(ភ្នំពេញ)៖ បន្ទាប់ពីអង្គភាពព័ត៌មាន Fresh News បានចេញផ្សាយលិខិតមិត្តអ្នកអានដែលមានចំណងជើងថា «ទូតអាមេរិក កំពុងតែកុហកប្រជាជនកម្ពុជា និងពិភពលោកទាំងមូល» ភា្លមៗនៅរសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៧នេះ បានចេញមកសម្ដែងការគាំទ្រយ៉ាងពេញទំហឹង ហើយអះអាងថា អាមេរិកទម្លាក់គ្រាប់បែកមកលើទឹកដីកម្ពុជា បណ្ដាលឲ្យពលរដ្ឋស្លូតត្រង់របស់កម្ពុជា ជាច្រើននាក់ស្លាប់ និងរងគ្រោះយ៉ាងវេទនាជាទីបំផុត។

លោក ហូ សិទ្ធី បានប្រាប់បណ្ដាញព័ត៌មាន Fresh News យ៉ាងដូច្នេះថា «ខ្ញុំពិតជាគាំទ្រលើខ្លឹមសារទាំងស្រុង នៅក្នុងលិខិតមិត្តអ្នកអានដែល Fresh News បានចុះសរសេរដោយឈ្មោះ ពោល ពានរិន្ទ អ្នកតាមដានសភាពការណ៍នយោបាយនៅកម្ពុជា ដែលបាននិយាយថា ទូតអាមេរិក កំពុងតែកុហកប្រជាជនកម្ពុជា និងពិភពលោកទាំងមូល»

លោក ហូ សិទ្ធី បានបន្តបញ្ជាក់ទៀតថា «អាមេរិកទម្លាក់គ្រាប់បែកនៅកម្ពុជា គឺស្លាប់ពលរដ្ឋកម្ពុជា មិនមែនគ្រាប់បែករបស់អាមេរិកទម្លាក់មក ចេញជាស្ករគ្រាប់ ឲ្យក្មេងៗនោះឡើយ»

ខាងក្រោមនេះជាខ្លឹមសារទាំងស្រុង លិខិតមិត្តអ្នកអាន «ទូតអាមេរិកកំពុងតែកុហកប្រជាជនកម្ពុជា និងពិភពលោកទាំងមូល»ពិតជាគួរឱ្យសោកស្តាយជាទីបំផុតដែល វិល្លៀម ហេដ ទូតអាមេរិកប្រចាំកម្ពុជា តំណាងឱ្យសំឡេងមហាអំណាចពិភពលោក ល្បីល្បាញខាងការអនុវត្តសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ បែរជាបន្តភូតកុហកប្រជាជនកម្ពុជា និងភិពពលោកទាំងមូលថា គ្រាប់បែក គីមីដែលរកឃើញក្នុងខេត្តស្វាយរៀង កាកសំណល់សង្គ្រាមរបស់អាមេរិក នៅកម្ពុជា គឺគ្រាន់តែជាឧស្ម័នបង្ហូរទឹកភ្នែក ខណៈប្រជាពលរដ្ឋនៅក្នុងតំបន់នោះ បានរងគ្រោះជាច្រើនទសវត្សរ៍មកហើយ និងបានបន្សល់ទុកនូវផលប៉ះពាល់សុខភាពរ៉ាំរ៉ៃដល់អ្នកភូមិ ក្នុងតំបន់នោះ។

ដើម្បីរំដោះទុក្ខវេទនារបស់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីសារធាតុគីមី នៃគ្រាប់បែកទាំងនោះរាជរដ្ឋាភិបាលកម្ពុជាបានសម្រេច ដោយមិនរង់ចាំការឆ្លើយតបរបស់អាមេរិកតទៅទៀត ក្នុងការបោសសម្អាតចាប់ពីថ្ងៃទី១ ខែតុលា ឆ្នាំ២០១៧ហើយក៏បានរកឃើញទីតាំងផ្សេងៗជាច្រើនកន្លែងទៀតក្នុងភូមិសាស្ត្រដដែល ដោយសារតែប្រជាពលរដ្ឋ១៩ នាក់ដែលរងផលប៉ះពាល់សារធាតុគីមីទាំងនោះ។

