(ភ្នំពេញ)៖ អតីតមន្រ្តីជាន់ខ្ពស់សហភាពអឺរ៉ុប លោក ហឺមែន វ៉ាន់ រ៉ុមពុយ (Herman Van Rompuy) បានមើលឃើញថាពីប្រទេសញ៉ាំ ញី និងត្រូវបំផ្លិចបំផ្លាញដោយសារភ្លើងសង្រ្គាមនោះ កម្ពុជា កំពុងមានការវិវឌ្ឍន៍ទៅមុខយ៉ាងល្អប្រសើរទាំងផ្នែកសង្គម អចលនទ្រព្យ និង ការអប់រំផងដែរ។

ការថ្លែងបង្ហាញពីការមើលឃើញភាពរីកចម្រើនរបស់កម្ពុជាពីសំណាក់លោក ហឺមែន វ៉ាន់ រ៉ុមពុយ អតីតប្រធានគណៈកម្មការសហភាពអឺរ៉ុប និងជាឯកអគ្គរាជទូតសុឆន្ទៈរបស់អង្គការ Fermish Association for Development Cooperation and technical Assistance បានធ្វើឡើងក្នុងពេលរូបលោកអញ្ជើញចូលជួបសម្តែងការគួរសមជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៧នេះនៅវិមានសន្តិភាព។

លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ បានថ្លែងប្រាក់ក្រុមអ្នកព័ត៌មាននៅក្រោយជំនួបថា លោក ហឺមែន វ៉ាន់ រ៉ុមពុយ ធ្លាប់ បានមកប្រទេសកម្ពុជាម្តងកាលពីឆ្នាំ២០១២។ ជាមួយដំណើរមកកាន់កម្ពុជាជាថ្មីនៅឆ្នាំ២០១៧នេះ លោក បានមើលឃើញថា ប្រទេស កម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន មានការប្រែប្រួល និងរីកចម្រើនយ៉ាងច្រើនទាំងវិស័យសង្គម អចលនទ្រព្យ និងការអប់រំ។

លោក អ៊ាង សុផល្លែត បានដកស្រង់សម្តីរបស់អតីតប្រធានគណៈកម្មការសហភាពអឺរ៉ុប មកបញ្ជាក់ថា «ឯកឧត្តម រ៉ុមពុយ បានគោរពជម្រាបសម្តេចតេជោ ហ៊ុន សែន ថា ឯកឧត្តមបានមកកាន់កម្ពុជាកាលពីឆ្នាំ២០១២ ហើយមកដល់ពេលនេះឯកឧត្តមបានឃើញការអភិវឌ្ឍដ៏ខ្លាំងក្លាជាទីបំផុតទាំងផ្នែកសង្គម ផ្នែកអចលនទ្រព្យ ទាំងផ្នែកអប់រំផងដែរ។ នេះជាការវិវឌ្ឍន៍ដ៏វិជ្ជមានមួយ ជាពិសេសការវិវឌ្ឍន៍របស់កម្ពុជានេះ គឺបានផ្តើមចេញពីបាតដៃទទេ»

លោក ហឺមែន វ៉ាន់ រ៉ុមពុយ បានបញ្ជាក់ថា ដំណើរទស្សនៈកិច្ចរបស់លោកមកកាន់កម្ពុជានាពេលនេះ ដើម្បីរួមចំណែកជំរុញការរីកចម្រើន របស់កម្ពុជាបន្ថែមទៀត។ នេះបើតាមការបញ្ជាក់បន្ថែមរបស់លោក អ៊ាង សុផល្លែត។

លោក ហឺមែន វ៉ាន់ រ៉ុមពុយ បានគូសបញ្ជាក់ថា អង្គការរបស់លោកនឹងមកជួយដល់កម្ពុជាលើវិស័យអប់រំ ជាពិសេសលើកុមារ ទាំងផ្នែកគុណភាព ទាំងបរិមាណ ធ្វើយ៉ាងណាឲ្យកុមារកម្ពុជា មានសមត្ថភាពគ្រប់គ្រាន់ខាងផ្នែកគណិតសាស្ត្រ ទាំងផ្នែកជំនាញ និងផ្នែកគ្រប់គ្រង ធ្វើយ៉ាងណាឲ្យកុមារកម្ពុជា អាចធ្វើការប្រាស្រ័យទាក់ទង ធ្វើអាជីវកម្ម សម្រាប់ខ្លួនឯងនាពេលអនាគត។

ជាការឆ្លើយតបសម្តេតេជោនាយករដ្ឋមន្ត្រី បានថ្លែងថា វាមិនមែនជាការងាយស្រួលទេក្នុងការនាំកម្ពុជា មកដល់ចំណុចនេះ។ ផ្លូវដែលបានធ្វើដំណើរកន្លងមកវាពិបាក ជាពិសេសនៅពេលដែលកម្ពុជា ចាប់ផ្តើមពីបាតដៃទទេតែម្តង។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «កម្ពុជាគឺបានចាប់ផ្តើមឡើង ពីការអនុវត្តន៍នយោបាយអ្នកចេះច្រើនបង្រៀនអ្នកចេះតិច និងអ្នកចេះតិច បង្រៀនអ្នកមិនចេះ។ បន្ទាប់មកក៏បានជំរុញសាលារៀន ឲ្យខិតជិតដល់លំនៅដ្ឋាន របស់សិស្សានុសិស្ស ហើយរយៈពេល៤ឆ្នាំកន្លងមកនេះ កម្ពុជាបានធ្វើកំណែទម្រង់ស៊ីជម្រៅ លើវិស័យអប់រំ ដោយបានធ្វើឲ្យគុណភាពគ្រូ មានការរីកចម្រើន ដែលជំរុញឲ្យគុណភាពនៃវិស័យអប់រំ ការតែមានភាពល្អប្រសើរ»

សម្តេចបានគូសបញ្ជាក់ថា ទោះជាយ៉ាងណាក្តី កម្ពុជាក៏នៅមានការប្រឈមមួយចំនួនផងដែរ ដូចជាតម្រូវការអគារសិក្សា, ផ្ទះសម្រាប់គ្រូបង្រៀន ក៏ដូចជាកន្លែងស្នាក់នៅសម្រាប់សិស្ស។ សម្តេចបន្តថា មកដល់ចំណុចនេះ កម្ពុជាកំពុងធ្វើសកម្មភាពបន្តប្រកបដោយចិរភាពផងដែរ៕