(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក​ ប​ណ្ឌិត ឈួន ថាវរិន្ទ មេបញ្ជាការរង​កងទ័ពជើងអាកាស​ ចេញញត្តិថ្កោលទោស និងប្រតិកម្មខ្លាំងៗថា បើទោះជា សម រង្ស៊ី ស្រែកទាល់តែស្លាប់ខ្លួន ឬគាស់ខ្មោច សម សារី ជាឪពុក ដែលជាជនក្បត់ជាតិដូចគ្នា​មកទៀត ក៏កងទ័ពទាំងមូល មិនបែរកាណុងមករករាជរដ្ឋាភិបាលស្របច្បាប់ដែរ ព្រោះគ្មានកងទ័ពណាម្នាក់ងាករេទៅតាមសម្តីក្បត់ជាតិរបស់ សម រង្សី ឡើយ ផ្ទុយទៅវិញកងទ័ពទាំងមូល មានតែបែរចុងកាណុងទៅកម្ទេចជនក្បត់ជាតិ សម រង្ស៊ី និង កឹម សុខា ទៅវិញទេ។

មេបញ្ជការរងកងទ័ពជើងអាកាស ឧត្តមសេនីយ៍ឯក បណ្ឌិត ឈួន ថាវរិន្ទ បានសម្តែងប្រតិកម្ម និងខឹងសម្បាជាខ្លាំងចំពោះសម្តីរបស់លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្រ្គោះជាតិ ដែលបានអំពាវនាវឲ្យកងទ័ពងើបបះបោរប្រឆាំងរាជរដ្ឋាភិបាលកម្ពុជា។

ក្នុងញត្តិប្រឆាំងសម្តីរបស់លោក សម រង្ស៊ី Fresh News ទទួលបាននៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៧នេះ ឧត្តមសេនីយ៍ឯក បណ្ឌិត ឈួន ថាវរិន្ទ បានថ្លែងថា កងទ័ពជើងអាកាសទាំងអស់ប្រឆាំងយ៉ាងដាច់អហង្ការចំពោះសម្ដីរបស់លោក សម រង្ស៊ី ដែលប្រកាសអំពាវនាវឲ្យកងកម្លាំងប្រដាប់អាវុធ បែរកាណុងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ របស់សម្តេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា។

​ឧត្តមសេនីយ៍ឯក បណ្ឌិត ឈួន ថាវរិន្ទ បានគូសបញ្ជាក់ថា «ការអំពាវនាវរបស់ទណ្ឌិត សម រង្សី នេះ គឺជាចរិតនៃពូជក្បត់ជាតិ ដែលមានឪពុកជាជនក្បត់ជាតិ ហើយវាបានផ្សារភ្ជាប់យ៉ាងជិតស្និទ្ធទៅនឹងជនក្បត់ជាតិ កឹម សុខា ដែលសារជាតិពួកក្បត់ជាតិ និងពូជក្បត់ជាតិនេះនៅតែក្បត់ ដោយពួកគេរកគ្រប់វិធី ដើម្បីបំផ្លាញសុខសន្តិភាពរបស់ប្រទេសជាតិ និងសេចក្តីសុខរបស់ប្រជាពលរដ្ឋនៅគ្រប់ដង្ហើមចេញចូល តាមរយៈសកម្មភាពញុះញុង បំបែកបំបាក់ លាបពណ៌ បំផ្លិចបំផ្លាញប្រទេសជាតិ»។

​ឧត្តមសេនីយ៍ឯក បណ្ឌិត ឈួន ថាវរិន្ទ បន្តថា «កងទ័ពជើងអាកាសសូមប្រកាសប្តេជ្ញាការពាររាជរដ្ឋាភិបាល ហើយសុំស្ថាប័នតុលាការ ចាត់វិធានការពួកក្បត់ជាតិទាំងនេះឲ្យខាងតែបាន ដោយមិនត្រូវអត់ឱនឲ្យឡើយ»។

សូមបញ្ជាក់ថា ប្រតិកម្មរបស់​ឧត្តមសេនីយ៍ឯក បណ្ឌិត ឈួន ថាវរិន្ទ បានធ្វើឡើងបន្ទាប់ពីបានឃើញវីដេអូរបស់លោក សម រង្ស៊ី ដែលបានថ្លែងជាមួយខ្មែរនៅក្រៅស្រុកថា កងទ័ពកំពុងមានបំណងបះបោរផ្តួលរំលំរាជរដ្ឋាភិបាល។

ក្នុងវីដេអូ ថ្លែងជាមួយប្រជាពលរដ្ឋខ្មែរនៅសហរដ្ឋអាមេរិក កាលពីឆ្នាំ២០១១នោះ លោក សម រង្ស៊ី បានថ្លែងថា កងទ័ព កម្លាំងប្រដាប់អាវុធ មានតែបង្វែរកាណុងទៅកាន់រាជរដ្ឋាភិបាល ព្រោះតែការរស់នៅរបស់ពួកគេកាន់តលំបាកទៅៗ។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានហៅការថ្លែងរបស់លោក សម រង្ស៊ី តាមរយៈវីដេអូនេះថា ជាការផ្សារភ្ជាប់ទៅនឹងវីដេអូរបស់ លោក កឹម សុខា ដែលកំពុងជាប់ចោទពីបទក្បត់ជាតិ ព្រោះតែបង្ហាញគម្រោងផ្តួលរំលំរាជរដ្ឋាភិបាល ដោយឃុបឃិតជាមួយសហរដ្ឋអាមេរិក។

ក្នុងជំនួបជាមួយកម្មករ កម្មការិនីជាង ១ម៉ឺននាក់នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា «មួយទៀតអំពីការអំពាវនាវឱ្យកងទ័ព និងនគរបាល កម្លាំងប្រដាប់អាវុធ ចេញមក ដើម្បីនឹងបង្វែរកាណុងចូល។ នេះគឺនិយាយតាំងពីថ្ងៃ៤ ខែមិថុនា ឆ្នាំ២០១១ ប៉ុន្តែវាផ្សារភ្ជាប់គ្នា ជាមួយនឹង ការនិយាយនៅទីក្រុងណូវែល រដ្ឋម៉ាសាឈូសេត សហរដ្ឋអាមេរិក គេបាននិយាយថា របបហ៊ុនសែន ជិតដួលរលំហើយ ការបះបោរ យើងត្រូវការរៀបចំការណែនាំ ត្រូវការការផ្គត់ផ្គង់ឧបត្ថម្ភ ខ្នងបង្អែក ដើម្បីឱ្យការបះបោរផ្ទុះឡើង និងកងកម្លាំងប្រដាប់អាវុធ បែរចុងកាណុង ផ្តួលរំលំរបបផ្តាច់ការហ៊ុនសែន»៕

ជយោ ! ព្រះរាជាណាចក្រកម្ពុជា, ជយោ ! សម្តេចតេជោ ហ៊ុន សែន៕