(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី២០ ខែតុលានេះ បានបើកកិច្ចប្រជុំជាមួយមន្រ្តីពាក់ព័ន្ធ ដើម្បីដាក់ផែនការ សម្រាប់ការការពារសន្តិសុខ និងការបង្កើតគណៈកម្មការ អនុគណៈកម្មការទទួលបន្ទុករៀបចំ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ អកអំបុក និងការរៀបចំខួបអនុស្សាវរីយ៏លើកទី៦៤ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងទិវាកំណើត នៃកងយោធពលខេមរភូមិន្ទឆ្នាំ២០១៧ ដែលរាជធានីភ្នំពេញជាម្ចាស់ផ្ទះនៃការរៀបចំកម្មវិធីទាំងនោះ។

កិច្ចប្រជុំនេះដែរ ដឹកនាំដោយ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងមានការចូលរួមពី ស្នងការនគរបាលរាជធានី កងរាជអាវុធហត្ថ ព្រមទាំងមន្ត្រីពាក់ព័ន្ធ ក្រោមឱវាទរដ្ឋបាលរាជធានីភ្នំពេញជាច្រើនរូបទៀត។

លោក ឃួង ស្រេង បានគូសបញ្ជាក់ថា ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុកឆ្នាំនេះ នឹងប្រព្រឹត្តទៅរយះពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២ដល់ទី៤ ខែវិច្ឆិកា តាមដងទន្លេសាបមុខព្រះបរមរាជវាំង។ ដើម្បីបើកឱកាសជូនប្រជាពលរដ្ឋចូលរួមកំសាន្ត សប្បាយរីករាយអបអរសាទរបុណ្យប្រពៃណីជាតិ ដោយមានបណ្តែតប្រទីប អុចកាំជ្រួច និងសំដែងសិល្បៈគ្រប់ទាំង៣ថ្ងៃ។

លោកអភិបាល បានណែនាំឱ្យមន្រ្តីគ្រប់ផ្នែកត្រូវយកចិត្តទុកដាក់ បំពេញការងាររៀងខ្លួនឱ្យបានល្អបំផុត ដើម្បីឱ្យព្រះរាជពិធីបុណ្យនេះ ប្រព្រឹត្តិទៅប្រកបដោយភាពសប្បាយរីករាយ និងអធិកអធមក្រៃលែង ស្របតាមលក្ខណៈប្រពៃណីជាតិ និងសភាពការណ៏សេដ្ឋកិច្ច ជាក់ស្តែងរបស់ប្រទេសជាតិ និងធានានូវសុវត្ថិភាពជូនប្រជាពលរដ្ឋ។

ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញ បានណែនាំឲ្យមន្ទីរសាធារណៈការ និងដឹកជញ្ជូនរាជធានីភ្នំពេញ រៀបចំជារោងស្នាក់នៅរបស់កីឡាករ កីឡាការិនី ចំណុះទូក ដែលនឹងមកចូលរួម នឹងត្រូវរៀបចំបង្គន់អនាម័យ ប្រពន្ធ័ទឹក ប្រពន្ធ័ភ្លើងឲ្យបានសមរម្យ ដើម្បីឱ្យពួកគាត់បានសម្រាក់គ្រប់គ្រាន់៕