(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រគល់សៀវភៅ និងឯកសារមួយចំនួនធំជូនដល់សាកលវិទ្យាល័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីបណ្តុះគំនិត និងពង្រីកវប្បធម៌នៃការអានដល់និស្សិតខ្មែរ។

ពិធីប្រគល់សៀវភៅ និងឯកសារនេះ បានធ្វើឡើងនារសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៧ នៅសាកលវិទ្យាល័យសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ក្រោមអធិបតីភាពលោក មាស សុខសេនសាន អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងមានការចូលរួមពី បណ្ឌិត ជួន រតនៈ សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, លោក អិន អេម នាយកវិទ្យាស្ថានសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋាន និងវិទ្យាស្ថាន ព្រមទាំងគណៈគ្រប់គ្រងសាលា បុគ្គលិក សាស្ត្រាចារ្យ និងនិស្សិតនៃសាកលវិទ្យាល័យសរុបប្រមាណ ១០០នាក់។

សៀវភៅ និងឯកសារប្រគល់ជូនសាកលវិទ្យាល័យនោះរួមមានសៀវភៅគោលនយោបាយ បទប្បញ្ញត្តិគតិយុត្ត និងឯកសារនានា ដែលពាក់ព័ន្ធវិស័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុរបស់កម្ពុជា សម្រាប់តំកល់ក្នុងបណ្ណាល័យនៃសាកលវិទ្យាល័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីជាមូលដ្ឋានបង្កើនចំណេះដឹង និងបំពេញសេចក្តីត្រូវការសិក្សាស្រាវជ្រាវដល់សិស្ស-និស្សិត សាស្ត្រាចារ្យ និង សាធារណជន ឆ្លើយតបទៅតាមសំណើរបស់សាកលវិទ្យាល័យ ក៏ដូចជាចូលរួមលើកកម្ពស់វិស័យសិក្សាធិការ បណ្តុះគំនិត និងពង្រឹងវប្បធម៌នៃការអានដល់បញ្ញវន្តទូទៅផងដែរ។ នេះក៏បង្ហាញពីកិច្ចសហការណ៍រវាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជាមួយសាកលវិទ្យាល័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ទៅលើការផ្សព្វផ្សាយចែករំលែកចំណេះដឹងទៅដល់និស្សិតកម្ពុជា។

សកម្មភាពនេះ បានឆ្លុះបញ្ចាំងជាតឹកតាងអំពីស្នាដៃ សមិទ្ធផល សៀវភៅ ព្រឹត្តប័ត្រ ឯកសារយុទ្ធសាស្ត្រ និងគោលនយោបាយសំខាន់ៗ ដែលក្រសួងបានខិតខំរៀបចំតាក់តែង ចងក្រង និងបោះពុម្ពផ្សាយ តាមរយៈការប្រមូលធាតុចូលល្អៗ ប្រកបដោយនវានុវត្តន៍ ទាំងក្នុងប្រទេស និងអន្តរជាតិ និងគួរត្រូវបានរក្សាទុកជាកំណត់ត្រា សម្រាប់ជាកេរដំណែល និងផ្ទេរបន្តនូវមេរៀន បទពិសោធន៍ និងជំនាញវិជ្ជាជីវៈ ដល់យុវជនជំនាន់ក្រោយ។

លោកបណ្ឌិត ជួន រតនៈ បានថ្លែងមតិស្វាគមន៍យ៉ាងកក់ក្តៅ និងរាយការណ៍ដោយសង្ខេប អំពីសាវតារវឌ្ឍនភាពការងារ ចក្ខុវិស័យ និងបេសកកម្មរបស់សកលវិទ្យាល័យ ដែលជាគ្រឹះស្ថានឧត្តមសិក្សាមួយឈានមុខលើការបណ្តុះបណ្តាលផ្នែក សេដ្ឋកិច្ច, ហិរញ្ញវត្ថុ, បច្ចេកវិទ្យាព័ត៌មានវិទ្យា និង ភាសាបរទេសជាដើម ប្រកបដោយគុណភាព សមត្ថភាព និងសីលធម៌ ទៅតាមកម្រិតស្តង់ដារជាតិ-អន្តរជាតិ។

ជាមួយគ្នានេះ សាកលវិទ្យាល័យក៏មានកិច្ចសហប្រតិបត្តិការជាមួយវិទ្យាស្ថានសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, CSU-Australia, ACCA, Oracle (ដែលទទួលស្គាល់ជា Gold Partner) និង Ernst & Young (Cambodia) Ltd. ហើយនិស្សិតដែលបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យនេះនឹងទទួលបានឱកាសការងារទាំងក្នុងស្ថាប័នរដ្ឋ និងឯកជន។

