(ត្បូងឃ្មុំ)៖ ក្រោយពីវីដេអូមួយដែលទទួលបានពីមន្រ្តីរដ្ឋាភិបាល​ ជាភស្តុតាងថ្មីមួយទៀត ចំពោះលោក សម រង្ស៊ី ដែលប្រកាសអំពាវនាវឲ្យកងកម្លាំងប្រដាប់អាវុធ បែរកាណុងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជារួចមក នាថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៧នេះ មេបញ្ជាការ មេបញ្ជាការរង និងកងទ័ព នៃកងពលតូចថ្មើរជើងលេខ២១ ចំណុះឲ្យយោធភូមិភាគទី២ ស្ថិតនៅស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បានប្រកាសប្រឆាំងរាល់ការប៉ុនប៉ងផ្តួលរំលំ និងគ្មានថ្ងៃក្បត់រាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នោះឡើយ មានតែកម្ចាត់ក្រុមជនក្បត់ជាតិឲ្យអស់ ទើបប្រទេសជាតិមានសន្តិភាពសុខសាន្ត។

មេបញ្ជាការ មេបញ្ជាការរង និងកងទ័ពនៅកងពលតូចថ្មើរជើងលេខ២១ បានប្រកាសយ៉ាងដូច្នេះថា «យើងខ្ញុំទាំងអស់គ្នាជាកងទ័ពនៅក្នុងអង្គភាពកងពលតូចថ្មើរជើងលេខ២១ ប្រឆាំងរាល់ការប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាល មិនមានថ្ងៃក្បត់រាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន នោះឡើយ មានតែកម្ចាត់ក្រុមជនក្បត់ជាតិឲ្យអស់»។

មេបញ្ជាការ មេបញ្ជាការរង និងកងទ័ពនៅកងពលតូចថ្មើរជើងលេខ២១ បានបញ្ជាក់បន្តថា «យើងខ្ញុំទាំងអស់គ្នា សូមធ្វើការប្រកាសប្រឆាំងដាច់ខាតរាល់សកម្មភាពញុះញង់របស់ពួកអគតិ ដែលប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាល ទោះជាក្នុងកាលៈទេសៈណាក៏ដោយ យើងខ្ញុំស្មោះត្រង់ដាច់ខាតចំពោះជាតិ ចំពោះរដ្ឋាភិបាល ដែលដឹកនាំដោយសម្តេចតេជា ហ៊ុន សែន និងសូមគាំទ្រទាំងស្រុងនូវប្រសាសន៍របស់នាយឧត្តមសេនីយ៍ គន់ គីម អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះ ដែលបានថ្លែងប្រាប់សារព័ត៌មាន Fresh news នៅយប់ថ្ងៃទី១៨ ខែតុលា។ ពួកយើងស្រឡាញ់សម្តេចតេជោ ព្រោះសម្តេចជាអ្នកស្វែងរកសន្តិភាព និងអភិវឌ្ឍន៍ប្រទេសជាតិ ខុសគ្នាដាច់ស្រឡះពី សម រង្សី និង កឹម សុខា ដែលចេះតែញុះញង់ធ្វើឲ្យខ្មែរបែកបាក់ប៉ុណ្ណោះ»។

មេបញ្ជាការ មេបញ្ជាការរង និងកងទ័ពនៅកងពលតូចថ្មើរជើងលេខ២១ បានប្តេជ្ញារក្សាសុខសន្តិភាពជូនជាតិមាតុភូមិ ប្រឆាំងរាល់ការប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន។

ការប្រកាសប្រឆាំង និងកំចាត់ជនក្បត់ជាតិខាងលើនេះ ធ្វើឡើងបន្ទាប់ពី វិដេអូមួយដែលទទួលបានពីមន្រ្តីរដ្ឋាភិបាលជាភស្តុតាងថ្មីមួយទៀត ដែលលោក សម រង្ស៊ី ប្រកាសអំពាវនាវឲ្យកងកម្លាំងប្រដាប់អាវុធ បែរកាណុងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់របស់សម្តេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា។

វីដេអូនេះលោក សម រង្ស៊ី បាននិយាយកាលពីថ្ងៃទីោ៤ ខែមិថុនា ឆ្នាំ២០១១ (មុនបង្កើតគណបក្សសង្រ្គោះជាតិ) នៅទីក្រុងឡូវែល រដ្ឋម៉ាស្សាឈូសែត សហរដ្ឋអាមេរិក ដោយលោក សម រង្ស៊ី បាននិយាយដូច្នេះថា «របប ហ៊ុន សែន ជិតដួលរលំហើយ ការបះបោរយើងត្រូវការរៀបចំ ការណែនាំ ត្រូវការការផ្គត់ផ្គង់ឧបត្ថម្ភ ខ្នងបង្អែក ដើម្បីឲ្យការបះបោរផ្ទុះឡើង និងកងកម្លាំងប្រដាប់អាវុធបែរចុងកាណុងផ្តួលរំលំរបបផ្តាច់ការ ហ៊ុន សែន»។ (សូមស្តាប់ការលើកឡើងរបស់លោក សម រង្ស៊ី)៖

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានហៅការថ្លែងរបស់លោក សម រង្ស៊ី តាមរយៈវីដេអូនេះថា ជាការផ្សារភ្ជាប់ទៅនឹងវីដេអូរបស់លោក កឹម សុខា ដែលកំពុងជាប់ចោទពីបទក្បត់ជាតិ ព្រោះតែបង្ហាញគម្រោងផ្តួលរំលំរាជរដ្ឋាភិបាល ដោយឃុបឃិតជាមួយសហរដ្ឋអាមេរិក។

នៅក្នុងជំនួបជាមួយកម្មករ-កម្មការិនី ជាង១ម៉ឺននាក់ នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា «មួយទៀតអំពីការអំពាវនាវឱ្យកងទ័ព និងនគរបាល កម្លាំងប្រដាប់អាវុធ ចេញមកដើម្បីនឹងបង្វែរកាណុងចូល។ នេះគឺនិយាយតាំងពីថ្ងៃ០៤ ខែមិថុនា ឆ្នាំ២០១១ ប៉ុន្តែវាផ្សារភ្ជាប់គ្នាជាមួយនឹងការនិយាយ នៅទីក្រុងណូវែល រដ្ឋម៉ាសាឈូសេត សហរដ្ឋអាមេរិក គេបាននិយាយថា របប ហ៊ុន សែន ជិតដួលរលំហើយ ការបះបោរ យើងត្រូវការរៀបចំការណែនាំ ត្រូវការការផ្គត់ផ្គង់ឧបត្ថម្ភ ខ្នងបង្អែក ដើម្បីឱ្យការបះបោរផ្ទុះឡើង និងកងកម្លាំងប្រដាប់អាវុធបែរចុងកាណុងផ្តួលរំលំរបបផ្តាច់ការហ៊ុនសែន»៕