(ភ្នំពេញ)៖ ខ្សែវិដេអូឃ្លីបចាស់ខែមិថុនា ឆ្នាំ២០១១ ប៉ុន្តែជាភស្តុតាងថ្មីដែលបង្ហាញថា ទណ្ឌិត សម រង្ស៊ីក៏បានរៀបចំផែនការបដិវត្តន៍ពណ៌ ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ដឹក នាំដោយសម្តេចតេជោ ហ៊ុន សែន ដូច កឹម សុខា ដៃគូនយោបាយរកស៊ីដាក់បក្សចូលគ្នាផងដែរ។ កឹម សុខា បានសារភាពថា បានរៀបចំផែនការផ្តួលរំលំផ្លាស់ប្តូររបបនៅក្នុង ប្រទេសកម្ពុជាតាំងពីឆ្នាំ ១៩៩៣មកម្ល៉េះ សម្រាប់ សម រង្ស៊ី បានរៀបចំផែនការនេះនៅ ក្រោយពេលវិលត្រឡប់ពីទស្សនកិច្ចសិក្សាបទពិសោធន៍បដិវត្តន៍ពណ៌ នៅទុយណេស៊ី នៅអំឡុងឆ្នាំ២០១១។

គេចាំបានថា ទាំងកឹម សុខា និងសម រង្ស៊ី បានថ្លែងសរសើរចំពោះ បដិវត្តន៍ពណ៌ដែលកើតឡើងនៅក្នុងប្រទេសអារ៉ាបមួយចំនួន និងបានអំពាវនាវឱ្យមាន បដិវត្តន៍ពណ៌នៅកម្ពុជា ដោយស្នើឱ្យកងទ័ពបែរចុងកាណុងផ្តួលរំលំរដ្ឋាភិបាលកម្ពុជា។ អ្វីដែល សម រង្ស៊ី និយាយក្នុងវីដេអូឃ្លីបដែលទើបនឹងរកបាននេះជាភស្តុតាងដាក់បន្ទុកយ៉ាងរឹងមាំ និងមានភាពធ្ងន់ធ្ងរជាង កឹម សុខាទៅទៀត។

ចេញពីផែនការរួមតែមួយគឺការផ្តួលរំលំ រាជរដ្ឋាភិបាលស្របច្បាប់ ផ្តួលរំលំបក្ស ប្រជាជនកម្ពុជា និងជាពិសេសផ្តួលរំលំសម្តេចតេជោ ហ៊ុន សែន ទើបអាមេរិកតាមរយៈ អង្គការមិនមែន រដ្ឋាភិបាលជាតិ និងអន្តរជាតិដែលទទួលថវិកាពីខ្លួន បានសមគំនិតជាមួយបក្សប្រឆាំងដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយគណបក្សប្រជាជនកម្ពុជា និងមេដឹកនាំបច្ចុប្បន្នតាមការស្រមើស្រម៉ៃរបស់ខ្លួន។ សម រង្ស៊ី និងកឹម សុខា អាចរួបរួមគ្នាបង្កើតជាគណបក្សសង្គ្រោះជាតិ កាលពីឆ្នាំ២០១២បាន ក៏ដោយសារមានការសម្របសម្រួល និងជួយជ្រោមជ្រែងពីចៅហ្វាយនាយបរទេសធំៗ និងមានបទ
ពិសោធគ្រប់គ្រាន់តាមបណ្តាប្រទេសមួយចំនួន ដែលធ្វើបដិវត្តន៍ពណ៌ទទួលបានជោគជ័យ។ ពួកគេជួយទាំងបច្ចេកទេសសម្ភារអ្នកជំនាញ និងថវិកាដល់បក្សប្រឆាំងតាំងពីដើមតរៀងមកដើម្បីសម្រេចគោលបំណងធំឱ្យបានជោគជ័យ។

ប៉ុន្មានថ្ងៃមុនការចាប់ខ្លួនមេក្លោងបដិវត្តន៍ពណ៌ កឹម សុខា នៅយប់រំលងអាធ្រាត្រ ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ឯកសារ និងទំនាក់ទំនងជាប្រព័ន្ធចាក់ស្រេះ ក្នុងការរៀបចំផែនការផ្តួលរំលំរបបដឹកនាំបច្ចុប្បន្ន ត្រូវបានលេចធ្លាយជាសាធារណៈបង្ហាញពីផែនការក្បត់ជាតិនិងប្រជាជន។ ឯកសារទំនាក់ទំនងក្នុងការត្រៀមធ្វើបដិវត្តន៍ពណ៌មួយ នៅកម្ពុជាត្រូវបានបែកធ្លាយដែលក្នុងនោះ ជូឡុង សូមួរ៉ា ភរិយារបស់ទណ្ឌិត សម រង្ស៊ី បានដើរតួនាទីជាអ្នកសម្របសម្រួល និងជាលេខាឱ្យ សម រង្ស៊ី ក្នុងជំនួបផ្សេងៗជាមួយមេដឹកនាំអង្គការអាមេរិកនានា ដើម្បីស្វែងរកការគាំទ្រ និងរៀបចំយុទ្ធសាស្ត្រ វិធីសាស្ត្រនានាដើម្បីផ្តួលរាជរដ្ឋាភិបាលកម្ពុជា។

