ុន្តែបែរជាមិនបំពេញតម្រូវការរបស់រាស្រ្ត ហើយធ្វើតាមបរទេសទៅវិញ។

សូមបញ្ជាក់ថា គណបក្សហ្វ៊ុនស៊ិនប៉ិច និងគណបក្សយុវជនកម្ពុជា កាលពីថ្ងៃទី០៤ និង០៥ ខែតុលា ឆ្នាំ២០១៧ បានសម្រេចដាក់ពាក្យបណ្តឹង ទៅក្រសួងមហាផ្ទៃ ដើម្បីស្នើសុំរំលាយ គណបក្សសង្រ្គោះជាតិ។ ក្រោយទទួលពាក្យបណ្តឹងពីគណបក្សទាំងនេះ នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៧ ក្រសួងមហាផ្ទៃ ក៏បានដាក់ពាក្យបណ្តឹង ទៅកាន់តុលាការកំពូល ដើម្បីប្តឹងស្នើសុំរំលាយគណបក្សសង្រ្គោះជាតិតែម្តង។

កាលពីថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៧ តុលាការកំពូល បានចេញដីកាបង្គាប់ទៅគណបក្សសង្គ្រោះជាតិ ឲ្យដាក់ឯកសារត្រៀម ដើម្បីឆ្លើយតប ទៅនឹងពាក្យបណ្ដឹង របស់ក្រសួងមហាផ្ទៃ ក្នុងអំឡុងពេល២០ថ្ងៃ។ ប៉ុន្តែទោះជាយ៉ាងណា រហូតដល់ពេលនេះ គណបក្សសង្រ្គោះជាតិ ពុំបានចាត់តាំងមេធាវី ឬរៀបចំឯកសារបញ្ជូនទៅតុលាការកំពូលនៅឡើយទេ៕