(ភ្នំពេញ)៖ បន្ទាប់ពីស្ថានទូតអាមេរិកប្រចាំកម្ពុជា ចេញសេចក្ដីថ្លែងការណ៍មួយជុំវិញករណីគ្រាប់បែកនៅខេត្តស្វាយរៀង ដោយបានលើកឡើងពីការផ្តល់ជំនួយរបស់សហរដ្ឋអាមេរិក សម្រាប់ការដោះមីននៅកម្ពុជាថា រយៈពេល៣០ឆ្នាំ ខ្លួនបានផ្តល់ជំនួយដល់កម្ពុជា ១៣១លានដុល្លារ, ការលើកឡើងនេះត្រូវបានអាជ្ញាធរមីនកម្ពុជាច្រានចោល និងឆ្លើយតបវិញថា ការនិយាយពីការផ្តល់ជំនួយរបស់សហរដ្ឋអាមេរិក គឺជារឿងគួរឲ្យអៀនខ្មាស និយាយចេញតែពីមាត់របស់ខ្លួន គ្មានឯកសារច្បាស់លាស់ឡើយ។

ថ្លែងប្រាប់បណ្តាញសារព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៧នេះ លោកទេសរដ្ឋមន្ត្រី សេរី កុសល អនុប្រធានទី១ អាជ្ញាធរមីនកម្ពុជា បានចាត់ទុកការលើកឡើង របស់ស្ថានទូតអាមេរិកពាក់ព័ន្ធការផ្តល់ជំនួយ គឺជារឿងឥតកេរខ្មាស និយាយតែខ្លួនឯង គ្មានឯកសារច្បាស់លាស់ឡើយ។

អនុប្រធានទី១ អាជ្ញាធរមីនរូបនេះ បានលើកឡើងថា ជាគោលការណ៍ ការផ្តល់ជំនួយពីប្រទេសមកប្រទេសមួយទៀត ធ្វើឡើងតាមរយៈក្រសួងការបរទេស ប៉ុន្តែសម្រាប់ការអះអាងរបស់អាមេរិក ដែលបានលើកឡើងថា ខ្លួនបានចំណាយលុយ១៣១លានដុល្លារ រយៈពេល៣០ឆ្នាំ ក្នុងការជួយដល់សកម្មភាពដោះមីននៅកម្ពុជា គឺមិនដែលមានឯកសារណាមួយបញ្ជាក់នោះឡើយ។

ជាងនេះទៅទៀត លោកទេសរដ្ឋមន្ត្រី សេរី កុសល បានអះអាងថា ជំនួយដែលសហរដ្ឋអាមេរិក និយាយថាបានជួយដល់កម្ពុជា ក្នុងសកម្មភាពដោះមីន គឺផ្តល់តែចំពោះអង្គការរបស់ខ្លួនតែប៉ុណ្ណោះ ដែលអង្គការទាំងនោះធ្វើអ្វីតាមតែទំនើងចិត្តរបស់ពួកគេ ទៅតាមការបញ្ជាសហរដ្ឋអាមេរិកដែលជាម្ចាស់ជំនួយរបស់គេ។

លោកទេសរដ្ឋមន្ត្រីបានចាត់ទុកថា ការផ្តល់ជំនួយរបស់អាមេរិក ដល់អង្គការរបស់ពួកគេ ក្នុងសកម្មភាពដោះមីន គឺជាការផ្តល់ជំនួយមានលក្ខណៈបង្ករឿង ដោយមិនបានគិតទៅលើសកម្មភាពមនុស្សធម៌ ពិតប្រាកដនោះឡើយ បើទោះបីជាមហាអំណាចមួយនេះ ពីអតីតកាលបានធ្វើឲ្យប្រទេសកម្ពុជា ខ្ទេចខ្ទាំយ៉ាងណាក៏ដោយ។

ចំពោះបញ្ហាមួយទៀត ដែលសហរដ្ឋអាមេរិកបានលើកឡើងថា គ្រាប់មីននៅកម្ពុជាមិនមែនមានតែរបស់សហរដ្ឋអាមេរិកនោះទេ មានគ្រាប់មីនវៀតណាម ប្រទេសចិន រុស្ស៊ីជាដើម តែឲ្យសហរដ្ឋអាមេរិក ជាអ្នកទទួលខុសត្រូវតែម្នាក់ឯងនោះ គឺជារឿងមិនត្រឹមត្រូវទេ ត្រូវបានលោកទេសរដ្ឋមន្ត្រី សេរី កុសល ចាត់ទុកថា ការជួយរបស់អាមេរិក ចំពោះកម្ពុជាមិនមែនជាសកម្មភាពមនុស្សធម៌ពិតប្រាកដឡើយ តែអាមេរិក គិតរឿងនយោបាយទៅវិញ។