កិច្ចសហការរវាងស្ថាប័នរដ្ឋ និងសកលវិទ្យាល័យបានផ្តល់លទ្ធភាពជូននិស្សិតដែលជ្រើសរើសជំនាញហិរញ្ញវត្ថុ និងសេដ្ឋកិច្ចស្វែងយល់បន្ថែមពីវិស័យហិរញ្ញវត្ថុ សេដ្ឋកិច្ច។ ទន្ទឹមនេះ បច្ចុប្បន្ន សាកលវិទ្យាល័យក៏បាននិងកំពុងសហការជាមួយក្រុមការងារគ្រប់គ្រងគម្រោងប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងការបណ្តុះបណ្តាលមន្ត្រីជំនាញហិរញ្ញវត្ថុ ដើម្បីចូលរួមគាំទ្រ និងអនុវត្តការដាក់ឱ្យដំណើរការប្រព័ន្ធនេះ នៅតាមបណ្តាក្រសួង-ស្ថាប័ន កាន់តែរលូន និងល្អប្រសើរ ។

លោកអគ្គលេខាធិការ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានបង្ហាញចំណាប់អារម្មណ៍ និងលើកឡើង អំពីស្ថានភាព នៃការអភិវឌ្ឍសង្គមសេដ្ឋកិច្ច ដោយបានសង្កត់ធ្ងន់ ទៅលើសេចក្តីត្រូវការជាចាំបាច់ នូវការកសាង និងអភិវឌ្ឍធនធានមនុស្ស សម្រាប់ចូលរួមចំណែកអភិវឌ្ឍន៍ប្រទេស ជាពិសេសនៅក្នុងបរិការណ៍នៃសាកលភាវូបនីយកម្ម ដែលកម្ពុជាបាននិងកំពុងសមាហរណកម្មខ្លួនយ៉ាងសកម្ម ក្នុងសហគមន៍សេដ្ឋកិច្ចអាស៊ាន និងអន្តរជាតិ។

ជាមួយគ្នានោះ ការបង្កើនចំនួនអ្នកចេះដឹង គឺជាផ្នែកមួយយ៉ាងសំខាន់ក្នុងការឆ្លើយតបយ៉ាងសមស្របទៅនឹងគោលនយោបាយអភិវឌ្ឍន៍ជាតិ តាមរយៈការបំពេញនូវសេចក្តីត្រូវការនូវយុវជន ប្រកបដោយសក្តានុពល មានចំណេះដឹង ទាំងផ្នែកទ្រឹស្តី និងការអនុវត្ត ហើយនេះជាចន្ទល់មួយយ៉ាងសំខាន់ ក្នុងខណៈដែលកម្ពុជាបាននិងកំពុងប្រឹងប្រែងធានារក្សាស្ថិរភាពនយោបាយ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ឱ្យកាន់តែធានាបាននូវចីរភាព និងបរិយាប័ន្ន។

ថ្លែងក្នុងពិធីនោះលោកអគ្គលេខាធិការ បានគូសបញ្ជាក់ថា ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានផ្តល់ការយកចិត្តទុកដាក់ខ្ពស់លើការបណ្តុះបណ្តាលនិងកសាងសមត្ថភាពមន្រ្តីរាជការ ដែលជាកត្តាគន្លឹះដើម្បីសម្រេចជោគជ័យ ក្នុងការអនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក៏ដូចជាគាំទ្រដល់គោលនយោបាយរបស់រាជរដ្ឋាភិបាល។ ហេតុនេះការផ្តល់វិភាគទានចំណេះ-ដឹង លើវិស័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជូនសិស្ស-និស្សិតដែលជាទំពាំងស្នងឬស្សី ក៏ជាផ្នែកមួយនៃបេសកកម្មរបស់ក្រសួងផងដែរ សំដៅធ្វើយ៉ាងណាផ្សព្វផ្សាយឱ្យបានកាន់តែទូលំទូលាយ ទាំងទ្រឹស្តី បទពិសោធន៍ និងការអនុវត្តក្នុងវិស័យនេះ អាចបន្តដំណើរទៅមុខ បានកាន់តែប្រសើរ សម្រាប់អ្នកបន្តវេនទៅថ្ងៃអនាគត៕