ទូតអាមេរិកកំពុងតែកុហកពិភពលោកថា ការទម្លាក់គ្រាប់បែកជិត៣លានតោនកម្ទេចកម្ពុជាគឺជាការត្រឹមត្រូវមែនទេ? នេះគឺគ្រាន់តែជាការគេចវេសរបស់អាមេរិកទទួលស្គាល់កំហុសខ្លួន និងព្យាយាមទម្លាក់កំហុសលើប្រទេសផ្សេងរឿងគ្រាប់បែក និងគ្រាប់មីននៅកម្ពុជា! នេះ ឬរបៀបទទួលខុសត្រូវរបស់មហាអំណាច? អាមេរិកបានបន្តកុហកពិភពលោកថា ខ្លួនគឺជាឥសីប្រស់ជីវិតពលរដ្ឋខ្មែររាប់ម៉ឺននាក់ស្លាប់ដោយគ្រាប់បែកចង្កោមនិងគ្រាប់បែកគីមី។

អាមេរិកក៏កំពុងតែកុហកពលរដ្ឋខ្មែរថា គ្រាប់បែកដែលខ្លួនទម្លាក់នៅកម្ពុជា គឺជាសព្វាវុធធម្មតាមិនមែនជាគ្រាប់បែកចង្កោម និងអាវុធគីមីដែលបង្កផលប៉ះពាល់ដល់សុខភាព សម្លាប់ជីវិតមនុស្សនោះទេ! ទំនងក៏អាមេរិកគិតថា គ្រាប់បែកជាច្រើនលានតោន ដែលអាមេរិកទម្លាក់កម្ទេចប្រទេសកម្ពុជា សម្លាប់ប្រជាជនកម្ពុជារាប់ម៉ឺននាក់ និងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ និងធនធាន ធម្មជាតិដីស្រែចម្ការរបស់ប្រជាពលរដ្ឋខ្មែរ គឺគ្រាន់តែជាភ្លើងលម្អប៉ុណ្ណោះ? ឬអាមេរិកគិតថារណ្តៅគ្រាប់បែកដូចរូងបាយខុំ គ្រាប់បែកជាច្រើនម៉ឺនសែនគ្រាប់ដែលកប់ក្នុងដី រាយប៉ាយនៅក្នុងតំបន់នានាបន្សល់ទុកមកដល់សព្វថ្ងៃនេះគ្រាន់តែជាកូនក្មេង ជីកកប់គ្រាប់បែកជ័យលេងទេ?

ទូតអាមេរិក វិល្លៀម ហេដ បានព្យាយាមលើកគុណបំណាច់ នៃជំនួយរបស់ខ្លួនក្នុងការដោះមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនៅកម្ពុជាដោយថា អាមេរិកបានផ្តល់ជំនួយជាង ១៣១ លានដុល្លារ។ ថវិកា ១៣១ លានដុល្លារសម្រាប់គ្រាប់បែកជិត ៣ លានតោនដែលបានទម្លាក់មកលើទឹកដីកម្ពុជា ពោលគឺក្នុងមួយតោនគ្រាប់បែក ថវិកាដែលត្រូវប្រើប្រាស់ដើម្បីបោសសម្អាតកាកសំណល់តែប្រមាណជាង ៤៦ ដុល្លារ ប៉ុណ្ណោះ។ តើជំនួយនេះវាស៊ីគ្នានឹងទំហំគ្រាប់បែកទេ? ជំនួយនេះវាស្មើនឹងការសម្លាប់ ជីវិតពលរដ្ឋខ្មែរ សត្វ រុក្ខជាតិតាំងពីពេលសង្គ្រាមរហូតមកទល់ពេលនេះទេ? នេះឬជា របៀបនៃការគិតគូររបស់មហាអំណាចមួយដែលតាំងខ្លួនជាបងធំពិភពលោកផ្នែក សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ? ពិតជាគួរឱ្យសោកស្តាយ!

