(ភ្នំពេញ)៖ ក្រោយពីវិដេអូមួយដែលទទួលបានពីមន្រ្តីរដ្ឋាភិបាល​ ជាភស្តុតាងថ្មីមួយទៀត ចំពោះលោក សម រង្ស៊ី ដែលប្រកាសអំពាវនាវឲ្យកងកម្លាំងប្រដាប់អាវុធ បែរកាណុងផ្តួលរំលំរាជរដ្ឋាភិបាល ស្របច្បាប់ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជារួចមក នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៧នេះ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន បានប្រកាសតាមរយៈបណ្តាញព័ត៌មាន Fresh News ថា ប្រឆាំងដាច់ខាតរាល់ការប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងបានថ្លែងខ្លាំងៗថា បើមិនកម្ចាត់ជនក្បត់ជាតិ នៅពេលនេះទេ សង្គ្រាមប្រាកដជាកើតឡើងជាក់ជាមិនខាន។

លោករដ្ឋមន្ត្រី ថោង ខុន បានប្រកាសយ៉ាងដូច្នេះថា «បើមិនកម្ចាត់ជនក្បត់ជាតិនៅពេលនេះទេ សង្គ្រាមប្រាកដជាកើតឡើងជាក់ជាមិនខាន ដល់ពេលនោះប្រជាពលរដ្ឋកម្ពុជា ប្រាកដជានឹងស្លាប់រាប់ពាន់រាប់ម៉ឺននាក់ ដោយសារការផ្ទុះសង្គ្រាមដែលកើតចេញពីទង្វើរបស់ក្រុមក្បត់ជាតិទាំងនោះ ដូច្នេះហើយការចាត់វិធានការទាន់ពេលវេលាចំពោះអំពីក្បត់របស់ កឹម សុខា គឺជាភាពឈ្លាសវៃប្រកបដោយស្មារតីទទួលខុសត្រូវបំផុតចំពោះជាតិ និងប្រជាជន របស់សម្តេចតេជានាយករដ្ឋមន្ត្រី»

លោករដ្ឋមន្រ្តីអះអាងច្បាស់ៗបន្តថា «ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ ក៏ដូចជាវិស័យទេសចរណ៍ ត្រូវការជាចាំបាច់បំផុតគឺសន្តិភាព បើគ្មានសន្តិភាពទេ ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធនឹងត្រូវខ្ទេចខ្ទាំ គ្មានការអភិវឌ្ឍ គ្មានភ្ញៀវមកទស្សនា កម្ពុជានោះឡើយ វិស័យទេសចរណ៍នឹងស្ថិតក្នុងសូន្យតែម្តង»

លោករដ្ឋមន្ត្រីបានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី បាននាំមកការរីកចម្រើនឥតឈប់ឈរ មានការផ្សះផ្សាជាតិ បង្រួបបង្រួមជាតិ មានស្ថិរភាព និងសុខសន្តសន្តិភាពបរិបូរណ៍ពេញផ្ទៃប្រទេស ដូចនេះក្នុងនាមជាប្រជាពលរដ្ឋខ្មែរត្រូវរួមគ្នាបន្តថែរក្សាតម្លៃនៃសុខសន្តិភាពនេះ ឱ្យបានគង់វង្ស និងរួមគ្នាអភិវឌ្ឍប្រទេស ឱ្យមានការរីកចម្រើនប្រសើរឡើងថែមទៀត។

សូមជំរាបថា នាពេលថ្មីៗនេះលោករដ្ឋមន្ត្រីបានបញ្ជាក់ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងទេសចរណ៍ ពីសភាពការណ៍ថ្មីៗ​ដែលបាន និងកំពុងកើតមាននៅកម្ពុជា ហើយដែលមានមជ្ឈដ្ឋាន អគតិមួយចំនួនកំពុងបំភ្លៃ បំភ័ន្ត បំប៉ោង បំផ្លើស និងញុះញង់ប្រជាពលរដ្ឋឲ្យស្អប់ និងមានកំហឹងនឹងរាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដើម្បីបម្រើដល់ផែនការរៀបចំធ្វើបដិវត្តពណ៌ នៅឆ្នាំ២០១៨ ដែលមានសហរដ្ឋអាមេរិកនៅពីក្រោយខ្នង ក្នុងការជួយរៀបចំគោលនយោបាយ និងផែនការយុទ្ធសាស្ត្រ ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។

