(ត្បូងឃ្មុំ)៖ ក្រុមត្រួតពិនិត្យប្រេងឥន្ធនៈ ​របស់​អគ្គនាយក​ដ្ឋាន​កាំកុងត្រូល នៃក្រសួងពាណិជ្ជកម្ម តាមរយៈរថយន្តមន្ទីរពិសោធន៍ប្រេងឥន្ធនៈចល័ត ដឹកនាំ​ដោយ​ លោក គឿន ភិរុណ ជាអនុប្រធាន នាយកដ្ឋាន​ សហការជាមួយមន្រ្តីជំនាញ របស់មន្ទីពិសោធន៍ លោក មាស មោរ៉ា ប្រធានសាខាកាំកុងត្រូល​ខេត្តត្បូងឃ្មុំ និងមន្ទីរពាណិជ្ជកម្មខេត្ត បាន​ចុះ​ត្រួតពិនិត្យ​បរិមាណ និងគុណភាព​ប្រេង​ឥន្ធនៈ​នៅតាមស្ថានីយ និងដេប៉ូ​មួយចំនួន​ ​ដែល​មានទីតាំងនៅស្រុកមេមត់ និងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ក្នុង​គោល​​​បំណង​ការពារ​ផល​ប្រយោជន៍ ​សេដ្ឋ​កិច្ច​​អ្នក​ប្រើ​ប្រាស់​​ ការពារគ្រឿងម៉ាស៊ីន នៃយាន​ជំនិះ​គ្រប់​ប្រ​ភេទ និងការពារបរិស្ថាន ដែល​កើតចេញ​ពី​ចំហេះ​ប្រេងឥន្ធនៈ​មិនសមស្រប និង ពិសេសដើម្បីទប់ស្កាត់ការ​កែ្លង​បន្លំ​។

ការត្រួតពិនិត្យគុណភាព និងបរិមាណនេះ ធ្វើឡើងរយៈពេល២ថ្ងៃ នៅថៃ្ងទី១៨ និង១៩ ខែ តុលា ឆ្នាំ២០១៧ ដោយផ្នែកទៅលើឧបករណ៍ ត្រួតពិនិត្យនៅនឹងកន្លែង ដូច​ជា ​ធុង​ក្រឹត​មាន​មាឌ​ជាក់​លាក់​​សម្រាប់វាស់បរិមាណប្រេងដែលបាញ់ចេញពីកុងទ័រ តាមទំហំផ្សេងខុសគ្នាមានចំណុះ ២លីត្រ ៥លីត្រ ១០លីត្រ និង​២០​លីត្រ​។ ចំណែកសន្ទស្ស៍អុកតាន និងសេតានវិញ គឺប្រើ​ឧបករណ៍​ក្នុង​រថ​យន្ត​មន្ទីពិសោធន៍ចល័ត។

ជាលទ្ធផលនៃការត្រួតពិនិត្យគុណភាព និងបរិមាណប្រេងឥន្ធនៈ របស់ស្ថានីយក្រុមហ៊ុន និងដេប៉ូ ទាំង១១ កន្លែង​នៅទីតាំង​ខាង​លើ​​នេះគឺ​មាន ស្ថានីយក្រុមហ៊ុន០២កន្លែង ដែលមាន​អនុលោមភាពលើ​ផ្នែក​គុណភាព និងរង្វាស់រង្វាល់ ចំណែកស្ថានីយក្រុមហ៊ុន និងដេប៉ូ ០៩ កន្លែងទៀត មានកង្វះ​បរិមាណ​ប្រេងមិន​ត្រឹមត្រូវតាម​បទដ្ឋាន​រង្វាស់​រង្វាល់​ឡើយ។

លើសពីនោះ ស្ថានីយក្រុមហ៊ុន និងដេប៉ូទាំងនោះ ថែមទាំងបាន​លក់​ប្រេង​ធម្មតា (​Regular) ជាប្រេង​ស៊ុបពែរ​ (Super) ទៅអ្នក​ប្រើប្រាស់។

