(ភ្នំពេញ)៖ លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា (ស៉ីម៉ាក់) បានចាត់ទុកសេចក្តីថ្លែងការណ៍ របស់ស្ថានទូតអាមេរិក ប្រចាំកម្ពុជា ដែលអះអាងថា គ្រាប់បែកដែលរកឃើញ នៅ​ខេត្តស្វាយរៀង គឺជាគ្រាប់បែកបង្ហៀរទឹកភ្នែកធម្មតា គឺជាការប្រមាថដ៏ធ្ងន់ធ្ងរបំផុត ចំពោះប្រជាពលរដ្ឋខ្មែរដែលបានស្លាប់ និងកំពុងរស់នៅរងទុក្ខវេទនា ដោយសារគ្រាប់បែកគីមី របស់អាមេរិកនេះ។

ជាមួយគ្នានេះ លោក ហេង រតនា បានបង្ហាញការហួសចិត្ត និងចំអកដល់ស្ថានទូតអាមរិក ដែលចេញសេចក្តីថ្លែងការណ៍ថា ប្រទេស និងប្រជាជនកម្ពុជា ពិតជាមានមហាសំណាង​ណាស់​ ប្រសិនបើសម័យសង្គ្រាមអាមេរិក ទំលាក់គ្រាប់បែកឧស្ម័នបង្ហៀរទឹកភ្នែក នៅតាមសមភូមិព្រៃក្រាស់ៗ​ ដើម្បីកុំឲ្យស្លាប់មនុស្ស​ ឲ្យត្រឹមតែហៀរទឹកភ្នែក? អញ្ចឹងហើយបានជារាស្ត្រខែ្មរ នៅតែសំបូរទឹកភ្នែកហូរ មិនចេះចប់សោះ!!​ កោតតែនិយាយថ្លែងការណ៍បែបនេះ ទៅរួច​ហួសចិត្ត​!។

លោក ហេង រតនា បានប្រាប់អង្គភាពព័ត៌មាន Fresh News នៅរសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០០១៧នេះថា «ខ្ញុំយល់ថា​ សេចកី្តថ្លែងការណ៍នេះ​ មានចេតនាប្រមាថ ដល់ប្រជាពលរដ្ឋខែ្មរដែលបានស្លាប់​ និងកំពុងរស់នៅរងទុក្ខវេទនាដោយសារអាវុធគីមីនេះ​ ជាពិសេសប្រមាថ ដល់កងកំលាំងដែលប្តូរជីវិត ដើម្បីរំដោះគ្រាប់បែកជាអាវុធគីមីផ្ទាល់តែម្តង​ ដែលមានអ្នកខ្លះកំពុងធ្លាក់ខ្លួនឈឺនៅឡើយ។​ យោងតាមស្មារតី នៃអនុសញ្ញាអន្តរជាតិ ស្តីពីអាវុធគីមី​ រដ្ឋដែលរងគ្រោះ​ និងរដ្ឋដែលបានប្រើប្រាស់​ (បោះបង់ចោល)​ នៅលើដែនដីរដ្ឋដទៃ​ ត្រូវផ្តល់ព័ត៌មានលំអិតទៅក្រុមបច្ចេកទេស នៃលេខាធិការនៅក្រុងឡាអេ​ ប្រទេសហូឡង់​។​ យើងត្រូវការយុតិ្តធម៌​ សច្ចធម៌​ សីលធម៌ និងការទទួលខុសត្រូវ»។​

អគ្គនាយកស៉ីម៉ាក់រូបនេះ បានលើកឡើងទៀតថា «ខ្លួនខ្ញុំផ្ទាល់គាំទ្រឆន្ទះសហការជាដៃគូ​ល្អ​ តែច្រានចោលដាច់ខាត នូវវប្បធម៌លាបពណ៌ និងបង្វែរការទទួលខុសត្រូវ។​ យើងសង្ឃឹមមុតមាំក្នុងការបន្តបេសកកម្ម​ បោសសំអាតគ្រាប់បែកទំលាក់គ្រប់ ប្រភេទរបស់អាមេរិក​ ដើម្បីសុខសុវត្ថិភាព​ សន្តិភាព​ជូនប្រជាជន និងប្រទេសជាតិដ៍កំសត់នេះ​។​ ហើយជាមួយសហរដ្ឋអាមេរិក​ យើងចង់បានរួមគ្នា​ សំរេចឲ្យបាន គឺ១​៖​ បោសសំអាតនូវឃាតករ សំណល់សង្គ្រាមដែលជាមរតក ដ៍អាក្រក់​បន្តសម្លាប់ និងរាំងស្ទះដល់ការអភិវ្ឍន៍ប្រទេសកម្ពុជាឡើងវិញ។ ២៖​ ទប់ស្កាត់ការវិលត្រឡប់ និងការកសាងជាថ្មីនៃមរតកដ៍ឃោរឃៅ អមនុស្សជាតិនេះ​នៅលើទឹកដីនៃកម្ពុជា និងទី៣៖​ ដើម្បីកសាងសុខដុមរម្យនីយកម្ម​ប្រជាជន និងប្រទេសទាំង២ សំរាប់អនាគតមួយរុងរឿង»

សូមជម្រាបថា បើតាមលោក ហេង រតនា អាមេរិកបានទំលាក់គ្រាប់បែកនៅកម្ពុជា មានកាកសំណល់ជាតិផ្ទុះសង្គ្រាម​មានចំនួនច្រើន ឥតគណនាបានបន្តសម្លាប់កូនចៅខែ្មរទាំងក្នុង និងក្រោយសង្គ្រាមបានបញ្ចប់។​ ក្នុងនោះសហរដ្ឋអាមេរិក បានទំលាក់គ្រាប់បែកនៅកម្ពុជា តាមទិន្នន័យមិនទាន់ពេញលេញ គឺ​មានចំនួន១១៥​.២៧៥ទីតាំង ​(ឬកំណត់ត្រា)​ មានការហោះហើរទំលាក់ចំនួន ២៣០.៥៤៤លើក​ មានចំនួនគ្រាប់ទំលាក់ចំនួនជាង២លាន៥៩ម៉ឺនគ្រាប់​ មានទំងន់ជាង២លាន៨សែនតោន​ (២,៨០៣,៨៦៨,១៥២​គីឡូក្រាម)​ ក្នុងនោះមានគ្រាប់បែកចង្កោម គិតជាកូនគ្រាប់បែកចង្កោមចំនួន​ជាង២៧លាន៩សែនគ្រាប់​។ ដោយឡែកគ្រាប់បែកជាអាវុធគីមី ប្រភេទពណ៌ទឹកក្រូច និងប្រភេទអាវុធគីមីមួយចំនួនទៀត មិនសិ្ថតក្នុងទិន្នន័យនេះនៅឡើយទេ!
ខាងលើនេះជាការពិតជាក់ស្តែង​ ដែលបានកើតលើប្រជាជន និងប្រទេសដ៍កំសត់មួយនេះ៕