(កំពង់ស្ពឺ)៖ លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៧នេះ បានលើកឡើង ឲ្យកងកម្លាំងទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ចំពោះបទល្មើសធនធានធម្មជាតិ ហើយត្រួវរឹតបន្តឹងឲ្យមានប្រសិទ្ធិភាពជាងមុន។

ការលើកឡើងបែបនេះ ធ្វើឡើងក្នុងកិច្ច ប្រជុំផ្សព្វផ្សាយផែនការ ការពាររក្សាសន្យិសុខ សុវត្តិភាព សណ្តាប់ធ្នាប់ក្នុង ពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុកក្នុងខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៧នេះ។

លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេអាវុធហត្ថខេត្តកំពង់ស្ពឺ បានលើកឡើងថា ការងារការពារ និងធានាសុវត្តិភាព ក្នុងបុណ្យអុំទូកដែល រៀបចំដោយរដ្ឋបាលសាលាខេត្ត កម្លាំងសរុបរបស់អាវុធហត្ថទាំងអស់ ត្រូវតែប្រឹងប្រែងការពារឲ្យបានសុវត្តិភាពទាំងស្រុង ជូនពលរដ្ឋដែលបានអញ្ជើញមកកំសាន្តក្នុងឱកាសនោះ។

បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកំពង់ស្ពឺ ប្រកាសពីការរៀបចំកម្មវិធី ប្រណាំងទូកថ្នាក់ខេត្ត ឆ្នាំ២០១៧ ដែលត្រូវប្រារព្ធឡើង នៅថ្ងៃទី២៧-២៨ ខែតុលា ខាងមុខនេះ នៅតាមបណ្ដោយដងស្ទឹងព្រែកត្នោត ខាងជើងសួនច្បារ សម្ដេចព្រះសង្ឃរាជ ជួន ណាត។

ជាមួយគ្នានេះ រដ្ឋបាលខេត្តកំពង់ស្ពឺ ក៏បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ ចូលរួមកំសាន្ដសប្បាយរីករាយ ឲ្យបានច្រើនកុះករ និងអបអរសាទរក្នុងឱកាសដែលប្រទេសជាតិមានសុខសន្ដិភាព និងការអភិវឌ្ឍន៍។

បន្ថែមពីនេះ ក៏សូមជម្រាបជូនដល់ ព្រះតេជគុណ ព្រះចៅអធិការវត្ត លោក-លោកស្រី ប្រធានស្ថាប័ន អង្គភាព អភិបាលក្រុង-ស្រុក ទាំងអស់ត្រៀមរៀបចំទូក ដោយតែងកែលម្អរចនា ទៅតាមក្បូនខ្នាតប្រពៃណី និងរៀបចំចំណុះទូក របស់ខ្លួនដើម្បីហ្វឹកហាត់ ត្រៀមចូលរួមប្រណាំងឲ្យបានច្រើនកុះករ និងអធិកអធម៕