ក្រុមមន្ត្រី​ត្រួត​ពិនិត្យ​បានឲ្យ​ម្ចាស់ស្ថានីយក្រុមហ៊ុន និង​ដេប៉ូ​ធ្វើកិច្ច​សន្យា​កែ​តម្រូវ​ម៉ាស៊ីនលក់​ប្រេង តាមការ​ធ្វើព្យាស​កម្ម​ឲ្យ​បាន​ត្រឹមត្រូវ​​ឡើងវិញ ​ ពីស្ថាប័នមានសមត្ថកិច្ច និង​បាន​ណែ​នាំ​ឲ្យ​ម្ចាស់​ស្ថានីយលក់​សាំង​ស៊ុបពែរ ដែលមាន​សន្ទស្សន៍​​អុក​តាន​ពិត​បា្រកដ។ ​

លោកបានបញ្ជាក់ថែមទៀតថា ក្រុមការងារត្រួតពិនិត្យប្រេងឥន្ធនៈ របស់អគ្គនាយកដ្ឋានកាំកុងត្រូល នឹង​​បន្ត​ធើ្វកា​រ​ត្រួត​​ពិនិត្យអោយបានគ្រប់ស្ថានីយទាំងអស់ទូទាំងព្រះរាជាណាចក្រកម្ពុជា ហើយ​ក៏​បាន​អំពាវ​នាវដល់ម្ចាស់ស្ថានីយប្រេងឥន្ធនៈ ចូលរួមសហការ​ជាមួយ​ក្រុមការងារ​ចុះ​ត្រួត​ពិនិត្យ​របស់​​អគ្គនាយក​ដ្ឋាន​កាំកុង​​​​ត្រូល​ក្នុងកិច្ច ការពារអ្នកប្រើប្រាស់តាមផ្លូវច្បាប់ ហើយចំពោះក្រុមហ៊ុន/ដេប៉ូ ដែលបានរកឃើញមានការលក់ប្រេងឥន្ធនៈមិន​សមស្រប ត្រូវធ្វើការបញ្ឈប់ និងកែតម្រូវឲ្យបានសមស្របឡើងវិញជាបន្ទាន់​ បើមិនពុំនោះសោធនឹងត្រូវទទួលរងនូវ​ចំណាត់ការតាម​នីតិវិធីនៃច្បាប់ ជាធរមាន។

លោកក៏បានបញ្ជាក់ថា ​អ្នក​ប្រើ​ប្រាស់​​​យាន​ជំនិះទាំង​អស់ ត្រូវ​ពិចារ​ណា​ជា​មុន ក្នុង​ការ​​ជ្រើស​រើស​ស្ថានីយ/ដេប៉ូប្រេងឥន្ធនៈ ដែលជា​ក្រុម​ហ៊ុន​ទុក​ចិត្ត​ ប្រើ​ប្រាស់ឧបករណ៍ថ្មី​ លក់ប្រេង​​សាំង​ធម្មតា​ ឬ​ស៊ុបពែរ និងម៉ាស៊ូត​ដែលមានគុណភាពល្អ ហើយគ្រប់​ចំនួន​លីត្រ​ ពិនិត្យ​មើល​លេខ​កុង​ទ័រ ​នៅ​ពីចំណុចសូន្យជានិច្ច​មុន​ពេល​ចាក់ តាមដាន​ដំណើរ​ការ ​នៃលេខកុងទ័រ​ដែលត្រូវ​ចាប់​ផ្កើម​ជាមួយគ្នានឹងម៉ាស៊ីនបាញ់ប្រេង រហូត​ដល់​ចំនួន​លីត្រ​ចុង​​ក្រោយ​ ដែល​បាន​ស្នើតាមដាន​សេចក្តីជូន​ដំណឹង ​ពីត​ម្លៃប្រេងឥន្ធនៈ​របស់​ក្រសួងពាណិជ្ជកម្ម និងត្រូវប្រុងប្រយ័ត្ន​ ​សុវត្ថិ​ភាពផ្នែកអគ្គីភ័យ ​​ដោយ​ពន្លត់​ម៉ាស៊ីន​យាន​ជំនិះ​ពេលចាក់បំពេញ​ប្រេង​ក្នុង​ស្ថានីយ និងសូមផ្តល់ព័ត៌មានមកមន្រ្តីជំនាញកាំកុងត្រូលប្រចាំរាជធានី ខេត្ត ឬមក​អគ្គនាយកដ្ឋានកាំកុងត្រូល ក្នុងករណីដែលបាតុភាពជាយថាហេតុណាមួយ៕