(កំពង់ស្ពឺ)៖ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៧នេះ លោកវរសេនីយ៍ទោ សោម ពុទ្ធតារ៉ា មេបញ្ជាការកងរាជអាវុធហត្ថស្រុកឱរ៉ាល់ បានប្រាប់ភ្នាក់ងារ Fresh News ប្រចាំខេត្តកំពង់ស្ពឺឲ្យដឹងថា រថយន្ត សាំងយ៉ុងមួយគ្រឿង ដែលចោរលួចបាត់កាលថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៧ កន្លងទៅនោះពេលនេះ ត្រូវកម្លាំងកងរាជអាវុធហត្ថស្រុកឱរ៉ាល់ ចេញល្បាតពេលយប់បានរកឃើញហើយ។

បើយោងតាមសេចក្តីរាយការណ៍ បានឲ្យដឹងថា រយន្តសាំងយ៉ុង អ៊ីស្តាណា ពណ៌សមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ-2W-0247 ត្រូវបានចោរលួចនៅចំណុចផ្ទះឈ្មោះ យ៉ង់ ពៅ នៅភូមិចំការលួង ឃុំវាំងចាស់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ត្រូវក្រុមចោរមួយក្រុម មិនស្គាល់អត្តសញ្ញាណ ធ្វើសកម្មភាពលួចយកទៅបាត់ដែលជាកម្មសិទ្ធរបស់ឈ្មោះ ប៉ាច វណ្ណា ភេទប្រុស អាយុ៣៧ឆ្នាំ មានទីលំនៅភូមិចំការលួង ឃុំវាំងចាស់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។

លោក សោម ពុទ្ធតារា បានបន្តថា វេលាម៉ោង១១៖៤០នាទីយប់ នាថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៧ម្សិលមិញ កម្លាំងមូលដ្ឋានស្រុកឱរ៉ាល់ចេញល្បាត ពេលយប់ក៏បានប្រទះឃើញរថយន្តខាងលើហើយកម្លាំងបានដេញឃ្លាំមើលប៉ុន្តែអ្នកបើកបរមិនដឹងមានគ្នាប៉ុន្មាននាក់ទេ បានចុះគេចខ្លួនបាត់ក្នុងព្រៃ។

ដោយសង្ស័យកម្លាំងបានត្រួតពិនិត្យដឹងថារថយន្តនេះជាករណីកាច់-ក លួចទើបនាំរថយន្ត ខាងនេះពីចំណុចភូមិផ្សារកន្ទួត ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ មកកាន់កងរាជអាវុធហត្ថស្រុកដើម្បីត្រួតពិនិត្យបន្ថែម។ ក្រោយការពិនិត្យឃើញមានបន្សល់ទុកសម្រាប់កាច់សោរថយន្ត និងសម្ភារៈគួរសង្ស័យទើបព្រឹកឡើងអំពាវនារកម្ចាស់មកទទួលយករថយន្តទៅប្រើប្រាស់វិញ។

លោកមេបញ្ជាការ បានញ្ជាក់ថា ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៧នេះ ម្ចាស់រថយន្តបានទំនាក់ទំនងមកកងរាជអាវុធហត្ថស្រុកហើយដោយយោង តាមបទបញ្ជាលោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងត្រូវប្រគល់ជូនម្ចាស់វិញទៅតាមឯកសារ របស់ប្រជាពលរដ្ឋ ហើយការប្រគល់នៅទីបញ្ជការកងរាអាវុធហត្ថខេត្ត។

លោកឧត្តមសេនីយ៍ត្រីមេបញ្ជាការខេត្ត បានបញ្ជាឲ្យកម្លាំងជំនាញទាំងស្រុក និងខេត្តស្រាវជ្រាវ ស្វែងរកតាមចាប់ខ្លួនជនសង្ស័យដើម្បីផ្តន្ទាទោស ទៅតាមផ្លូវច្បាប់ផងដែរ៕