(កោះកុង)៖ នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៧នេះ លោក ហ៊ុយ ភារម្យ ប្រធានសាខាកាំកុងត្រូលខេត្តកោះកុង បានដឹកនាំមន្រ្តីក្រោមឱវាទ និងមានការចូលរួមសហការពីមន្ត្រីពាណិជ្ជកម្ម បានចុះត្រួតពិនិត្យនឹងធ្វើតេស្តទៅលើសម្ធិផលនានា ដែលអាជីវករដាក់តាំងលក់នៅក្នុងទីផ្សារ និងនៅតាមលំដ្ឋាន។

លោក ហ៊ុយ ភារម្យ បានថ្លែងប្រាប់អង្គភាព Fresh News ប្រចាំខេត្តកោះកុងឲ្យដឹងថា ដោយទទួលបាននៅសេចក្តីជូនដំណឹងចុះថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧​ របស់អគ្គនាយកដ្ឋានកាំកុងត្រូល​ គ្រប់សាខាត្រូវចាត់វិធានការទប់ស្កាត់ នាំចូល​ការអង្កេតឃ្លាំពិនិត្យទីផ្សារ ចំពោះផលិតផលត្រី​ Tuna កែវមានគំរបដែលក្រុមហ៊ុន​ Conserverie Chanserelle ដែលបានប្រមូលនៅទីផ្សារប្រទេសបារាំង​ បន្ទាប់ពីក្រុមហ៊ុន បានរកឃើញបំណែកដុំកែវនៅក្នុងផលិតផលរបស់ខ្លួន។

វត្តមាននៃបំណែកដុំកែវ ក្នុងផលិតផលខាងលើគឺស្ថិតក្នុងប្រភេទ នៃភ្នាក់ងារបង្កគ្រោះថ្នាក់រូបវ័ន្ត (PhysicalHazard) ដែលអាចបង្កគ្រោះថ្នាក់ ដល់សុខភាពដូចជារបួសមាត់​ បំពង់ក​ ឫពោះវៀនជាដើម។

ជាក់ស្តែងនៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៧​ សាខាកាំកុងត្រូលខេត្តកោះកុង​ សហការជាសមត្ថកិច្ចពាក់ព័ន្ធ និងអាជ្ញាធរដែនដី​ចុះត្រួតពិនិត្យ គុណភាព​សុវត្ថិភាព​ ផលិតផល​ ម្ហូបអាហារ​ នៅផ្សារដងទង់​ និងតាមបណ្តាMart និងដេប៉ូចែកចាយជុុវិញផ្សារ​ ដោយផ្តោតលើផលិតផលត្រី​ Tuna ដែលមានហានិភ័យខាងលើ។

លោក ហ៊ុយ ភារម្យ បានបញ្ជាក់ថា ជាលទ្ធផលមន្រ្តីជំនាញយើងបានត្រួតពិនិត្យនឹងធ្វើតេស្តជាលទ្ធិផលមិនមានវត្តផលិតផលត្រី Tuna​ ដែលមានហានិភ័យចរាចរនៅទីផ្សារឡើយ។ ហើយមន្រ្តីជំនាញលោកបានធ្វើតេស្តបឋមទៅលើផលិតផលម្ហូបអាហារ មួយចំនួន​មិនមានវត្តមាន សារធាតុគីមីហាមឃាត់ឡើយ។

ក្នុងនោះមន្រ្តីជំនាញបានធ្វើការរឹបអូសផលិតផលខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់មួយចំនួន​យកមករក្សាទុកនៅសាខាដើម្បីដុតកំទេច ចោលតាមនីតិវិធីច្បាប់។

សូមបញ្ជាក់ថា អគ្គនាយកដ្ឋានកាំកុងត្រូល នៃក្រសួងពាណិជ្ជកម្ម បានប្រកាសជាសាធារណៈទៅដល់សាធារណជន ពាណិជ្ជករនាំចូល និងអាជីវករលក់ដុំ លក់រាយ នៅទូទាំងប្រទេសអំពីវិធានការណ៍រាំងខ្ទប់ និងចុះដើរប្រមូលយកត្រឡប់មកវិញនៅផលិតផលត្រី Tuna កែវមានគំរប ដោយសារតែថ្មីនេះ ក្រុមហ៊ុនរបស់ប្រទេសបារាំង បានរកឃើញថា នៅក្នុងផលិតផលម្ហូបអាហារមួយនេះ មានវត្តមានបំណែកដុំកែវ ដែលធ្វើឲ្យគ្រោះថ្នាក់យ៉ាងខ្លាំងដល់សុខភាពអ្នកបរិភោគ។

ក្នុងសេចក្ដីជូនដំណឹង អគ្គនាយកដ្ឋានកាំកុងត្រូល បានបង្ហាញថា ក្រុមហ៊ុន Conserverie Chancerelle បានប្រមូលផលិតផលត្រី Tuna កែវមានគំរប ពីទីផ្សារប្រទេសបារាំង ក្រោយពីក្រុមហ៊ុនមួយនេះ បានរកឃើញវត្តមានដុំដែកនៅក្នុងផលិតផលនេះ។ វត្តមាននៃបំណែកដុំកែវ អាចនឹងបង្កគ្រោះថ្នាក់ដល់សុខភាពដូចជា បង្ករបួស មាត់ បំពុងក ឬពោះវៀនជាដើម។

តាមរយៈសេចក្ដីជូនដំណឹង អគ្គនាយកដ្ឋានកាំកុងត្រូល បាននិងកំពុងចាត់វិធានការ រួមមាន រាំងខ្ទប់មិនឲ្យនាំចូលផលិតផលនេះ, ផ្ដល់ព័ត៌មានដល់ក្រុមហ៊ុននាំចូល, អាជីវករលក់ដុំ និងរាយ ក្នុងករណីមាននាំចូល និងមានចរាចរលើទីផ្សារ និងត្រួតពិនិត្យនៅតាមទីផ្សារធំតូច ផ្សារទំនើប ដើម្បីសម្របសម្រួល ព្រមទាំងមានចំណាត់ការតាមនីតិវិធី ប្រសិនបើមានការដាក់តាំងលក់នៃផលិតផលមួយនេះ។

ជាមួយគ្នានេះ អគ្គនាយកដ្ឋានកាំកុងត្រូល ក៏បានអំពាវនាវដល់សាធារណជន សូមកុំទិញផលិតផលដែលមានអត្តសញ្ញាណខាងលើនេះ និងផ្ដល់ព័ត៌មានដល់មន្ដ្រីមានសមត្ថកិច្ច បើសិនជាបងប្អូនប្រជាពលរដ្ឋប្រទះឃើញនូវផលិតផលទាំងនេះ៕