(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៧នេះ លោក យស់ យុទ្ធី អភិបាលរងខណ្ឌ និងលោក ចាប ឌីណា នាយករដ្ឋបាលសាលាខណ្ឌ បានដឹកនាំកម្លាំងប្រជាការពារខណ្ឌ ចុះបង្ក្រាបទីតាំងហ្គេមបាញ់ត្រី មួយកន្លែង ដកហូតបានទូហ្គេមបាញ់ត្រីចំនួន១ និងឃាត់ខ្លួនមនុស្ស៥នាក់ ដោយឡែកម្ចាស់ទូហ្គេម រត់គេចខ្លួនបានស្រមោល ស្ថិតនៅក្នុងសង្កាត់ស្រះចក (ក្រោយទូតបារាំង) ខណ្ឌដូនពេញ ក្រុងភ្នំពេញ។

លោក ចាប ឌីណា បានបញ្ជាក់ថា ប្រតិបត្តិការបង្ក្រាបល្បែងស៊ីសង ខាងលើនេះ និងត្រូវបានអនុវត្តជាបន្តបន្ទាប់តាមគោលការណែនាំ ពីអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង និងអភិបាលខណ្ឌដូនពេញ លោក សុខ​ ពេញវុធ ហើយចំពោះម្ចាស់ទីតាំងផ្សេងៗ ដែលបច្ចុប្បន្ន កំពុងលួចលាក់បើកល្បែងហ្គេមបាញ់ត្រី ឫត្រៀមលក្ខណៈបើកល្បែងភ្នាល់ស៊ីសង ដែលជ្រកក្រោមស្លាកយីហាមានច្បាប់ គ្រប់ប្រភេទ ត្រូវបញ្ឈប់សកម្មភាពជាបន្ទាន់ បើមិនដូច្នេះទេប្រាកដជាប្រឈម និងវិធានបង្ក្រាប ដោយមិនអាចលើកលែងបានឡើយ៕