(ភ្នំពេញ)៖ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៧នេះ លោក អ៊ិត សំហេង រដ្ឋមន្ដ្រីក្រសួងការងារ និងលោកស្រី ញ៉ែប រ៉ានី អ៊ិត សំហេង រួមនិងលោក លោកស្រី និងមន្ត្រីរាជការក្រោមឱវាទក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងពុទ្ធបរិស័ទ្ធចំណុះជើងវត្ត បានរួមគ្នាធ្វើបុណ្យកឋិនទានសាមគ្គីដង្ហែរ ទៅវេរប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សានៅទីអារាមវត្ត មហាមន្ត្រី ក្នុងរាជធានីភ្នំពេញ ដើម្បីប្រមូលបច្ច័យ និងទេយ្យវត្ថុ សម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធក្នុងវត្ត និងឧបត្ថម្ភដល់ការសិក្សារបស់សមណសិស្សក្នុងទីអារាម ដែលកំពុងមានការខ្វះខាត ព្រមទាំងរំលែកថវិកាមួយចំនួនយកទៅវេរប្រគេនព្រះសង្ឃ នៅវត្តសារាវន្តតេជោ និងវត្តទួលទំពួង ក្នុងរាជធានីភ្នំពេញ។

លោករដ្ឋមន្ត្រី អ៊ិត សំហេង បានលើកឡើងថា ការដែលលោក រួមជាមួយប្រជាពុទ្ធបរិស័ទ្ធ រៀបចំបុណ្យកឋិនទាននេះឡើង ព្រោះក្រៅពីចង់ថែរក្សាប្រពៃណីវប្បធម៌ ទំនៀមទម្លាប់ តាមបែបព្រះពុទ្ធសាសនាឲ្យគង់វង្ស ក៏ធ្វើឡើងដើម្បីប្រមូលថវិកា ជួយកសាងសមិទ្ធិផលនានា ក្នុងទីអារាមឲ្យកាន់តែរីកលូតលាស់ និងបានរួមចំណែកជួយទ្រទ្រង់ ការសិក្សារបស់សាមណសិស្សផងដែរ។

ចំពោះថវិកាដែលប្រមូលបាន ពីអង្គកឋិនទាននេះ មានចំនួន​ជាង​២០៤លានរៀល ត្រូវបានចែករំលែកទៅវត្ត​៣គឺ វត្តសារាវន្តតេជោ​២០លានរៀល វត្តទួលទំពួង ២០លានរៀល និងវត្តមហាមន្ត្រី​១៦៤លានរៀល៕