ទន្ទឹមនឹងព្យាយាមតាំងខ្លួនជាឪរបស់កម្ពុជា ទូតអាមេរិក វិល្លៀម ហេដ បាននិងកំពុងប្រាប់ពលរដ្ឋខ្មែរដែលជាជនរងគ្រោះពីការទម្លាក់គ្រាប់បែកថា អាមេរិកបានជួយខ្មែរឱ្យស្វែងរកសេរីភាព សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យដូចដែលប្រទេសមួយនេះបានធ្វើជាមួយប្រទេសមួយចំនួនទៀតក្នុងពិភពលោករួមមានអាហ្វានីស្ថាន អឺរ៉ុក ស៊ីរី ឬលីប៊ីជាដើម។ ទូតអាមេរិក កំពុងបន្តក្លែងខ្លួនពីអ្នកទម្លាក់គ្រាប់បែក សម្លាប់ខ្មែររាប់ម៉ឺននាក់មកជាអ្នកជួយសង្គ្រោះ! ពាក្យសង្គ្រោះនេះក៏ត្រូវបានក្រុមអ្នក នយោបាយខ្មែរមួយចំនួនរួមមាន សម រង្ស៊ី កឹម សុខា ជាដើមបានយកមកប្រើដើម្បី បោកប្រាសប្រជាពលរដ្ឋ តាំងខ្លួនជាអ្នកសង្គ្រោះជាតិក្នុងសុខសន្តិភាព ប៉ុន្តែពួកគេបានសម្ងំលាក់ខ្លួនរស់នៅយ៉ាងហ៊ឺហារនៅឯបរទេស នៅពេលដែលពលរដ្ឋខ្មែររង គ្រោះវេទនាក្នុងសោកនាដកម្មបង្កឡើងដោយរបបខ្មែរក្រហម។ ខ្មែរក្រហមមាន
កម្លាំងតស៊ូឈានដល់ឡើងកាន់អំណាចនៅកម្ពុជាមួយផ្នែកដោយសារតែប្រជាពល រដ្ឋខ្មែរឈឺចាប់នឹងការទម្លាក់គ្រាប់បែករបស់អាមេរិក បំផ្លាញក្រុមគ្រួសារ ផ្ទះសម្បែង ផលដំណាំ និងជីវិតបងប្អូនរបស់ពួកគេ។ នេះគឺជាការពិតដែល វិល្លៀម ហេដ គួរ ហ៊ានទទួលស្គាល់ការពិត។

ជនរងគ្រោះខ្មែរដឹងច្បាស់ណាស់ថា អាមេរិកគឺជាអ្នកសម្លាប់ពួកគេដោយការ ទម្លាក់គ្រាប់បែក! មហាអំណាចអាមេរិកកុំគិតថាខ្លួនធ្វើអ្វីក៏ត្រូវឱ្យសោះ! ពិភពលោកដឹងច្បាស់ថា អាមេរិកបានប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ! ពិភពលោកក៏ដឹងថា អាមេរិកក៏មិនហ៊ានចូលជាសមាជិកនៃតុលាការ ព្រហ្មទណ្ឌអន្តរជាតិ (ICC) ហើយក៏អាមេរិកបានចរចាជាមួយប្រទេសនានាកុំឱ្យប្តឹង ទាហានខ្លួនពេលប្រព្រឹត្តឧក្រិដ្ឋកម្មទាំងអស់នេះដែរ។ នេះឬជាមហាអំណាចគំរូនោះ?
អាមេរិកពិតជាគ្មានការអៀនខ្មាសដែលមិនទទួលខុសត្រូវទង្វើឧក្រិដ្ឋកម្មរបស់ខ្លួន!

