(ភ្នំពេញ)៖ សាខាកាំកុងត្រូលតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ដឹកនាំដោយលោក ឆាយ ថូនី អនុប្រធានសាខាទទួលការិយាល័យប្រមូលចំណូល និងទីផ្សារ នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៧នេះ សហការជាមួយមន្រ្តីមន្ទីរពាណិជ្ជកម្មរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យផលិតផលចំណីអាហារ និងគ្រឿងភេសជ្ជៈគ្រប់ប្រភេទនៅក្នុងផ្សារដីហុយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

លោក ឆាយ ថូនី បានឲ្យដឹងថា ការចុះត្រួតពិនិត្យទៅលើផលិតផលចំណីអាហារវេចខ្ចប់ ជាផ្លាស្ទិក ដាក់កំប៉ុង និងបន្លែ ផ្លែឈើ ដើម្បីរកមើលតើមានផ្ទុកនូវសារជាតិគីមីហាមឃាត់ដែលបង្កផលប៉ះពាល់ ដល់សុខភាពអ្នកទទួលទាន។ ពេលចុះត្រួតពិនិត្យមន្រ្តីកាំកុងត្រូល បានធ្វើការត្រួតពិនិត្យរកមើលកាលបរិច្ឆេទ ហួសសុពលភាព ឬមានជាតិថ្នាំហាមឃាត់ ដើម្បីដកហូតយកទៅកម្ទេចចោល។

លោកអនុប្រធាន បានណែនាំដល់អ្នកលក់ និងអ្នកទិញ ត្រូវដឹងពីអត្តសញ្ញាណ ប្រភព អាស័យដ្ឋានរបស់អ្នកដែល យកមកលក់ឲ្យខ្លួន ឬវិក្កយបត្រ ទូទាត់ឲ្យបានត្រឹមត្រូវ ជាព័ត៌មាន ដើម្បីបង្កលក្ខណៈងាយស្រួល ដល់សមត្ថកិច្ចកាំកុងត្រូលក្នុងការចុះស្រាវជ្រាវ និងតាមដាន ដើម្បីមានវិធានការទៅតាមច្បាប់ ចំពោះអ្នកលក់ ឬអ្នកចែកចាយផលិតផលនេះ។

ជាមួយគ្នានោះ លោក ឆាយ ថូនី បានសរសើរដល់ អាជីវករ ដែលដាក់លក់នូវផលិតផលនំ ចំណី អាហារ បន្លែ ផ្លែឈើ មិនមានដាក់តាំងលក់គ្រឿង ដែលហួសសុពលភាព ឬផលិតផលបែក បាក់កំពិត ឬមានជាតិគីមីហាមឃាត់ និងប៉ះពាល់សុខភាពនោះទេ។

លោកបន្តថា ចំណែកអាជីវករលក់គ្រឿងចាប់ ហួយក្នុងផ្សារដីហុយ ក៏ពួកគាត់យល់ពីផលប៉ះពាល់ សុខភាពដល់អ្នកទិញ យកទៅបរិភោគ ដោយពួកគាត់មិនមាន លក់របស់ខូចគុណភាពឡើយ៕