(ភ្នំពេញ)៖ ទីបំផុត ! សេចក្តីស្នើវិសោធនកម្មច្បាប់បោះឆ្នោតចំនួន៤ ពាក់ព័ន្ធនឹងនឹងការបែងចែកអាសនៈ ពេលរំលាយបក្សនយោបាយក្នុងរដ្ឋសភា ត្រូវបានព្រឹទ្ធសភាអនុម័តទាំងអស់ហើយ នៅវេលាម៉ោង៩៖១៤នាទីព្រឹក ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៧នេះ ដោយសំឡេង៤០ នៃសមាជិកព្រឹទ្ធសភាទាំងមូល។

សូមបញ្ជាក់ថា នៅម៉ោង៨៖០០ព្រឹក ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៧នេះ ព្រឹទ្ធសភា បានបើកកិច្ចប្រជុំពេញអង្គ ដើម្បីពិនិត្យ និងឱ្យយោបល់លើសេចក្តីស្នើច្បាប់បោះឆ្នោតចំនួន៤ ដែលពាក់ព័ន្ធនឹងការបែងចែកអសនៈរបស់ គណបក្សនយោបាយក្នុងរដ្ឋសភាដែលត្រូវរំលាយ។ នេះបើតាមការប្រកាសរបស់ព្រឹទ្ធសភា។

សេចក្តីស្នើច្បាប់បោះឆ្នោតចំនួន៤នោះ រួមមាន៖
១៖ វិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ
២៖ វិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងព្រឹទ្ធសភា
៣៖ វិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់
៤៖ វិសោធនកម្ម ច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ៕