លោកទេសរដ្ឋមន្ត្រី សេរី កុសល បានបញ្ជាក់ថា ប្រសិនបើសហរដ្ឋអាមេរិកមិនគាំទ្ររដ្ឋាភិបាល លន់នល់ ធ្វើរដ្ឋប្រហារទម្លាក់ សម្តេចព្រះបាទ នរោត្តមសីហនុ ទេនោះ ក៏គ្មានគ្រាប់បែក គ្រាប់មីន នៅលើទឹកដីខ្មែរ ដែលបន្តដោះរហូតដល់សព្វថ្ងៃនេះ និងបន្តឲ្យមានប្រជាពលរដ្ឋរងគ្រោះជារៀងរាល់ថ្ងៃនោះទេ។

លោកទេសរដ្ឋមន្ត្រីបានលើកឡើងថា ប្រសិនបើសហរដ្ឋអាមេរិក បានផ្តល់ជំនួយ១៣១លានដុល្លារដល់កម្ពុជា ក្នុងសកម្មភាពដោះមីនមែននោះ ជំនួយនេះមានទំហំតិចតួចបំផុត មិនស្មើនឹងប៉ុនក្រចកដៃផង មិនអាចលុបលាង នូវអ្វីដែលសហរដ្ឋអាមេរិក បានធ្វើមកលើកម្ពុជាកាលពីអតីតកាលនោះទេ។

លោកបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា បច្ចុប្បន្នមិនដែលមានចេតនា យករឿងពីអតីតកាលដែលធ្វើឲ្យល្អក់កករ នៅក្នុងប្រទេសជាតិនោះទេ។ រដ្ឋាភិបាលតែងតែត្រូវការចងមិត្តភក្តិជាមួយប្រទេសទាំំងអស់រួមទាំងសហរដ្ឋអាមេរិកផងដែរ អតីតកាលគឺជាបទពិសោធន៍ ក៏ប៉ុន្តែការចង់ធ្វើមិត្ត អាមេរិកគឺណពិបាកជាទីបំផុតដោយសារភាពមិនស្មោះត្រង់ បានន័យថា ជំនួយរបស់អាមេរិកជាជំនួយមិនស្មោះត្រង់ ជំនួយដែលមានទៅដោយល្បិចកល ចាប់ដៃជាន់ជើង ដូចគ្នានឹងបក្សប្រឆាំងធ្វើនៅពេលបច្ចុប្បន្ននេះដែរ ហើយព្រឹត្តិការណ៍ថ្ងៃទី១៨ មីនា ឆ្នាំ១៩៧០ ក៏ដូចគ្នានឹងសភាពការបច្ចុប្បន្នដែរ។

សូមជម្រាបថា ភ្លាមៗបន្ទាប់ពីស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា បានចេញសេចក្តីថ្លែងការណ៍មួយ ដែលចាត់ទុកថា គ្រាប់បែកដែលកំពុងតែដោះនូវខេត្តស្វាយរៀង ជាគ្រាប់បែកបង្ហៀរទឹកភ្នែក និងចោទប្រកាន់ថា អាជ្ញាធរមីនបានដឹងរឿងនេះ តាំងពីយូរមកហើយ ប៉ុន្តែទើបគាស់កកាយ ដើម្បីចំនេញនយោបាយនោះ នៅយប់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៧ អាជ្ញាធរមីនបានចេញសេចក្តីប្រកាស ទាត់ចោលនូវសេចក្តីថ្លែងការណ៍របស់សហរដ្ឋអាមេរិក នឹងបានចាត់ទុកថា សេចក្តីថ្លែងការណ៍នោះ គឺមានចេតនាគេចវេសមិនទទួលខុសត្រូវ និងចង់បំភ្លៃប្រវត្តិសាស្ត្រ។

ជាមួយគ្នានេះ អាជ្ញាធរមីនក៏បានអំពាវនាវឲ្យសហរដ្ឋអាមេរិក មានវិចារណញ្ញាណប្រកប ដោយមនុស្សធម៌ក្នុងនាមជាប្រទេសមហាអំណាច ចូលរួមសហការ បោសសម្អាតនិងបំផ្លាញគ្រាប់បែកគីមីចោលឲ្យអស់។

គ្រាប់បែកជាច្រើនគ្រាប់ ដែលមន្ត្រីជំនាញរបស់កម្ពុជា អះអាងថា ជាគ្រាប់បែកគីមីដែលទម្លាក់ពីលើយន្តហោះអាមេរិកនោះ ត្រូវបានរកឃើញនៅក្នុងភូមិសាស្ត្រឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង។ ប្រជាពលរដ្ឋ និងមន្ត្រីជំនាញបានរងគ្រោះដោយសារធាតុគីមីនេះ ដោយខ្លះមិនទាន់ចេញពីមន្ទីរពេទ្យនៅឡើយទេ៕