ការបែកធ្លាយសារអេឡិចត្រូនិករបស់ ជូឡុង សូមួរ៉ា កាលពីពេលថ្មីៗនេះ បានបង្ហាញថា វិទ្យាស្ថានសាធារណរដ្ឋអន្តរជាតិ (IRI) និងមូលនិធិជាតិ ដើម្បីប្រជាធិបតេយ្យ (NED) របស់សហរដ្ឋអាមេរិក បានរៀបចំផែនការជួយបក្សប្រឆាំងដើម្បីផ្តួលរំលំរដ្ឋាភិបាលកម្ពុជាដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ ដូចអង្គការ NDI ដែរ។ អង្គការក្រៅរដ្ឋាភិបាលធំៗបី របស់អាមេរិក ដែលត្រូវបានគេដឹងថាជាអ្នកជួយបង្កើតគណបក្សសង្គ្រោះជាតិ និងជាមេក្លោងជួយបក្សប្រឆាំង រៀបចំការធ្វើបដិវត្តន៍ពណ៌នៅកម្ពុជា។

យោងលើរបាយការណ៍ដែលចាត់ថ្នាក់ថាសម្ងាត់ ដែលបានបែកធ្លាយពីផ្ទៃក្នុង បក្សសង្គ្រោះជាតិ បានឱ្យដឹងថា ក្នុងអំឡុងខែកុម្ភៈ ឆ្នាំ២០១១ ទណ្ឌិត សម រង្ស៊ី ក្នុងនាមប្រធានគណបក្ស សម រង្ស៊ី និងភរិយារបស់គាត់ គឺលោកស្រី ជូឡុង សូម៉ួរា បានទៅជួបប្រជុំជាមួយប្រធានអង្គការទាំងបី NED លោក Carl Gershman និងលោក Brian Joseph, NDI លោក Ken Wollack, IRI លោក Lorne Craner នៅទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក ដើម្បីពិភាក្សារៀបចំធ្វើបដិវត្តន៍ពណ៌នៅប្រទេសកម្ពុជានៅអំឡុងឆ្នាំ ២០១១។ នៅឆ្នាំ ២០១១ សម រង្ស៊ី បានទៅទស្សនកិច្ចនៅប្រទេសទុយណេស៊ី បន្ទាប់ពីប្រទេសនេះទទួលបានជោគជ័យក្នុងការធ្វើបដិវត្តន៍ពណ៌នៅទីនោះ។

ពេលនោះ សម រង្ស៊ី បានថ្លែងសរសើរពីបដិវត្តន៍ពណ៌ និងបានអំពាវនាវឱ្យប្រជាពលរដ្ឋកម្ពុជាធ្វើដូចប្រជាជនទុយណេស៊ីដែរ។ នៅក្នុងឯកសារបែកធ្លាយនោះ ជូឡុង សូមួរ៉ា បានរៀបរាប់ថា សម រង្ស៊ី បានយល់ព្រមជាមួយសំណើរបស់ NDI, IRI និង NED ចំពោះការចរចាច្របាច់បញ្ចូលគ្នា រវាងគណបក្សទាំង២ រហូតបង្កើតបានជា គណបក្សសង្គ្រោះជាតិ មកដល់សព្វថ្ងៃនេះ។ បន្ទាប់ពីបានទទួលយកសំណើបញ្ចូលគ្នា ជាបក្សតែមួយហើយនោះ NDI, IRI និង NED ក៏បានផ្តល់ជាផែនការយុទ្ធសាស្ត្រដល់ សម រង្ស៊ី ក្នុងការផ្តួលរំលំមេដឹកនាំប្រទេស ផ្លាស់ប្តូររបប គឺការធ្វើបដិវត្តន៍ពណ៌ ដោយអង្គការទាំងនោះ ណែនាំឱ្យបក្សប្រឆាំងយកគម្រូតាមប្រទេសមួយចំនួន នៅពិភពអារ៉ាប់ ក្រោមលេសនៃការលើកម្ពស់ប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស។

