(ភ្នំពេញ)៖ គណៈប្រតិភូអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជានៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដឹកនាំដោយលោកបណ្ឌិត គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានចូលរួមកិច្ចប្រជុំអគ្គនាយកគយអាស៊ី-អឺរ៉ុប លើកទី១២ ដែលធ្វើឡើងនៅទីក្រុងប៊ែកឡាំង ប្រទេសអាល្លឺម៉ង់។

កិច្ចប្រជុំនេះដែលធ្វើឡើងចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧ ដឹកនាំដោយលោកបណ្ឌិត Michael Meister អគ្គនាយករងរដ្ឋបាលគយអាល្លឺម៉ង់នៃក្រសួងហិរញ្ញវត្ថុ ដែលមានការចូលរួមរបស់អគ្គនាយក និងគណៈប្រតិភូរដ្ឋបាលគយនៃបណ្តាប្រទេសជាសមាជិកនៅក្នុងទ្វីបអាស៊ី និងទ្វីបអឺរ៉ុបចំនួន៤៥ប្រទេស (អាស៊ី១៨ និងអឺរ៉ុប២៧) ព្រមទាំងមានវត្តមានមន្រ្តីជាន់ខ្ពស់របស់លេខាធិការដ្ឋាន សហគមន៍អឺរ៉ុប (European Commission) និងអង្គការគយពិភពលោក (WCO)ចូលរួមផងដែរសរុបប្រមាណ ១៤០រូប។ ជាលទ្ធផលអង្គប្រជុំបានពិភាក្សា និងអនុម័តលើការងារសំខាន់ៗមួយចំនួនរួមមាន៖

១៖ វឌ្ឍនភាពការងារនៃការអនុវត្តផែនការឆ្នាំ២០១៦-២០១៧ របស់ក្រុមការងារសម្របសម្រួលគយអាស៊ី-អឺរ៉ុប សម្រេចបានកន្លងមកស្របតាមកញ្ចប់ការងារអាទិភាពទាំងប្រាំ ដែលបានអនុម័តកាលពីកិច្ចប្រជុំអគ្គនាយកគយអាស៊ី-អឺរ៉ុបលើកទី១១ ឆ្នាំ២០១៥ នៅក្រុងហ្គរ័ ប្រទេសឥណ្ឌា មានដូចជា៖ i) កិច្ចសម្រួលពាណិជ្ជកម្មនិងសន្តិសុខចង្វាក់ផ្គត់ផ្គង់ ii)ការប្រយុទ្ធ ប្រឆាំងទំនិញក្លែងក្លាយនិងបទល្មើសកម្មសិទ្ធបញ្ញា iii)កិច្ចការពារសង្គមនិងបរិស្ថាន iv)កិច្ចសហការជាមួយវិស័យឯកជន និង v)ការពង្រឹងទំនាក់ទំនងការងារនិងយន្តការផ្សព្វផ្សាយលទ្ធផលការងារសម្រេចបានក្នុងក្របខណ្ឌអាស៊ីនិងអឺរ៉ុប។

២៖ បញ្ចប់សកម្មភាពការងារចំនួន០៤ នៃផែនការឆ្នាំ២០១៦-២០១៧ដូចជា៖ i)ប្រតិបត្តិករសេដ្ឋកិច្ចមានការអនុញ្ញាត(AEO) ii)សុវត្ថិភាពផលិតផល iii)កំណត់ត្រាបញ្ជីឈ្មោះអ្នកដំណើរ និង iv)ការចងក្រងសៀវភៅមគ្គុទេសក៍និងប្រព័ន្ធស្ថិតិពាក់ព័ន្ធនឹងទំនិញជាប់កម្មសិទ្ធបញ្ញា។

