(ភ្នំពេញ)៖ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង នៅថ្ងៃទី១៩ ខែតុលានេះ បានចុះមកពង្រឹងសេវាសុខាភិបាល និងសួរសុខទុក្ខអ្នកជំងឺ ដែលមកសម្រាកព្យាបាលជំងឺនៅ អគារសម្ដេចតេជោហ៊ុនសែន ដែលស្ថិតក្នុងមន្ទីរពេទ្យមិត្ដភាពខ្មែរ-សូវៀត ។

រដ្ឋមន្ដ្រី បានថ្លែងថា ដើម្បីឆ្លើយតប តាមការផ្ដល់សេវាព្យាបាលជំងឺ ជូនប្រជាពលរដ្ឋ ឲ្យបានកាន់តែប្រើសើរឡើង តាមរយៈក្រសួងសុខាភិបាល សម្ដេចតេជោហ៊ុនសែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានឧបត្ថម្ភគាំទ្រការសាងសង់អគារដ៏ធំមួយ ដែលមានកម្ពស់៥ជាន់ រួមទាំងជាន់ផ្ទាល់ដី និងមាន៧២បន្ទប់ ដែលអគារនេះ មានព្យាបាលជំងឺក្រៅ រួមមាន៖ ជំងឺភ្នែក ត្រចៀក ច្រមុះ បំពង់ករ ជំងឺប្រព័ន្ធប្រសាទ ជំងឺសើរស្បែក ចក្ខុរោគ និងជំងឺផ្សេងៗទៀត។

លោកវេជ្ជបណ្ឌិត បានថ្លែងថា «អគារពិនិត្យ-ព្យាលបាល សម្ដេចតេជោ ហ៊ុនសែន បានជួយផ្គត់ផ្គង់ ដល់តម្រូវការរបស់ប្រជាពលរដ្ឋរបស់យើងច្រើនណាស់ ដោយក្នុងរយៈពេល៦ឆ្នាំចុងក្រោយនេះ គិតចាប់ពីឆ្នាំ២០១២ ដល់ឆ្នាំ២០១៧ មន្ទីរពេទ្យមិត្ដភាព-ខ្មែរសូវៀត មានអ្នកជំងឺមកទទួលសេវាពិគ្រោះក្រៅ បានកើនដល់៥២% និងអ្នកជំងឺដែលមកសម្រាកពេទ្យ បានកើនដល់៨៥% ដោយប្រៀបធៀប ពីឆ្នាំ២០១២ ហើយអត្រាប្រើប្រាស់គ្រែបច្ចុប្បន្ន មានរហូតដល់ទៅ១១៥% ក្នុងចំណោមគ្រែសរុប របស់មន្ទីរពេទ្យចំនួន៦០០គ្រែ ។ដូនេះ ការសាងសង់អគារនេះឡើង នឹងជួបបំពេញបន្ថែមភាពខ្វះខាត សម្រាប់គ្រូពេទ្យ និងប្រជាពលរដ្ឋ ដែលមកពិនិត្យព្យាបាល មានគ្រែគ្រប់គ្រាន់ មានឧបករណ៍ បរិក្ខារពេទ្យកាន់តែច្រើន ទីធ្លារធំទូលាយ អនាម័យល្អ ពិសេសពេទ្យរបស់យើង ក៏បម្រើសេវាព្យាបាលអ្នកជំងឺ ដោយយកចិត្ដទុកដាក់ថែមទៀត»។

ទន្ទឹមនឹងនោះ ក្រុមគ្រួសារអ្នកជំងឺ និងអ្នកជំងឺ ដែលមកពិនិត្យព្យាបាល នៅអគារសម្ដេចតេជោហ៊ុនសែន ក៏បានសម្ដែងការសប្បាយរីករាយយ៉ាងខ្លាំង ដែលមានអគារថ្មី ស្អាត មានផាសុកភាព និងសេវាសុខាភិបាលបានកាន់តែប្រសើរ ជូនពួកគាត់គ្រប់ពេល។

អគារសម្ដេចតេជោហ៊ុនសែន ចាប់ផ្ដើមសាងសង់នៅថ្ងៃទី០៨​ខែ សីហា ឆ្នាំ២០១៥ បញ្ចប់ការសាងសង់ នៅខែកុម្ភៈ ឆ្នាំ២០១៧ ដែលរយៈពេលសាងសង់១ឆ្នាំ៦ខែ​ ដែលមានកម្ពស់៥ជាន់ ៧២បន្ទប់ និងមានព្យាបាលជំងឺក្រៅ រួមមាន ជំងឺភ្នែក ត្រចៀក ច្រមុះ បំពង់ករ ជំងឺប្រព័ន្ធប្រសាទ ជំងឺសើរស្បែក ចក្ខុរោគ និងជំងឺផ្សេងៗទៀត៕