(ភ្នំពេញ)៖ រយៈពេល៥អាណត្តិមកហើយ ដែលសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ​ មានចៅសង្កាត់ឈ្នះឆ្នោត មកពីគណបក្សប្រជាជនកម្ពុជា ខណៈគេកម្រឃើញណាស់ ក្នុងរាជធានីភ្នំពេញ ដែលមានសង្កាត់ដែលគ្រប់គ្រងដោយបក្សប្រជាជនគ្រប់អាណត្តិបែបនេះ។

ជុំវិញនឹងការជួយ ឲ្យគណបក្សប្រជាជន ក្នុងសង្កាត់ព្រែកតាសេក បន្តឈ្នះឆ្នោតគ្រប់អាណត្តិ លោក អឿ សុផុន ចៅសង្កាត់ព្រែកតាសេក បានអះអាងថា ការដែលនាំឲ្យសង្កាត់ឈ្នះឆ្នោតគ្រប់អាណត្តិនេះ ដោយសារការលះបង់ និងចេះអត់ធ្មត់ ចំពោះប្រជាពលរដ្ឋ។

ការលះបង់របស់លោក អឿ សុផុន គឺជាការលះបង់ទាំងពេលវេលា ទ្រព្យធុន និងសេចក្តីសុខផ្ទាល់ខ្លួន ដើម្បីប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ ចំណែកការអត់ធ្មត់វិញ គឺអត់ធ្មត់ចំពោះក្មេងកោងកាច ខិតខំព្យាយាមអប់រំប្រដៅឲ្យពួកគេដើរផ្លូវល្អ។

ចៅសង្កាត់ដែលប្រជាពលរដ្ឋ គោរពស្រឡាញ់រូបនេះបានអះអាងថា លោកបានចំណាយថវិកាផ្ទាល់ខ្លួន ជាច្រើនសន្ធឹកសន្ធប់ ដើម្បីកសាងស្ពាន ផ្លូវថ្នល់ឲ្យប្រជាពលរដ្ឋប្រើប្រាស់ស្ទើររាប់មិនអស់ ដោយលោកតែងតែគិតថា ការធ្វើបុណ្យនឹងផ្លូវស្ពាននេះ គឺបានបុណ្យច្រើន ដែលធ្វើឲ្យប្រជាពលរដ្ឋក្នុងភូមិឃុំរបស់ខ្លួន លែងដើរកាត់ទឹក និងមិនបារម្ភកូនៗ របស់ប្រជាពលរដ្ឋលង់ទឹកស្លាប់។

ចំពោះសំណួរសួរថា តើលោកបានថវិកាពីណាច្រើនសន្ធឹក ដើម្បីកសាងសមិទ្ធផលជូន ដល់ប្រជាពលរដ្ឋ លោកចៅសង្កាត់ អឿ សុផុន បញ្ជាក់ថា លោកមានគ្រឿងចក្រ ដែលអាចធ្វើឈូសឆាយធ្វើបាន ហើយលើសពីនេះ ក្រុមគ្រួសារលោក មានរបររកស៉ីលក់អាចម៍ដី ដូច្នេះនៅពេលដីមិនទាន់ថ្លៃ គឺទិញដីកាយយកអាចម៍ដីលក់ ដែលតម្លៃត្រឹម១ការ៉េ១ដុល្លារប៉ុណ្ណោះ នៅពេលដីឡើងថ្លៃ ដីកន្លែងដែលកាយយកអាចម៍ដីនោះ កើនដល់១ការ៉េ១០០ដុល្លារ ដូច្នេះលោកលក់តែ១ហិកតា អាចកសាងផ្លូវជូនប្រជាជនបាន៕