៣៖ បន្តអនុវត្តផែនការសកម្មភាពចាស់ដែលមិនទាន់បានបញ្ចប់និងដាក់បន្ថែមនូវផែនការសកម្មភាពថ្មីទៀតសម្រាប់ឆ្នាំ២០១៨-២០១៩ ដែលជារួមមាន០៨៖ i)កិច្ចសម្រួលពាណិជ្ជកម្មនិងនីតិវិធីគយ ii)ការសម្របសម្រួលប្រតិបត្តិការគយតាមប្រព័ន្ធស្វ័យប្រវត្តិកម្ម iii)ការគ្រប់គ្រងច្រកពាណិជ្ជកម្មអេឡិចត្រូនិចឆ្លងកាត់ព្រំដែនរបស់រដ្ឋបាលគយ iv)ការតភ្ជាប់និងការដឹកជញ្ជូនឆ្លងកាត់ v)បញ្ជរតែមួយសម្រាប់ការបញ្ចេញទំនិញបានរហ័ស ការប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិកម្ម និងការធ្វើបូរណកម្មនៃការគ្រប់គ្រងហានិភ័យ vi)ការធ្វើប្រតិបត្តិការរួមគ្នាក្នុងការពិនិត្យលើទំនិញប្រើប្រាស់ប្រចាំថ្ងៃដូចជា៖ ផលិតផលគ្រឿងសម្អាង គ្រឿងក្រអូប ផលិតផលអនាម័យ ផលិតផលសម្អាតផ្ទះសម្បែង ចំណីអាហារ និងគ្រឿងភេសជ្ជសុខភាព vii)ការពង្រឹងអនុលោមភាពលើកញ្ចប់ប្រៃសណីយ៍នៅមាត់ច្រកទ្វារព្រំដែនអន្តរជាតិ និងviii)ការជំរុញយន្តការផ្សព្វផ្សាយលទ្ធផលការងារពាក់ព័ន្ធនឹងអាស៊ីនិងអឺរ៉ុប។

៤៖ បន្តពង្រឹងការអនុវត្តកញ្ចប់ការងារអាទិភាពទាំង០៥ ដូចកិច្ចប្រជុំអគ្គនាយកគយមុនៗដដែល។

៥៖ រដ្ឋបាលគយអាស៊ី-អឺរ៉ុបត្រូវពង្រឹងកិច្ចសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចថ្នាក់ជាតិនិងអន្តរជាតិពាក់ព័ន្ធនឹងការអនុវត្តនូវតួនាទីរបស់ខ្លួន ជាពិសេសការផ្តល់នូវកិច្ចសម្រួលពាណិជ្ជកម្មដល់ធុរជនល្អបំផុត និងធានាបាននូវកិច្ចការពារសង្គមនិងបរិស្ថានបានល្អប្រសើរ។

ក្នុងកិច្ចប្រជុំនេះ គណៈប្រតិភូគយកម្ពុជានិងរដ្ឋបាលគយឆេកដែលជាប្រទេសសម្របសម្រួលផែនការសកម្មភាពទី៤ ស្តីពី «សុវត្ថិភាពផលិតផល»​ បានធ្វើបទឧទ្ទេសនាមរួមគ្នាបង្ហាញអំពីលទ្ធផលសម្រេចបាន ហើយដែលផែនការនេះទើបនឹងត្រូវបានបញ្ចប់។

ឆ្លៀតក្នុងឱកាសនេះដែរ គណៈប្រតិភូគយកម្ពុជាក៏បានជួបពិភាក្សាការងារជាមួយនឹងគណៈប្រតិភូគយជប៉ុនក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីមានដូចជា ការរៀបចំគម្រោងផ្តល់ជំនួយរបស់ជប៉ុនផ្តល់ជូនរដ្ឋបាលគយកម្ពុជារួមមាន៖ i) ការអភិវឌ្ឍនិងអនុវត្តប្រព័ន្ធបញ្ជរតែមួយជាតិ ii)ការផ្តល់នាវាល្បាតសមុទ្រចំនួនពីរគ្រឿង iii)ការត្រៀមអនុវត្តការសិក្សាលើកទី២ អំពីរយៈពេលក្នុងការបញ្ចេញទំនិញពីគយ (Time Release Study) និង iv)ការរៀបចំសេចក្តីព្រាងអនុស្សរណៈយោគយល់គ្នារវាងរដ្ឋបាលគយទាំងពីរ ជាពិសេសការពង្រឹងសមត្ថភាពចំណេះដឹងនិងការបណ្ដុះបណ្ដាលធនធានមនុស្សដល់មន្រ្តីគយកម្ពុជា។

អង្គប្រជុំបានបញ្ចប់ក្រោមបរិយាកាសរីករាយនិងស្និទ្ធស្នាល និងបានធ្វើការវាយតម្លៃខ្ពស់លើកិច្ចសហប្រតិបត្តិការល្អកន្លងមករវាងរដ្ឋបាលគយទាំងពីរតំបន់ក្នុងកិច្ចខិតខំប្រឹងប្រែងធ្វើសមាហរណកម្មសេដ្ឋកិច្ចដោយគិតផលប្រយោជន៍រួមគ្នាទៅវិញទៅមក ព្រមទាំងបានឯកភាពចេញសេចក្តីប្រកាសប៊ែកឡាំង (Berlin Declaration)នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧៕