(ព្រះវិហារ)៖ ជនសង្ស័យ២នាក់ ត្រូវបានសមត្ថកិច្ចនគរបាលឃាត់ខ្លួន ខណៈលួចក្បាលគោយន្ត អ្នកស្រុកដឹកតាមរថយន្តទាំងយប់។ ហេតុការណ៍ឃាត់ខ្លួនជនសង្ស័យទាំង២នេះ ធ្វើឡើងកាលពីវេលាម៉ោង១២៖៥០នាទី យប់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៧ នៅចំណុចភូមិចំការសាម៉ូវ សង្កាត់ប៉ាហាល ក្រុងព្រះវិហារ។

លោកវរៈសេនីយ៍ទោ គង់ គា អធិការនគរបាលក្រុងព្រះវិហារ បានថ្លែងប្រាប់ឲ្យដឹងថា ជនសង្ស័យទាំង២នាក់នេះ បានធ្វើសកម្មភាពលួចក្បាលគោយន្ត ប្រជាពលរដ្ឋនៅភូមិពង្រ ឃុំថ្មី ស្រុកគូលែន ហើយបានដឹកតាមរថយន្តចេញមកមិនដឹងទៅណាទេ ដោយទទួលបានព័ត៌មាននេះ ពីអធិការស្រុកគូលែន លោកបានដឹកនាំកម្លាំងពួនស្ទាក់នៅចំណុចខាងលើ លុះមួយសន្ទុះក្រោយមក ក៏ឃើញមុខសញ្ញាបានមកដល់ ហើយក៏ឃាត់ខ្លួនតែម្តងទៅ។

លោកអធិការ បានឲ្យដឹងទៀតថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនមាន ទី១៖ ឈ្មោះ សោ ណាយ ភេទប្រុស អាយុ៤៨ឆ្នាំ និងទី២៖ ឈ្មោះ ញ៉ាណ ញីន ភេទប្រុស អាយុ៣០ឆ្នាំ ជនសង្ស័យទាំង២ រស់នៅភូមិរូង ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ក្នុងនោះធ្វើការដកហូតវត្ថុតាងរួមមាន៖ ក្បាលគោយន្ដ១គ្រឿង និងរថយន្ត១គ្រឿង ម៉ាកតាកូម៉ាមួយបាំងកន្លះឆ្នៃទ្រុង ពណ៌សំបកឪឡឹក ពាក់ស្លាកលេខភ្នំពេញ 2I-8655។ បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅចាត់ការបន្តទៅតាមច្បាប់។

គួរកត់សំគាល់ថា នេះជាព្រឹត្តិការណ៍ ចំឡែកនៅចុងឆ្នាំ២០១៧នេះ ដែលចោរកាលីប២រូបនេះ ជិះរថយន្តដើរលួចសម្ភាររបស់ប្រជាពលរដ្ឋ ដោយមិនញញើតបែបនេះ ដែលករណីនេះ លោក គង់ គា អធិការក្រុងព្រះវិហារ បានធ្វើការអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ ត្រូវប្រុងប្រយ័ត្នចំពោះសម្ភារប្រើប្រាស់ ក៏ដូចជាវត្ថុមានតម្លៃនៅផ្ទះរបស់ខ្លួន ឲ្យបានល្អប្រយ័ត្នកុំឲ្យដូច ករណីខាងលើនេះ នេះសមត្ថកិច្ចចាប់បាន ចុះបើសមត្ថកិច្ចចាប់មិនបានទេ ច្បាស់ជាម្ចាស់មានវិប្បដិសារីមិនខាន៕