លោក ថោង ខុន ក៏បានបកស្រាយពីឧបាយកលរបស់បក្សប្រឆាំងជូនដល់មន្ត្រីរាជការ ឱ្យបានជ្រួលជ្រាបនាពេលកន្លងមក ពិសេសគឺព្រឹត្តិការណ៍ដែលបានកើតឡើងនាពេលថ្មីនេះ ទាក់ទងនឹងការចាប់ខ្លួនលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ដែលបានប្រព្រឹត្តអំពើក្បត់ជាតិ និងការដាក់ពាក្យបណ្តឹងរំលាយគណបក្សសង្គ្រោះជាតិ។

ការប្រកាសប្រឆាំង និងកំចាត់ជនក្បត់ជាតិខាងលើនេះ ធ្វើឡើងបន្ទាប់ពីវិដេអូមួយដែលទទួលបានពីមន្រ្តីរដ្ឋាភិបាលជាភស្តុតាងថ្មីមួយទៀត ដែលលោក សម រង្ស៊ី ប្រកាសអំពាវនាវឲ្យកងកម្លាំងប្រដាប់អាវុធ បែរកាណុងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់របស់សម្តេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា។

វីដេអូនេះលោក សម រង្ស៊ី បាននិយាយកាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១១ (មុនបង្កើតគណបក្សសង្រ្គោះជាតិ) នៅទីក្រុងឡូវែល រដ្ឋម៉ាស្សាឈូសែត សហរដ្ឋអាមេរិក ដោយលោក សម រង្ស៊ី បាននិយាយដូច្នេះថា «របប ហ៊ុន សែន ជិតដួលរលំហើយ ការបះបោរយើងត្រូវការរៀបចំ ការណែនាំ ត្រូវការការផ្គត់ផ្គង់ឧបត្ថម្ភ ខ្នងបង្អែក ដើម្បីឲ្យការបះបោរផ្ទុះឡើង និងកងកម្លាំងប្រដាប់អាវុធបែរចុងកាណុងផ្តួលរំលំរបបផ្តាច់ការ ហ៊ុន សែន»។ (សូមស្តាប់ការលើកឡើងរបស់លោក សម រង្ស៊ី)៖

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានហៅការថ្លែងរបស់លោក សម រង្ស៊ី តាមរយៈវីដេអូនេះថា ជាការផ្សារភ្ជាប់ទៅនឹងវីដេអូរបស់លោក កឹម សុខា ដែលកំពុងជាប់ចោទពីបទក្បត់ជាតិ ព្រោះតែបង្ហាញគម្រោងផ្តួលរំលំរាជរដ្ឋាភិបាល ដោយឃុបឃិតជាមួយសហរដ្ឋអាមេរិក។

នៅក្នុងជំនួបជាមួយកម្មករ-កម្មការិនី ជាង១ម៉ឺននាក់ នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា «មួយទៀតអំពីការអំពាវនាវឱ្យកងទ័ព និងនគរបាល កម្លាំងប្រដាប់អាវុធ ចេញមកដើម្បីនឹងបង្វែរកាណុងចូល។ នេះគឺនិយាយតាំងពីថ្ងៃ០៤ ខែមិថុនា ឆ្នាំ២០១១ ប៉ុន្តែវាផ្សារភ្ជាប់គ្នាជាមួយនឹងការនិយាយ នៅទីក្រុងណូវែល រដ្ឋម៉ាសាឈូសេត សហរដ្ឋអាមេរិក គេបាននិយាយថា របប ហ៊ុន សែន ជិតដួលរលំហើយ ការបះបោរ យើងត្រូវការរៀបចំការណែនាំ ត្រូវការការផ្គត់ផ្គង់ឧបត្ថម្ភ ខ្នងបង្អែក ដើម្បីឱ្យការបះបោរផ្ទុះឡើង និងកងកម្លាំងប្រដាប់អាវុធបែរចុងកាណុងផ្តួលរំលំរបបផ្តាច់ការហ៊ុនសែន»