(បន្ទាយមានជ័យ)៖ មន្ត្រីសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោក ស៊ាន ស៊ីណាត ប្រធានសាខាកាំកុងត្រូល លោក ឈុន ពិសិដ្ឋ និងក្រោមការសម្របសម្រួលពីលោក តេង សាម៉ៃ ព្រះរាជអាជ្ញារងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៧ បានបង្ក្រាបការនាំសាច់មាន់មាន់ខូចគុណភាព ចំនួន៨៦០គីឡូក្រាម ដែលនាំចូលពីប្រទេសថៃ ហើយបានយកដុតកម្ទេចចោលតែម្តងនៅរសៀលថ្ងៃដដែលនេះ។

លោក ហុង លៀង អនុប្រធានសាខាទទួលបន្ទុកការិយាល័យប្រមូលចំណូល និងទីផ្សារ ខេត្តបន្ទាយមានជ័យបានថ្លែងប្រាប់ Fresh News ថា «សាច់មាត់ខូចគុណភាព ទាំងនេះ ត្រូវមន្រ្តីយើងចាប់បាន នៅថ្ងៃនេះ បន្ទាប់ពីមន្រ្តីជំនាញបានស៊ើបអង្កេតឃ្លាំមើលជាប្រចាំ ទើបឈានដល់ធ្វើការបង្រ្កាបបានតែម្តង ហើយមន្រ្តីរបស់យើង សហការជាមួយកម្លាំងនគរបាលអន្តោប្រវេសន៍ច្រកទ្វារប៉ោយប៉ែត និងមន្រ្តីគយយកទៅដុតបំផ្លាញចោលតែម្តង នៅក្នុងបរិវេណកាស៊ីណូ នៅរសៀលថ្ងៃដដែលនេះ»

ជាមួយគ្នានេះ លោកប្រធានសាខាកាំកុងត្រូល តែងតែចាត់ឲ្យមន្រ្តីជំនាញឈរជើងនៅតាមមាត់ច្រកព្រំដែន កម្ពុជា-ថៃ ឃ្លាំមើលជាប្រចាំ ដើម្បីទប់ស្កាត់ការនាំចូលទំនិញ ខូចគុណភាពទាំងនេះ ពិសេសទំនិញពាក់ព័ន្ធនឹងចំណីអាហារប្រចាំថ្ងៃ ដល់អ្នកប្រើប្រាស់ក្នុងទឹកដីខេត្តបន្ទាយមានជ័យ។

ជាមួយគ្នានេះ លោកបានអំពាវនាវបន្ថែមទៀត ដល់ប្រជាពលរដ្ឋទូទៅ អ្នកនាំទំនិញចូលទីផ្សារ ក៏ដូចជាអាជីវករលក់ដូរទំនិញ៕