(ភ្នំពេញ)៖ យ៉ាងហោចណាស់ មានបុរសជាប្តីម្នាក់បានស្លាប់ និងប្រពន្ធ-កូនតូច២នាក់ បានទទួលរងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើង ដោយបុរសជនជាតិចិនម្នាក់ បានបើករថយន្តម៉ាក់បាឡែន១គ្រឿង ទៅបុកម៉ូតូ១គ្រឿងទៀត ដែលជិះគ្នា៤នាក់ ប្តី-ប្រពន្ធ និងកូន។

ហេតុការណ៍ខាងលើនេះ បានកើតឡើង នៅយប់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧ ត្រង់ចំណុចមុខបញ្ជាការដ្ឋាន កងកម្លាំងវិស្វ័យកម្ម (ខ.ភ.ម) លើកំណាត់ផ្លូវជាតិលេខ៣ ភូមិថ្នល់បំបែក សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

មន្ត្រីនគរបាលមូលដ្ឋាន បានឲ្យដឹងថា អ្នកបើកបររថយន្តបង្កមានឈ្មោះ ឡុក ចា ភេទប្រុស អាយុ៤០ឆ្នាំ ជាជនជាតិចិន បើករថយន្តម៉ាក បាឡែន ពាក់ស្លាកលេខ ភ្នំពេញ 2AJ-1529។
ចំណែកជនរងគ្រោះម្នាក់ស្លាប់ ឈ្មោះ លីយ៍ សុបញ្ញា ភេទប្រុស អាយុ៣៤ឆ្នាំ មានស្រុកកំណើតនៅភូមិច័ន្សា ឃុំដូនសរ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ចំណែកប្រពន្ធនិងកូន ២នាក់ទៀត មិនទាន់ស្គាល់អត្តសញ្ញាណបានរបួសធ្ងន់។ ជិះម៉ូតូរងគ្រោះម៉ាក ហុងដារឌ្រីម ស៊េរីឆ្នាំ២០០៩ ពណ៌ខ្មៅ។

ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា ដំណើរឿងរថយន្ត និងម៉ូតូធ្វើដំណើរបញ្ជ្រាស់ទិសគ្នា រថយន្តមកពីជើងទៅត្បូងយ៉ាងលឿន មកដល់កន្លែងកើតហេតុ ក៏រេចង្កូតទៅបុកម៉ូតូ ចំពីមុខពេញទំហឹងចំពាក់កណ្តាលរថយន្ត បណ្តាលឲ្យបុរសជាប្តីម្នាក់ បានស្លាប់ភ្លាមៗ នៅនឹងកន្លែង ចំណែកប្រពន្ធ និងកូនបានរងបួសធ្ងន់ដាច់ម្រាមកូនដៃ ត្រូវបានរថយន្តដឹកយក ទៅសង្រ្គោះអាយុជីវិតភ្លាមៗ។

ក្រោយពេលបង្កហេតុ បុរសជនជាតិ​ចិន បានព្យាយាមបើករថយន្តគេចខ្លួន ត្រូវកម្លាំងនគរបាលចោមចៅ ឃាត់បានភ្លាមៗ និងយកមករក្សាខ្លួន ទុកនៅប៉ុស្តិ៍ជាបណ្តោះអាសន្ន។

ក្រោយពេលកើតហេតុជំនាញចរាចរណ៍ជើងគោក នៃស្នងការដ្ឋានរាជធានីភ្នំពេញ បានចុះមកធ្វើការវាស់វែង និងនាំយករថយន្តបង្ក និងម៉ូតូជនរងគ្រោះ និងអ្នកបើកបរជនជាតិចិន ទៅកាន់ការិយាល័យចរាចរណ៍ជើងគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់។ ចំណែកសព ប្រគល់ទៅឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