(ពោធិ៍សាត់)៖ ឧញ៉ាបណ្ឌិត ទ្រី ភាព ទីប្រឹក្សាផ្ទាល់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងជាអគ្គនាយកក្រុមហ៊ុនទ្រី ភាព គ្រុប និងលោកស្រី ព្រមទាំងសហការី អាចារ្យគណៈកម្មការ ពុទ្ធបរិស័ទចំណុះជើងវត្ត និងពុទ្ធបរិស័ទមកពីទីក្រុងភ្នំពេញ មានសទ្ធាជ្រះថ្លា បានផ្តួចផ្តើមធ្វើបុណ្យកឋិនទានសាមគ្គី ដើម្បីវេរប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សាអស់កាលត្រីមាស ក្នុងព័ទ្ធសីមាវត្តសិរីគង្គាសេដ្ឋារាម ហៅវត្តព្រែក ស្ថិតក្នុងភូមិព្រែក១ ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៧នេះ។

នៅក្នុងឱកាសនោះ ក៏មានការចូលរួម ពីលោក ខូយ សុខា ប្រធានក្រុមប្រឹក្សាខេត្ត, លោក ម៉ក់ រ៉ា ទីប្រឹក្សាក្រសួងមហាផ្ទៃ, លោក អ៊ឹង គឹមលាង អភិបាលរងខេត្ត តំណាងលោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ ព្រមទាំងលោក លោកស្រី មន្ត្រីអ្នកមុខអ្នកការ ក្នុងខេត្ត ស្រុក និងពុទ្ធបរិស័ទ ម្ចាស់ដើមទាន ប្រធានដើមបុណ្យ ទាំងមកពីភ្នំពេញ និងចំណុះជើងវត្តយ៉ាងច្រើនកុះករ ក៏បានធ្វើពិធីដង្ហែអង្គកឋិនទានសាមគ្គី ប្រទក្សិណព្រះវិហារ ទៅតាមគន្លង នៃព្រះពុទ្ធសាសនា ដែលមានតាំងពីយូរលង់ណាស់មកហើយយ៉ាងគគ្រឹកគគ្រែង។

លោកឧញ៉ាបណ្ឌិត ទ្រី ភាព បានថ្លែងថា នេះគឺជារដូវកាលមួយ ទាំងព្រះសង្ឃ និងទាំងគ្រហស្ថ ទាំងក្នុង និងក្រៅប្រទេសដែលជាអ្នកកាន់ ព្រះពុទ្ធសាសនា តែងតែរួបរួមសាមគ្គីឯកភាពគ្នា នៅក្នុងក្រុមគ្រួសារ និងសហគមន៍ ប្រារព្ធធ្វើបុណ្យអង្គកឋិនទាន ដោយសទ្ធាជ្រះថ្លាក្នុងរយៈពេល តែ២៩ថ្ងៃ ដោយចាប់ពីថ្ងៃ១រោជ ខែអស្សុជ ដល់ថ្ងៃ១៤កើត ខែកក្តិកនៃឆ្នាំនីមួយៗ មិនដែកអាកខានឡើយ។ ដោយហេតុយ៉ាងនេះហើយបាន ជាបង្កើតឲ្យមានបុណ្យកឋិនទានសាមគ្គីនេះឡើង ដើម្បីប្រមូលគៀងគររកថវិកាជួយទ្រទ្រង់ដល់វិស័យសាសានា របស់ជាតិយើងជាពិសេស នៅក្នុងវត្តសិរីគង្គាសេដ្ឋារាម ដែលកំពុងជួបកង្វះខាតច្រើនត្រូវទាមឲ្យមានការអភិវឌ្ឍន៍ជាបន្តបន្ទាប់ដូចជាសាលាឆាន់មានសភាពទ្រុឌទ្រោម។

លោកឧញ៉ាបណ្ឌិត ទ្រី ភាព បានបញ្ជាក់ថា អង្គកឋិនទានទទួលបានបច្ច័យជាង៣២លានរៀល សម្រាប់កសាងសាលាឆាន់ប្រគេនព្រះសង្ឃ ក្រាលគ្រងមួយអង្គចំនួន៣០០ដុល្លារ ភិក្ខុគង់ហត្ថបាស់៣អង្គ ក្នុងអង្គ២០០ដុល្លារ និងព្រះសង្ឃនៅក្នុងវត្តចំនួន១៣អង្គ ក្នុងមួយអង្គ១០០ដុល្លារ ជួយឧបត្ថម្ភថវិកានគរបាលស្រុកភ្នំក្រវាញ២លានរៀល កងរាជអាវុធហត្ថស្រុក១លាន៥០ម៉ឺនរៀល និងប្រជាការពារ១លាន៥០ម៉ឺនរៀល។

លោក សូ សាហុង អភិបាលស្រុកភ្នំក្រវាញ បានថ្លែងនូវអំណរគុណ ឧកញ៉ាបណ្ឌិត ទ្រី ភាព និងលោកស្រី ព្រមទាំងសហការី ដែលមានសទ្ធាជ្រះថ្លា ផ្តូចផ្តើមប្រារព្ធធ្វើអង្គកឋិនទាន ដង្ហែចូលមកវត្តសិរីគង្គាសេដ្ឋារាម ហៅវត្តព្រែក ជាលើកទី២ កាលពីឆ្នាំ២០១៥ ដែលដង្ហែចូលរួមម្តងមកហើយ។ លោកបានឲ្យដឹងទៀតថា សមិទ្ធផលក្នុងនោះព្រះវិហាដ៏ថ្មីស្រឡាង នៅក្នុងវត្តសេរីគង្គាសេដ្ឋារាម ឧកញ៉ាបណ្ឌិត ជាអ្នកកសាងផ្ទាល់ ហើយនៅពេលខាងមុខនេះនឹងកសាងសាលាឆាន់មួយទៀត ជំនួសសាលាឆាន់ចាស់ដែលទ្រុឌទ្រោម៕