(កំពង់ធំ)៖ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៧នេះ លោកស្រី ឌុក ស៊ីដា ប្រធានប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ និងលោក ម៉ាក់ ប៊ុនហុង ប្រធានអនុសាខាកាកបាទក្រហមកម្ពុជាក្រុងស្ទឹងសែន ខេត្តកំពង់ធំ បានរៀបចំពិធីប្រគល់ និងទទួលសម្ភារគ្រឿងឧបភោគបរិភោគ មួយចំនួន និងថវិកា២,២០០,០០០រៀលពីវត្តចំនួន១០ ក្នុងក្រុងស្ទឹងសែន ដែលប្រព្រឹត្តទៅនៅអនុសាខាកាកបាទក្រហមក្រុងស្ទឹងសែន។

កម្មវិធីនេះ ក៏មានការចូលរួមពីព្រះសង្ឃគ្រប់១០វត្តលោក-លោកស្រី ក្រុមប្រតិបត្តិ គណៈកម្មាធិការអនុសាខាប្រធានអង្គភាពជុំវិញស្រុក កងកម្លាំងប្រដាប់អាវុធ អ្នកស្ម័គ្រចិត្តផងដែរ។

លោក ម៉ាក់ ប៊ុនហុង ប្រធានអនុសាខាក្រុងស្ទឹងសែន បានថ្លែងអំណរគុណដល់ព្រះចៅអធិការវត្ត និងព្រះសង្ឃគ្រប់វត្ត ដែលជារៀងរាល់ឆ្នាំ បានរៀបចំប្រគល់ជាសម្ភារគ្រឿងឧបភោគ បរិភោគ និងថវិកាសម្រាប់ទុកចែកជូនដល់បងប្អូនប្រជាពលរដ្ឋក្រីក្រ ជនងាយរងគ្រោះ ជនចាស់ជរា អ្នកផ្ទុកមេរោគអេដស៍ និងទុរគតជននានា។

លោក ម៉ាក់ ប៊ុនហុង បន្ដថា នេះគឺជាការចូលរួមចំណែកក្នុងកិច្ចការសង្គម ហើយគ្រឿងឧបភោគបរិភោគទាំងអស់នេះ និងបន្តជួយដល់ជនរងគ្រោះតាមបណ្តាភូមិ-ឃុំ ក្នុងស្រុកប្រាសាទសំបូរ ឲ្យបានទាន់ពេលវេលា ដោយស្របតាមពាក្យស្លោក «ទីណាមានទុក្ខទីនោះមានកាកបាទក្រហម» ហើយលោក និងយកសម្ភារទាំងអស់នេះ យកទៅប្រើប្រាស់ឲ្យចំគោលដៅ។

លោកស្រី ឌុក ស៊ីដា បានផ្តាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងលោក សុខ លូ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ជូនដល់ព្រះតេជគុណ និងពុទ្ធបរិស័ទបងប្អូនប្រជាពលរដ្ឋ និងសំដែងនូវការដឹងគុណដល់ព្រះតេជគុណ គ្រប់អង្គដែលបានជួយជាសម្ភារ និងថវិកា សម្រាប់ជួយដល់ប្រជាពលរដ្ឋក្រីក្រនៅតាមមូលដ្ឋានដែលមានការលំបាក ហើយក៏បញ្ជាក់ឲ្យឃើញថា ការត្រៀមបង្ការពីគ្រោះមហន្តរាយ និងមានការផ្សព្វផ្សាយឲ្យបានទូលំទូលាយ។

លោកស្រី ក៏សូមអំពាវនាវដល់ដល់ព្រះតេជគុណ និងសប្បុរសជនសូមមេត្តាជួយផ្តល់ជាសម្ភារនិងថវិកាបន្តទៀត សម្រាប់ជួយដល់ជនងាយរងគ្រោះ៕