(ក្រចេះ)៖ កម្លាំងសមត្ថកិច្ចចម្រុះ ដឹកនាំដោយ លោក គែម ហៀង អភិបាលរងស្រុកព្រែកប្រសព្វ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៧នេះ បានចុះបង្រ្កាបបទល្មើសនេសាទខុសច្បាប់នៅចំនុចទំនុបស្រែគ្រោយ ភូមិឬស្សីកែវ និងភូមិស្វាយជ្រុំ ឃុំឬស្សីកែវ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។

លោក បែន ប៊ុនណារ៉ាវុធ នាយផ្នែករដ្ឋបាលជលផល ព្រែកប្រសព្វ បានឲ្យដឹងថា សមត្ថកិច្ចចម្រុះ ចូលរួមបង្រ្កាបនោះរួមមាន៖ គណៈបញ្ជាឯកភាពស្រុក កម្លាំងផ្នែករដ្ឋបាលជលផល ព្រែកប្រសព្វ ប៉ុស្តិ៍រដ្ឋបាលឬស្សីកែវ និងសហគមន៍នេសាទ បានចុះបង្ក្រាបបទល្មើសជលផល ដោយរឹបអុសវត្ថុតាងដុតបំផ្លាញចោលជាច្រើន រួមមាន៖​ របាំងព្រួលស្បៃមុងចំនួន១០ខ្សែប្រវែង ៦៥០ម៉ែត្រ, ​លូស្បៃមុងចំនួន១២មាត់, បង្គោលចម្រឹងឬស្សីចំនួន២៤០ដើម, ចាក់លែងកូនត្រីប្រមាណជិត២០គីឡូក្រាម ចូលក្នុងបឹងធម្មជាតិវិញ។

លោកនាយផ្នែក បន្តទៀតថា កម្លាំងសមត្ថកិច្ចបានដកហូត យកទូកម៉ាស៊ីន ដែលពាក់ព័ន្ធនិងការប្រព្រឹត្តបទល្មើសនេសាទ នៅចំនុចរាំងទឹម ក្នុងបឹងវែងចំនួន១គ្រឿង ប្រវែង៧ម៉ែត្រ ទទឹង១.១០ម៉ែត្រ ជំរៅ០.៤ម៉ែត្រ ចំនួន១គ្រឿង និងម៉ាស៊ីនម៉ាក Yokohama កម្លាំង៦.៥សេសចំនួន១គ្រឿង។

បច្ចុប្បន្ន ទូកនិងម៉ាស៊ីន ត្រូវបានកម្លាំងសមត្ថកិច្ច យកទៅរក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលឬស្សីកែវ ដើម្បីចាត់ការតាមច្បាប់រដ្ឋបាលជលផល៕