(ស្វាយរៀង)៖ ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង លោកវេជ្ជបណ្ឌិត កែរ រដ្ឋា បានប្រាប់បណ្តាញសារព័ត៌មាន Fresh News នៅយប់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៧នេះថា នៅថ្ងៃនេះ មានប្រជាពលរដ្ឋរស់នៅឃុំគគីរ ស្រុករមាសហែក ចំនួន១៣នាក់ ដែលសង្ស័យថា រងគ្រោះដោយសារសារធាតុគីមី នៃគ្រាប់បែកគីមី ត្រូវបានបញ្ជូនមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង ដើម្បីពិនិត្យ ព្យាបាល។

លោក កែរ រដ្ឋា បានបញ្ជាក់ថា ប្រជាពលរដ្ឋទាំង១៣នាក់ថ្មីនេះ មានអាការៈប្រហាក់ប្រហែលនឹង ប្រជាពលរដ្ឋដែលកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យខេត្តដែរ គឺមានអាការៈរមាស់លើស្បែក។

បើតាមការបញ្ជាក់របស់ប្រធានមន្ទីរពេទ្យរូបនេះ ប្រជាពលរដ្ឋឃុំគគីរ១៥នាក់មុន ដែលមានអាការៈរមាស់លើរាយកាយត្រូវបានបញ្ជូនមកមន្ទីរពេទ្យនោះ ពេលនេះត្រូវបានគ្រូពេទ្យ អនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ ចំនួន៧នាក់ហើយ គឺសល់៨នាក់ ដូច្នេះបើបូកបញ្ចូលជាមួយ ពលរដ្ឋដែលមានបញ្ហាសុខភាពទើបមកថ្មីទៀត គឺមានចំនួន២១នាក់ កំពុងសម្រាកនៅមន្ទីរពេទ្យ។

សូមជម្រាបថា ដើម្បីសេចក្តីសុខ និងសុខុមាលភាពរបស់ប្រជាពលរដ្ឋក្នុងឃុំគគីរ ទីដែលរងគ្រោះដោយគ្រាប់បែកគីមី របស់់អាមេរិកនោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចាត់ឲ្យរដ្ឋមន្ត្រីក្រសួងសុខាភិបាល ដាក់បញ្ចូលប្រជាពលរដ្ឋនៅឃុំគគីរ និងតំបន់ជិតនោះ ក្នុងកម្មវិធីសមធម៌ ដោយទទួលបានការសម្រាកព្យាបាលជំងឺដោយឥតគិតថ្លៃឡើយ។

សូមបញ្ជាក់ថា កម្លាំងអាជ្ញាធរជាតិអាវុធគីមី និងកម្លាំងមជ្ឈមណ្ឌលបោសសំអាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ បានរកឃើញវត្តមានគ្រាប់ បែកគីមីបន្សល់ពី សម័យសង្រ្គាមរហូតដល់ ១៥ទីតាំងហើយនៅក្នុងឃុំគគីរ។ តាមការប៉ាន់ស្មានអាចនឹងមានគ្រាប់បែកជាច្រើនទៀត បន្សល់នៅក្នុងឃុំនេះ ដែលមិនទាន់រកឃើញនៅឡើយ។

ជាមួយគ្នាក្រសួងសុខាភិបាល ក៏បានរកឃើញកុមារតូចៗ៣នាក់ផងដែរ បានរងឥទ្ធិពលគ្រាប់បែកគីមីរបស់អាមេរិក រហូតធ្វើឲ្យពួកគេកើត មកមានភាពមិនប្រក្រតីដូចជាមាត់វៀច ក្បាលធំ និងរមាស់ពេញខ្លួនជាដើម។ កុមារទាំង៣នេះ នឹងត្រូវយកទៅព្យាបាលនៅមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ ក្រោមការតាមដានពិនិត្យផ្ទាល់ពីក្រសួងសុខាភិបាល។

ទន្ទឹមជាមួយការរកឃើញកុមារកើតមកមានភាពមិនប្រក្រតីនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ក៏បានសម្រេចបង្កើតមណ្ឌលសុខភាពមួយ នៅលើតំបន់រងការវាយប្រហារដោយគ្រាប់បែកគិមីនេះ ដើម្បីផ្តល់សេវាពិនិត្យសុខភាពជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។

សូមរំលឹកដែរថា ឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង ដែលមានព្រំដែនជាប់ជាមួយប្រទេសវៀតណាម គឺជាទីតាំងទម្លាក់គ្រាប់បែក យ៉ាងខ្លាំងក្លាមួយនៅក្នុង សម័យសង្រ្គាមវៀតណាម។ គ្រាប់បែកជាច្រើនប្រភេទ រួមទាំងគ្រាប់បែកគីមីផង បានបន្សល់មកដល់ពេលបច្ចុប្បន្ននេះ។ កងកម្លាំងអាជ្ញាធរជាតិគិមី និងស៉ីម៉ាក់ បានបើកប្រតិបត្តិការបោសសំអាតគ្រាប់បែកគីមីរបស់អាមេរិក នៅក្នុងឃុំគគីរ ចាប់តាំងពីដើមខែតុលា នេះមកម្ល៉េះ។ មកដល់ពេលនេះមានគ្រាប់បែកគីមីមួយគ្រាប់​ ហើយត្រូវបានយកចេញពីក្នុងដី ទៅរក្សានៅកន្លែងសុវត្ថិភាពមួយ។ កងកម្លាំងជំនាញ ក៏នឹងបន្តបោសសំអាតគ្រាប់បែកគិមីនេះ រហូតដល់អស់ពីក្នុងភូមិឋានរបស់ប្រជាពលរដ្ឋ៕