លោក Ken Wollack ប្រធាន NDI បានជួយត្រឹះរិះពិចារណា និងផ្តល់គំនិតទៅបក្សប្រឆាំងអំពីមេរៀនដែល NDI ឬ Department of State (ក្រសួងការបរទេសអាមេរិក) អាចទាញយកបានពីព្រឹត្តិការណ៍ នៅពិភពអារ៉ាប់ ដើម្បីយកមកអនុវត្តនៅក្នុងប្រទេសកម្ពុជា។ លោក Carl Gershment ប្រធាន NED បានលើកឡើងអំពីការផ្លាស់ប្តូររបប នៅក្នុងប្រទេសមួយចំនួន ក្នុងពិភពអារ៉ាប់ ដែលគំនិត នៃការលើកឡើងនេះ មានការគាំទ្រយ៉ាងពេញទំហឹងពីសម រង្ស៊ី។ នៅក្នុងកិច្ចពិភាក្សានោះ ពួកគេបានវាយតម្លៃថា ស្ថានភាពនយោបាយនៅកម្ពុជា គឺប្រហាក់ប្រហែលនឹងប្រទេសទុយណេស៊ី និងលីប៊ី។

អង្គការទាំងបី បានសម្តែងការគាំទ្រគណបក្ស សម រង្ស៊ី ដើម្បីធ្វើសកម្មភាពផ្តួលរំលំរដ្ឋាភិបាល។ ទន្ទឹមនឹងការគាំទ្រចំពោះគណបក្ស សម រង្ស៊ី លោក Lorne Craner ប្រធាន IRI បានសួរថា «តើមានវិធីសាស្ត្រអ្វីសំខាន់ចាំបាច់បំផុត ដែលពួកយើង (IRI) អាចជួយដល់លោក សម រង្ស៊ី បាន?»។ មានសំណូមពរជាច្រើន ដែល សម រង្ស៊ី បានស្នើសុំកិច្ចអន្តរាគមន៍ ពីអង្គការក្រៅរដ្ឋាភិបាលធំៗទាំងបី របស់សហរដ្ឋអាមេរិកនេះ ដើម្បីជាយុទ្ធសាស្ត្រក្នុងការធ្វើសកម្មភាព ឆ្ពោះទៅការដណ្តើមអំណាច។ ភស្តុតាងបានបង្ហាញច្បាស់ណាស់ ទោះ សម រង្ស៊ី ត្រូវបានឃ្លាតចេញពីបក្ស តែគោលគំនិតបដិវត្តន៍ពណ៌នេះត្រូវបានបន្តអនុវត្តនៅក្នុងគណបក្សសង្គ្រោះជាតិរហូតមកទល់បច្ចុប្បន្ននេះ ដូចដែលឯកសារមួយចំនួនត្រូវបានបែកធ្លាយ។

សម រង្ស៊ី និងកឹម សុខា បានព្យាយាមបំផ្ទុះបដិវត្តន៍ ពណ៌ពីរដងនៅក្នុងរយៈពេល ៤ ឆ្នាំ ទី១គឺក្រោយបោះឆ្នោតឆ្នាំ ២០១៣ សម រង្ស៊ី កឹម សុខា បានប្រើធ្វើបដិវត្តន៍ផ្កាឈូកដើម្បីបន្ទន់ចិត្តកម្លាំងសមត្ថកិច្ច បែរចុងកាណុងមក រដ្ឋាភិបាលតាមអ្វីដែលខ្លួនបានកំណត់នៅឆ្នាំ ២០១១ កន្លងទៅ និងទី២ គឺបដិវត្តន៍ពណ៌ ខ្មៅដែលបក្សប្រឆាំង និងសង្គមស៊ីវិលបានរៀបចំឡើងក្នុងបំណងបំផ្ទុះបដិវត្តន៍ពណ៌ខ្មៅ ទូទាំងប្រទេស។ មេដឹកនាំបក្សសង្គ្រោះជាតិបានព្យាយាមប្រើសញ្ញាកណ្តាប់ដៃដែលជា និមិត្តសញ្ញាបដិវត្តន៏ពណ៌នៅប្រទេសយូហ្គោស្លាវី និងស៊ែបប៊ីផងដែរ។ ប៉ុន្តែបដិវត្តន៍ពណ៌ខ្មៅ និងបដិវត្តន៍ផ្កាឈូកត្រូវបានរាជរដ្ឋាភិបាលវាយ កម្ទេចទាន់ពេលវេលា។ ចុងក្រោយ មេក្លោងនិងគូកនត្រូវប្រឈមមុខនឹងសំណាញ់ច្បាប់ទាំងអស់គ្នា។

