(ភ្នំពេញ)៖ យុវជនម្នាក់ជិះម៉ូតូម៉ាក់ Today ជែងជាមួយរ៉ឺម៉ក់កង់បី មិនផុតចាប់ហ្វ្រាំងឈប់បង្ខំបណ្តាលឲ្យដួលកណ្តាលផ្លូវស្របពេលរថយន្ត ម៉ាកសាំយ៉ុង១គ្រឿង មកដល់ក៏កិនបែកក្បាលធ្លាយខួរស្លាប់ យ៉ាងអាណោធអាធ័មនៅកន្លែងកើតហេតុ ហើយអ្នកបើកម៉ូតូរ៉ឺម៉ក់កង់បី បើករត់គេចបាត់ស្រមោល ឯម្ចាស់រថយន្តត្រូវប្រជាពលរដ្ឋឃាត់ខ្លួនបានភ្លាមៗ ប្រគល់ឲ្យសមត្ថកិច្ច។

ឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរនោះ កើតឡើងកាលពីវេលាម៉ោង៣៖៤៥នាទីរសៀល ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៧នេះ នៅលើកំណាត់ផ្លូវវ៉េងស្រង ត្រង់ចំណុចជិតអាងទឹក ក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ជនរងគ្រោះឈ្មោះ រឹត យ៉ាវ អាយុជាង២០ឆ្នាំ មានទីលំនៅក្នុងខេត្តព្រៃវែង និងស្នាក់នៅក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ជិះម៉ូតូ១គ្រឿងម៉ាកហុងដាធូដេពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ GD-8508។ ចំណែករថយន្តម៉ាកអេសសាំយ៉ុង១គ្រឿងនោះ ពណ៌សពាក់ស្លាកលេខភ្នំពេញ 2AF-1974 បើកបរដោយបុរសម្នាក់។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះបានជិះម៉ូតូធ្វើដំណើរក្នុងទិសដៅពីលិចទៅកើតតែម្នាក់ឯង ប៉ុណ្ណោះលុះពេលទៅដល់ត្រង់ចំណុចកើតហេតុខាងលើ បានវ៉ាជាមួយម៉ូតូរ៉ឺម៉កកង់បី១គ្រឿង នៅខាងមុខខណៈនោះជនរងគ្រោះបានចាប់ហ្វ្រាំង ឈប់ដោយការបង្ខំ។ បណ្ដាលឲ្យដួលបោកទៅលើថ្នល់ស្របពេលនោះមានថយន្តម៉ាក អេសសាំងយ៉ុង ធ្វើដំណើរក្នុងទិសដៅស្របគ្នា បានទៅដល់ហើយក៏បានបុក និងកិនជនរងគ្រោះបណ្ដាលឲ្យបែកក្បាលធ្លាយខួរស្លាប់ភ្លាមៗ នៅនឹងកន្លែងតែម្ដង។

ក្រោយមកអ្នកបើកបររថយន្តត្រូវបានអ្នកនៅក្បែរនោះនាំគ្នាឃាត់ ប៉ុន្តែគាត់មិនបានចុះចេញពីរថយន្តនោះទេ ព្រោះខ្លាចត្រូវប្រជាពលរដ្ឋវាយ រហូតពេលនគរបាលទៅដល់នាំយកទៅកាន់ប៉ុស្ដិ៍រង់ចាំប្រគល់បន្តទៅខាងនគរបាលការិយាល័យចរាចរផ្លូវគោក នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ ធ្វើការសួរនាំ និងកសាងសំណុំរឿងចាត់កាត់តាមនីតិវិធីច្បាប់៕