(ភ្នំពេញ)៖ ឧត្តសេមសេនីយឯក ព្រហ្ម ឌិន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគពិសេស ព្រមទាំង មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហាន បានហៅសម្តីរបស់លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្រ្គោះជាតិ ដែលបានអំពាវនាវឲ្យកងទ័ពបង្វែរកាណុងកាំភ្លើងទៅរករាជរដ្ឋាភិបាលនោះថា ជាសកម្មភាព និងជាចរិតនៃពូជក្បត់ជាតិ ដែលមានឪពុកជាជនក្បត់ជាតិធ្លាប់ធ្វើសកម្មភាពប្រឆាំងសម្តេច នរោត្តម សីហនុ ប្រមុខរដ្ឋដ៏ល្បាញល្បីក្នុងសង្គមរាស្រ្តនិយម។

ជាមួយនឹងសម្តីធ្ងន់ៗឯកឧត្តម  ឧត្តមសេនីយ៍ឯកព្រហ្ម ឌិន  បានបញ្ជាក់ នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៧នេះថា «ថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហាន នៃអង្គភាពយោធភូមិភាគពិសេស  ប្រឆាំងយ៉ាងដាច់អហង្ការចំពោះសម្ដីរបស់ទណ្ឌិត សម រង្ស៊ី ដែលប្រកាសអំពាវនាវឲ្យកងកម្លាំងប្រដាប់អាវុធ បែរកាណុងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ របស់សម្តេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា»

ឧត្តមសេនីយ៍ឯក ព្រហ្ម ឌិន បន្តថា «ការអំពាវនាវរបស់ទណ្ឌិត សម រង្សី នេះ គឺជាចរិតនៃពូជក្បត់ជាតិ ហើយបានផ្សារភ្ជាប់យ៉ាងជិតស្និទ្ធទៅនឹងជនក្បត់ជាតិ កឹម សុខា ដែលសារជាតិពួកក្បត់ជាតិ និងពូជក្បត់ជាតិនេះនៅតែក្បត់ ដោយពួកគេរកគ្រប់វិធី ដើម្បីបំផ្លាញសុខសន្តិភាពរបស់ប្រទេសជាតិ និង សេចក្តីសុខរបស់ប្រជាពលរដ្ឋនៅគ្រប់ដង្ហើមចេញចូល តាមរយៈសកម្មភាពញុះញុង បំបែកបំបាក់ លាបពណ៌ បំផ្លិចបំផ្លាញប្រទេសជាតិ»

ឧត្តមសេនីយ៍ឯក ព្រហ្ម ឌិន ព្រមទាំងមេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហាន  ក៏បានប្រកាសជំហរម៉ឺងម៉ាត់ ក្នុងការការពាររាជរដ្ឋាភិបាល និងស្នើសុំស្ថាប័នតុលាការចាត់វិធានការពួកក្បត់ជាតិទាំងនេះឲ្យខាងតែបាន ដោយមិនត្រូវអត់ឱនឲ្យឡើយ។តាងនាមមេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហាន ក្នុងកងឯកភាពយោធភូមិភាគពិសេស សូមប្រកាសគាំទ្រ ការពាររាជារដ្ឋាភិបាល ដែលដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន និងប្រឆាំងដាច់ខាត ចំពោះទង្វើក្បត់ជាតិរបស់ទណ្ឌិតសម រស្ស៊ី និងបក្ខពួក ។

សូមបញ្ជាក់ថា ប្រតិកម្មរបស់ឧត្តមសេនីយ៍ឯក ព្រហ្ម ឌិន ព្រមទាំងមេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហាន បានធ្វើឡើងបន្ទាប់ពីបានឃើញវីដេអូរបស់លោក សម រង្ស៊ី ដែលបានថ្លែងជាមួយខ្មែរនៅក្រៅស្រុកថា កងទ័ពកំពុងមានបំណងបះបោរផ្តួលរំលំរាជរដ្ឋាភិបាល។ ក្នុងវីដេអូ ថ្លែងជាមួយប្រជាពលរដ្ឋខ្មែរនៅសហរដ្ឋអាមេរិក កាលពីឆ្នាំ២០១១នោះ លោក សម រង្ស៊ី បានថ្លែងថា កងទ័ព និងកម្លាំងប្រដាប់អាវុធ មានតែបង្វែរកាណុងទៅកាន់រាជរដ្ឋាភិបាល ព្រោះតែការរស់នៅរបស់ពួកគេកាន់តលំបាកទៅៗ៕