(បាត់ដំបង)៖ កម្លាំងការិយាល័យផែននគរបាលប្រឆាំងបទល្មើសនេសាទ សហការជាមួយកម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានចុះប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទ ក្នុងភូមិសាស្ត្រស្រុកមោងឬស្សី ដកហូតវត្ថុតាងសាច់មង ជាង១ម៉ឺនម៉ែត្រ និងសម្ភារមួយចំនួនធំ។

លោកវរសេនីយ៍ឯក កុយ ហៀង ស្នងការរងទទួលផែននគរបាលប្រឆាំងបទល្មើស បានថ្លែងប្រាប់ភ្នាក់ងារសារព័ត៌មាន Fresh News ប្រចាំខេត្តបាត់ដំបង ឲ្យដឹងថា ដោយអនុវត្តតាមស្មារតីនៃកិច្ចប្រជុំអន្តរក្រសួង ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទនៅបឹងទន្លេសាប កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០១៧កន្លងទៅនេះ និងអនុវតតាមបទបញ្ជាលោកឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការរងនគរបាលខេត្តបាត់ដំបង លោកជាស្នងការរងផែននគរបាលប្រឆាំងបទល្មើសនេសាទ រួមនិងលោកវរសេនីយ៍ឯក ម៉ៅ រង្សី នាយការិយាល័យនគរបាលប្រឆាំងបទ ល្មើសសេដ្ឋកិច្ច បានសហការគ្នាដឹកនាំកម្លាំងចុះប្រតិបត្តិការបង្ក្រាបជាបន្ដបន្ទាប់។

លោកវរសេនីយ៍ឯក កុយ ហៀង បានបន្តថា ជាក់ស្ដែងកាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧ម្សិលមិញ លោកបានដឹកនាំកម្លាំងសហការ ជាមួយកម្លាំង នៃអធិការដ្ឋាននគរបាលស្រុកមោងឬស្សី សរុប៦២នាក់ រួមនឹងប្រជាពលរដ្ឋ១២នាក់ បានចុះទៅដល់តំបន់រនាមក្រោម ក្នុងភូមិសាស្ត្រឃុំជ្រៃ ចំនួន៣គោលដៅរួមមាន៖ ទី១៖ គោលដៅដំណាក់លោក, ទី២៖ គោលដៅតាដាកុំ, និង៣៖ គោលដៅអូរក្បាលស្ទឹង។

លោកវរសេនីយ៍ឯក កុយ ហៀ បានបញ្ជាក់ថា នៅក្នុងកិច្ចប្រតិបត្តិការនេះជាក់ស្ដែងជាលទ្ធផលសមត្ថកិច្ចជំនាញបង្ក្រាបបានមាន៖ ទី១៖ សាច់មងចំនួន១៣,៥០០ម៉ែត្រ, ទី២៖ ឡុកចំនួន៣៤ឡុក, ទី៣៖ បង្គោលចំនួន៤,៥០០ដើម, និងទី៤៖ បានព្រលែងកូនត្រីចម្រុះជាង៣០០គីឡូក្រាមផងដែរ។

បច្ចុប្បន្នសម្ភារៈបទល្មើសខាងលើត្រូវសមត្ថកិច្ចជំនាញបានឯកភាពធ្វើការដុតបំផ្លាញចោលនៅនឹងកន្លែងភ្លាមៗតែម្តង៕