(ភ្នំពេញ)៖ ក្រុមហ៊ុននាំចេញអង្ករដ៏ល្បីឈ្មោះរបស់កម្ពុជា ចំនួន២ក្រុមហ៊ុន រួមមានក្រុមហ៊ុន Amru Rice របស់លោកឧកញ៉ា សុង សារ៉ន និងក្រុមហ៊ុន Khmer Food របស់លោកឧកញ៉ា គឹម សាវុធ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៧នេះ បានចុះកិច្ចព្រមព្រៀងសាងសង់ ឃ្លាំងស្ដុកស្រូវ៥ម៉ឺនតោន និងផ្គត់ផ្គង់ឡសម្ងួតស្រូវ ដែលអាចសំងួតបាន១៥០០ តោនក្នុងមួយថ្ងៃ ក្នុងខេត្តចំនួន៣ ដែលបានរៀបចំធ្វើឡើង នៅក្នុងធនាគារអភិវឌ្ឍន៍ជនបទ។

លោក កៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ បានបញ្ជាក់ថា ក្រុមហ៊ុននាំចេញអង្ករដ៏ល្បីឈ្មោះរបស់កម្ពុជាទាំង២ក្រុមហ៊ុននេះ នឹងចាប់ផ្ដើមសាងសង់ឃ្លាំងស្ដុកស្រូវ និងឡសម្ងួតស្រូវរបស់ខ្លួន ចាប់ពីថ្ងៃចុះកិច្ចព្រមព្រៀងនេះតទៅ។

យោងតាមសេចក្ដីប្រកាសព័ត៌មាន ធនាគារអភិវឌ្ឍន៍ជនបទ បានឲ្យដឹងថា ក្រុមហ៊ុននាំចេញអង្ករដ៏ល្បីឈ្មោះរបស់កម្ពុជាទាំង២ក្រុមហ៊ុន ខាងលើនេះ មានទីតាំងរួមមាន៖

១៖ តំបន់ខេត្តកំពង់ធំ

-ក្រុមហ៊ុន អេមរុ រាយស៍ ខេមបូឌា ខូអិលធីឌី (AMRU RICE CAMBODIA Co.,Ltd) ចុះកិច្ចព្រមព្រៀងជាមួយ ក្រុមហ៊ុន INTERNATIONAL RICE ENGINEERING Co.,Ltd ជាភាគី ទទួលបន្ទុកផ្គត់ផ្គង់ម៉ាស៊ីនសម្ងួតស្រូវ ខ្នាត ២៤ម៉ោង ១៥០០ តោន។

- ក្រុមហ៊ុន អេមរុ រាយស៍ ខេមបូឌា ខូអិលធីឌី (AMRU RICE CAMBODIA Co.,Ltd) ចុះកិច្ចព្រមព្រៀងជាមួយ ក្រុមហ៊ុន Y-VAN SERVICE Co.,Ltd ទទួលបន្ទុកលើការគូរប្លង់ និងសាងសង់ឃ្លាំងស្តុកស្រូវចំនួន ៥០ ០០០ តោន និងឡសម្ងួតស្រូវ ចំនួន ១៥០០ តោន។

២៖ តំបន់ខេត្តព្រៃវែង និងខេត្តតាកែវ

-ក្រុមហ៊ុន ខ្មែហ៊្វូត គ្រុប ខូអិលធីឌី (KHMER FOODS GROUP Co.,Ltd) ចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន NOYAKONG GROUP Co.,Ltd ជាភាគីទទួលបន្ទុកផ្គត់ផ្គង់ម៉ាស៊ីនសម្ងួតស្រូវ ខ្នាត ២៤ម៉ោង ១៥០០ តោន។

-ក្រុមហ៊ុន ខ្មែហ៊្វូត គ្រុប ខូអិលធីឌី (KHMER FOODS GROUP Co.,Ltd) ចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន Y-VAN SERVICE Co.,Ltd ទទួលបន្ទុកលើការគូរប្លង់ និងសាងសង់ឃ្លាំងស្តុកស្រូវ ចំនួន ៥០ ០០០តោន និងឡសម្ងួតស្រូវ ចំនួន ១ ៥០០ តោន៕