តើអាមេរិកនៅបន្តកុហកពិភពលោកថា គ្រាប់បែកខ្លួនជាគ្រាប់បែកសិទ្ធិមនុស្សនិងប្រជាធិបតេយ្យ មិនមែនជាគ្រាប់បែកមហាប្រល័យដល់ណាទៀត?

រាស្ត្រខ្មែរពិតជាសោកស្តាយ ដែលអាមេរិកគ្មានភាពទទួលខុសត្រូវចំពោះសោកនាដកម្ម នៃការទម្លាក់គ្រាប់បែកលើកម្ពុជា! អាមេរិកកំពុងប្រាប់ពិភពលោកថាការទម្លាក់គ្រាប់បែកខ្លួនដើម្បីកសាងសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ! អាមេរិកទម្លាក់គ្រាប់បែកលើកម្ពុជាជាង ៣លានតោនមិនបាននិយាយពីសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យឡើយ! អាមេរិកទម្លាក់គ្រាប់បែកចង្កោមនិងគីមីលើកម្ពុជា ហើយបែរជាប្រាប់យើងថាអ្នកអាចមានសមត្ថភាពគ្រប់គ្រងហានិភ័យខ្លួនឯងបាន។ តើគួរឱ្យអាម៉ាសទេ ខណៈសន្ធិសញ្ញាអន្តរជាតិ អាមេរិកត្រូវមានកាតព្វកិច្ចក្នុងការបោសសម្អាត កាលសំណល់អាវុធគីមីរបស់ខ្លួននេះ។

បើទូតអាមេរិក វិល្លៀម ហេដ ថាមិនមែនជាគ្រាប់បែកគីមី សូមអញ្ជើញឯកឧត្តមទៅមើលផ្ទាល់ភ្នែក ដោយមិនចាំបាច់ពាក់ម៉ាស ស្រោមដៃ និងអាវការពារទេ! តើកឯកឧត្តមទូតហ៊ានទេ! កម្ពុជាមានសេចក្តីឈឺចាប់បំផុតចំពោះការបំពានរបស់បរទេសមកលើឯករាជភាព និងបូរណភាពដែនដីខ្លួន និងកាន់តែឈឺចាប់ខ្លាំងបំផុត នៅពេលដែលអាមេរិកទម្លាក់គ្រាប់បែកចង្កោម គ្រាប់បែកគីមីជិតបីលានតោន ហើយបែរជាប្រាប់យើងថា ជាគ្រាប់បែកធម្មតា ឬជាឧស្ម័នបង្ហូរទឹកភ្នែក។ បើជាឧស្ម័ន បង្ហូរទឹកភ្នែក ម្ល៉េះសមគ្មានការស្លាប់ប្រជាជនគរជើងគ្នាក្នុងសម័យសង្គ្រាមឡើយ បើជាឧស្ម័នបង្ហូរទឹកភ្នែក ម្ល៉េះសមស្លឹកឈើមិនជ្រុះដោយងាយឡើយ បើមិនមែនជា គ្រាប់បែកគីមីពណ៌ទឹកក្រូច ក៏ប្រទេសវៀតណាម និងឡាវ រួមនឹងពិភពលោក មិនតវ៉ាប្រឆាំងនឹងការប្រើប្រាស់គ្រាប់បែកគីមី និងសារធាតុគីមីគ្រោះថ្នាក់ទាំងនេះដែរ!
កម្ពុជាមិនមែនជាកូនក្មេងបៀមដៃ ដែលអាមេរិកអាច បង្វិលគ្រប់ពេលបាននោះទេ!

ដោយ ពល ពានរិន្ទ
អ្នកតាមដានសភាពការណ៍នយោបាយកម្ពុជា
ខេត្តកណ្តាល ថ្ងៃទី២០ ខែតុលា ឆ្នាំ ២០១៧