(កំពត)៖ យុវតីម្នាក់បានស្លាប់ភ្លាមៗគួរឲ្យរន្ធត់ ខណៈកំពុងជិះម៉ូតូម្នាក់ឯង ហើយត្រូវរថយន្ត Lexus RX300 បើកបំបុកពីក្រោយចំពេញទំហឹង អូសម៉ូតូនិងមនុស្សជាច្រើនម៉ែត្រ លើផ្លូវជាតិលេខ៣៣ ត្រង់ចំណុចខាងកើតសាលាឃុំត្រពាំងសង្កែ ចម្ងាយ១៥០ម៉ែត្រ ស្ថិតក្មុងភូមិកំពង់កែស ឃុំត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពត នាល្ងាចថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៧។

នគរបាលចរាចរស្រុកទឹកឈូ បានឲ្យដឹងថា មុនកើតហេតុ យុវតីរងគ្រោះ បើកបរម៉ូតូម្នាក់ឯង ម៉ាកC125 ពណ៌ខ្មៅ ក្នុងទិសដៅពីកើតទៅលិច ដោយប្រើល្បឿនបង្គួរ លុះមកដល់ចំណុចគ្រោះថ្នាក់ ក៏មានរថយន្តម៉ាក Lexus RX300 បើកក្នុងល្បឿនលឿនមកពីក្រោយ ក្នុងទិសដៅស្របគ្នា​ពីកើតទៅលិច ស្រាប់តែរថយន្តបង្កក៏ជ្រុលទៅបុកម៉ូតូពីក្រោយចំពេញទំហឹង រួចក៏រេចង្កូចទៅផ្នែកខាងឆ្វេងដៃព្រមទាំង បានអូសទាំងម៉ូតូ និងជនរងគ្រោះទៅជាមួយចម្ងាយប្រមាណ២០ម៉ែត្រ ទើបបន្តទៅបុកដើមស្ចាយបាក់អស់មួយដើមនៅក្បែរចិញ្ចើមផ្លូវ រថយន្តបង្កទៅមុខលែងរួច ហើយបណ្តាលឲ្យយុវតីជាអ្នកបើកបរម៉ូតូ បានស្លាប់នៅនឹងកន្លែងកើតហេតុ។ រីឯអ្នកបើកបររថយន្ត ក៏បានចុះរត់គេចខ្កួនបាត់ស្រមោលភ្លាមៗដោយបន្សល់ទុករថយន្តនៅកន្លែងកើតហេតុ។

នគរបាលដដែល បានឲ្យដឹងទៀតថា យុវតីរងគ្រោះ ឈ្មោះ យន់ ស្រីសុខ អាយុ១៤ឆ្នាំ មានទីលំនៅភូមិបុសញិញ ឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត។ ជនរងគ្រោះជិះម៉ូតូ ម៉ាក C125 ពណ៌ខ្មៅ សេរីឆ្នាំ2009 ពាក់ស្លាកលេខ កំពត 1C-0828។ ចំណែករថយន្តបង្ក ម៉ាក Lexus RX300 ពណ៌ស ពាក់ស្លាកលេខ ស្វាយរៀង 2A-2345។
បច្ចុប្បន្ន សពយុវតីរងគ្រោះ ត្រូវបានក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី។ ចំពោះមធ្យោបាយពាក់ព័ន្ធ ត្រូវសមត្ថកិច្ចចរាចរណ៍ស្រុក បាននាំយកទៅរក្សាទុក នៅក្នុងអធិការដ្ឋាននគរបាលស្រុកទឹកឈូ ដើម្បីស្រាវជ្រាវរកម្ចាស់ឲ្យចូលខ្លួនមកដោះស្រាយគ្នា តាមច្បាប់ចរាចរណ៍ផ្លូវគោក៕