(ភ្នំពេញ)៖ នៅម៉ោង៨៖០០ព្រឹក ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៧នេះ ព្រឹទ្ធសភា នឹងបើកកិច្ចប្រជុំពេញអង្គ ដើម្បីពិនិត្យ និងឱ្យយោបល់លើសេចក្តីស្នើច្បាប់បោះឆ្នោតចំនួន៤ ដែលពាក់ព័ន្ធនឹងការបែងចែកអសនៈរបស់ គណបក្សនយោបាយក្នុងរដ្ឋសភាដែលត្រូវរំលាយ។ នេះបើតាមការប្រកាសរបស់ព្រឹទ្ធសភា។

សេចក្តីស្នើច្បាប់បោះឆ្នោតចំនួន៤នោះ រួមមាន៖
១៖ វិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ
២៖ វិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងព្រឹទ្ធសភា
៣៖ វិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់
៤៖ វិសោធនកម្ម ច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។

លោក ម៉ម ប៊ុននាង អ្នកនាំពាក្យព្រឹទ្ធសភា បានបញ្ជាក់ថា សេចក្តីស្នើច្បាប់បោះឆ្នោតទាំង៤នេះ ជាមួយនឹងរបៀបវារៈចំនួន៦ផ្សេងទៀត ត្រូវបានគណៈកម្មាធិការអចិន្រ្តៃយ៍ នៃព្រឹទ្ធសភា បើកកិច្ចប្រជុំពិនិត្យ នៅរសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៧ ។ ក្រោយប្រជុំនេះ ព្រឹទ្ធសភា បានសម្រេចយកសេចក្តីស្នើច្បាប់ទាំង៤ខាងលើនេះ ដើម្បីដាក់ចូលក្នុងកិច្ចប្រជុំពេញអង្គព្រឹទ្ធសភា មុនគេតែម្តង ដោយសារតែសេចក្តីស្នើនេះ មានការបញ្ជាក់ជាមួយនឹងការប្រញ៉ាប់។

សូមបញ្ជាក់ថា បើតាមខ្លឹមសារ នៅក្នុងវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ មាត្រា១៣៨-ស្ទួន បានកំណត់ថា៖ «ក្នុងនីតិកាលនៃរដ្ឋសភា ប្រសិនបើមានគណបក្សនយោបាយណាមួយប្រកាសបោះបង់ចោលអសនៈ ឬត្រូវលុបឈ្មោះចេញពីបញ្ជីគណបក្សនយោបាយ ឬត្រូវរំលាយ ស្របតាមច្បាប់ស្តីពីគណបក្សនយោបាយ បញ្ជីបេក្ខជន និងតំណាងរាស្រ្តទាំងអស់ នៃគណបក្សនយោបាយនោះ លែងមានសុពលភាព និងលែងមានគុណសម្បត្តិតទៅទៀតហើយ។ ក្នុងករណីខាងលើនេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ត្រូវធ្វើការបែងចែកអាសនៈដែលនៅទំនេរនោះ ក្នុងរយៈពេលយ៉ាងយូរ៧ថ្ងៃ ទៅឱ្យគណបក្សនានា ដែលបានចូលរួមក្នុងការបោះឆ្នោត ក្នុងរាជធានី-ខេត្ត, ដោយមិនគិតបញ្ចូលគណបក្សនយោបាយដែលបោះបង់ចោលអាសនៈ ឬដែលត្រូវលុបឈ្មោះចេញពីបញ្ជីគណបក្សនយោបាយ ឬដែលត្រូវរំលាយ ស្របតាមច្បាប់ស្តីពី គណបក្សនយោបាយ និងគណបក្សនយោបាយ មានអាសនៈក្នុងរដ្ឋសភា ដែលដឹកនាំដោយរាជរដ្ឋាភិបាល...»

បើសិនជាច្បាប់នេះ ត្រូវបានចូលជាធរមាន គណបក្សដែលប្រឈមនឹងការអនុវត្តនូវច្បាប់នេះ មុនគេ គឺទំនងជាគណបក្សសង្រ្គោះជាតិ ដែលកំពុងរងពាក្យបណ្តឹងស្នើសុំឱ្យរំលាយពីគណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្សយុវជនកម្ពុជា ដោយចោទថា មេគណបក្សនេះ មានការឃុបឃិតជាមួយបរទេស ជាលក្ខណៈប្រព័ន្ធ ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា៕