(កណ្តាល)៖ ក្រោយពីមានការសំណូមពរពីអាជីវករលក់ដូរ នៅតាមបណ្តោយផ្លូវបេតុងខាងក្រោយផ្សារស្អាងខាងជើង សូមឲ្យលោកអភិបាលខេត្តកណ្តាល លោក ម៉ៅ ភិរុណ ជួយធ្វើដំបូលគ្របផ្លូវបេតុង ជូនពួកគាត់នោះ ត្រូវបានលោកបណ្ឌិត ម៉ៅ ភិរុណ អញ្ជើញចុះទៅពិនិត្យមើលរួចហើយ ដោយបានសម្រេចឲ្យធ្វើដំបូល ខណៈមានអាជីវករកំពុងលក់ដូរ ជំទាស់សូមមិនឲ្យរុះរើនោះទេ ព្រោះពួកមានដំបូលរួចហើយ ព្រោះការធ្វើដំបូលថ្មីនេះ ពួកគាត់ខ្លាចប៉ះពាល់ដល់មុខរបរ ដែលពួកគាត់កំពុងប្រកបសព្វថ្ងៃ។

ពាក់ព័ន្ធនឹងការស្នើសុំមិនឲ្យរុះរើស្ថាបនាដំបូលថ្មីនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៧នេះ លោក ជឺ គឹមហៃ ប្រធានគណៈកម្មការផ្សារស្អាង និងជាអភិបាលរងស្រុកស្អាង បានមានមតិដោយពន្យល់បងប្អូនអាជីវករថា ការស្ថាបនាដំបូលគ្របផ្លូវនេះ មិនបង្កឲ្យប៉ះពាលដល់បងប្អូនកំពុង ប្រកបរបរលក់ដូរនោះទេ ហើយក្រោយពីស្ថាបនារួច បងប្អូន និងទទួលបានប្រយោជន៍ពីការធ្វើ
ដំបូលនេះយ៉ាងច្រើន ព្រោះនៅពេលមានភ្លៀងធ្លាក់បងប្អូន មិនមានការភ័យព្រួយខ្លាចទទឹក ឬហូរចូលបន្លែបង្ការរបស់បងប្អូនឡើយ ដូច្នេះវាធ្វើឲ្យបងប្អូនចំណេញពេលវេលាលក់ដូរ។

ជាមួយគ្នានោះលោក ប៉ោ សេង អ្នកវិនិយោគផ្សារស្អាង បានឡើងពន្យល់ពីរបៀបធ្វើដំបូល គ្របផ្លូវបេតុងខាងក្រោយផ្សារនោះឲ្យបងប្អូនបានយល់។ ទោះបីយ៉ាងណាក៏អាជីវករនៅតែជំទាស់នៃការរុះរើ ដំបូលដែលពួកគាត់មានស្រាប់ និងទទូចសុំកុំឲ្យស្ថាបនាដំបូលថ្មីអីធ្វើឲ្យខាត ទាំងថវិការដ្ឋ និងប៉ះដល់ពួកគាត់ជាអាជីវករកំពុងប្រកបរបរលក់ដូរផងដែរ ព្រោះដំបូលមានស្រាប់។

ស្ត្រីជាអាជីវករម្នាក់ បានលើកឡើងថា កន្លែងលក់ដូររបស់គាត់មានស្ថានភាពតូចចង្អៀត ប៉ុន្តែគាត់មិនជំទាស់ និងការស្ថាបនាដំបូលនោះទេ តែក្រោយពីសាងសង់រួច បើគាត់លក់លានលយបន្តិចបន្តួច សូមអនុគ្រោះដល់គាត់ផង ហើយគាត់សង្ឃឹមថា លោក ប៉ោ សេង និងអនុគ្រោះដល់គាត់ព្រោះលោក ប៉ោ សេង ជាអ្នកធ្វើបុណ្យធ្វើទាន ហើយពេលឃើញបងប្អូន
ណាទីទ័លលោកតែងតែជួយជាបន្តបន្ទាប់។

ជាមួយគ្នានោះដែរ លោក ញឹម វណ្ណឌិន អភិបាលស្រុកស្អាង បានថ្លែងពន្យល់ដល់បងប្អូនអាជីវករបន្ថែមទៀត ពីសារៈប្រយោជន៍នៃការធ្វើដំបូលគ្របផ្លូវបេតុងខាងក្រោយផ្សារនេះ គឺបងប្អូនងាយស្រួលមិនត្រូវភ្លៀង មិនត្រូវថ្ងៃ ចំណែកឯផ្សារ ក៏មើលទៅមានសោភ័ណ្ឌភាពល្អប្រណីតផងដែរ ដោយដំបូល និងសរសរវារត់ជួរតែមួយប៉ប និងដងផ្លូវងាយស្រួលទាំងធ្វើដំណើរ
ចេញចូលផ្សារ ជាពិសេសបើមានគ្រោះអគ្គិភ័យ ដោយយថាហេតុនោះ យើងងាយស្រួលនិងជួយសង្គ្រោះ ហើយជាមួយគ្នានោះ លោកបានបញ្ជាឲ្យគណកម្មការ ផ្សារទៅសហការជាមួយផ្នែកអគ្គិសនីស្អាង ដើម្បីរៀបចំរកកន្លែងដាក់កុងទ័រភ្លើងផងដែរ។

ក្រោយពីស្តាប់ការពន្យល់រួចមកអាជីវករ ក៏បានឯកភាពឲ្យស្ថាបនាដំបូលផ្លូវនេះ ហើយលោកអភិបាលស្រុក បានថ្លែងអំណរគុណដល់បងប្អូនអាជីវករ ដែលបានយល់ពីការយកចិត្តទុករបស់អាជ្ញាធរ ជាពិសេសលោកបណ្ឌិត ម៉ៅ ភិរុណ ដែលលោកតែងតែយកចិត្តទុកដាក់ចំពោះសុខទុកពលរដ្ឋនោះ។

ពាក់ព័ន្ធនឹងការធ្វើដំបូលគ្របផ្លូវបេតុងនេះដែរ លោក ប៉ោ សេង បានចំណាយថវិកាផ្ទាល់ខ្លួនជាង២ម៉ឺនដុល្លារសហរដ្ឋអាមេរិក ព្រោះការធ្វើដំបូលនេះ លោកបណ្ឌិត ម៉ៅ ភិរុណ បានឲ្យលោក ប៉ោ សេង ជាអ្នកធ្វើសិនចំណែកឯថវិកាខេត្ត និងដោះស្រាយតាមក្រោយ៕