ទង្វើក្បត់ជាតិរបស់សម រង្ស៊ី នៅពេលនេះត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់។ ទង្វើក្បត់ជាតិមិនអាចអត់ឱនឱ្យបានឡើយ។ សម រង្ស៊ី រៀបចំផែនការបដិវត្តន៍ពណ៌នៅ អំឡុងខ្លួនជាប្រធាន គណបក្សសម រង្ស៊ី ចំណែកឯ កឹម សុខា បានរៀបចំតាំងពីឆ្នាំ ១៩៩៣ និងបន្តក្នុងនាមខ្លួនជាប្រធានគណបក្សសិទ្ធិមនុស្ស។

ភស្តុតាងថ្មីធ្វើឱ្យបក្សបីប្រឈមមុខនឹងការប្តឹងរំលាយឬទេ? គណបក្សបីដែលត្រូវប្តឹងរំលាយ គឺបក្សសង្គ្រោះជាតិដែលរួមគំនិតធ្វើបដិវត្តន៍ពណ៌ដោយ សម រង្ស៊ី និង កឹម សុខា។ បក្សសម រង្ស៊ី ដែលឥឡូវនេះប្តូរមកជាគណបក្សភ្លើងទៀន និងបក្សសិទ្ធិមនុស្ស ក៏អាចនឹងត្រូវប្តឹង រំលាយដោយក្រសួងមហាផ្ទៃផងដែរ។ ចំណែកសមាជិកគណៈអចិន្ត្រៃយ៍ និងគណៈកម្មាធិការកណ្តាលទាំងអស់ របស់បក្សទាំង ៣នេះក្នុងនោះរួមទាំងអ្នកយុទ្ធសាស្ត្រស្ទើរភ្លើង សូរ សមយុទ្ធ ដែលមានឈ្មោះពិតថា ឡុង គឹមឃន សមាជិកគណៈនាយករបស់បក្សសង្គ្រោះជាតិក៏នឹងត្រូវទទួលខុសត្រូវ ចំពោះមុខច្បាប់ និងត្រូវប្រឈមមុខនឹងការហាមឃាត់មិនឱ្យធ្វើនយោបាយដោយសារតែទង្វើក្បត់ជាតិធ្វើបដិវត្តន៍ពណ៌។

ការធ្វើបដិវត្តពណ៌ គឺជាគោលដៅនយោបាយស្នូលនៃមេដឹកនាំមកបក្សប្រឆាំង។ ការចោទប្រកាន់លាបពណ៌ថារដ្ឋអំណាចផ្តាច់ការ ពុករលួយ លួចកេងសន្លឹកឆ្នោត គ្មានសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ គឺជាស្នូលនៃឧបាយកលបដិវត្តន៍ពណ៌។ វីដេអូ ឃ្លីបរបស់ សម រង្ស៊ី គឺជាភស្តុតាងមិនអាចប្រកែកបានអំពីផែនការបដិវត្តន៍ពណ៌ ដែលជានយោបាយបំផ្លាញសន្តិភាព ដើម្បីមហិច្ឆតាអំណាចផ្ទាល់ខ្លួន ក្រោមលេសប្រជាធិបតេយ្យក្លែងក្លាយ។ បើគ្មានចំណាត់ការទាន់ពេលវេលាជាមុន នោះទេ ឆ្នាំ២០១៨ សន្តិភាពដែលរកបាន ដោយលំបាកដោយវីរជនស្នេហាជាតិខ្មែរ នឹងត្រូវបំផ្លាញក្រោមបាតដៃមេដឹកនាំប្រឆាំង ហើយកម្ពុជានឹងក្លាយជា ប្រទេសលិចលង់ក្នុងសង្រ្គាម និងវិនាសកម្ម ដូចនៅប្រទេសលីប៊ី និងស៊ីរី។ អ្នកស្នេហាជាតិ ស្នេហាសន្តិភាព ស្នេហាប្រជាជនខ្មែរ ត្រូវរួមគ្នាការពារសន្តិភាព នេះ ដើម្បីមាតុភូមិដ៏កំសត់របស់យើង ដោយរួមគ្នាជាកម្លាំងជាតិប្រឆាំងនឹងការបំផ្លាញសន្តិភាព និងសេចក្តីសុខរបស់ប្រជាជន។ ដូច្នេះអ្នក ដែលប្រព្រឹត្តអំពើក្បត់ជាតិត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់ ហើយត្រូវតែរំលាយ បក្សនោះចោល និងហាមឃាត់ក្រុមជនក្បត់ជាតិជ្រកក្រោមស្លាកបក្សសង្គ្រោះជាតិកុំ ឱ្យធ្វើនយោបាយនៅកម្ពុជាបន្តទៀត៕

ដោយ ចៅ ចាក់ស្មុក