(ភ្នំពេញ)៖ ក្រោយពីវិដេអូមួយដែលទទួលបានពីមន្រ្តីរដ្ឋាភិបាល​ ជាភស្តុតាងថ្មីមួយទៀតចំពោះលោក សម រង្ស៊ី ដែលប្រកាសអំពាវនាវឲ្យកងកម្លាំងប្រដាប់អាវុធ បែរកាណុងផ្តួលរំលំ រាជរដ្ឋាភិបាល ស្របច្បាប់របស់សម្តេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា, ភ្លាមៗនៅព្រលប់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧នេះ នាយទាហាន នាយទាហានរង និងពលទាហាន នៃកងពលតូចទ័ពពិសេសឆ័ត្រយោង៩១១ បានប្រកាសតាមរយៈបណ្តាញព័ត៌មាន Fresh News ថា សម្តីរបស់លោក សម រង្ស៊ី ខាងលើនេះជាអំពើក្បត់ជាតិសុទ្ធសាធ និងធ្ងន់ធ្ងរបំផុត។

នាយទាហាន នាយទាហានរង និងពលទាហាន នៃកងពលតូចទ័ពពិសេសឆ័ត្រយោង៩១១ បានប្រកាសយ៉ាងដូច្នេះថា «ឃ្លីបវិដេអូថ្មីមួយទៀត ដែលបង្ហាញថា លោក សម រង្ស៊ី កាលពីឆ្នាំ២០១១ បានអំពាវនាវឱ្យមានការបះបោរប្រឆាំង នឹងរដ្ឋាភិបាលកម្ពុជា ហើយអំពាវនាវ ឱ្យកងកម្លាំងប្រដាប់អាវុធបង្វែរកាណុងមកកាន់រដ្ឋាភិបាលកម្ពុជា ជាអំពើក្បត់ជាតិសុទ្ធសាធ ហើយការអំពាវនាវនេះ គឺផ្សារភ្ជាប់ទៅនឹងការលើកឡើងរបស់លោក កឹម សុខា នៅទីក្រុងណូវែល រដ្ឋម៉ាសាឈូសេត សហរដ្ឋអាមេរិកផងដែរ។ វាជាវិដេអូចាស់ប៉ុន្តែវាគឺបានផ្សារភ្ជាប់មកដល់បច្ចុប្បន្ន ដូច្នេះនាយទាហាន នាយទាហានរង និងពលទាហាន នៃកងពលតូចទ័ពពិសេសឆ័ត្រយោង៩១១ សូមប្តេជ្ញាការពារដាច់ខាតចំពោះរាជរដ្ឋាភិបាលស្របច្បាប់ មិនអាចឲ្យក្រុមពួកបំផ្លិចបំផ្លាញជាតិ និងក្បត់ជាតិទាំងនោះ មកធ្វើឡើងនៅលើទឹកដីកម្ពុជាជាដាច់ខាត។ ក្នុងនាមកងទ័ពគាំទ្រពេញទំហឹងដល់ចំណាត់ការរាជរដ្ឋាភិបាល ដែលកំចាត់ពួកក្បត់ជាតិ បំផ្លាញសន្តិភាពនៅកម្ពុជា»

នាយទាហាន នាយទាហានរង និងពលទាហាន នៃកងពលតូចទ័ពពិសេសឆ័ត្រយោង៩១១ បានអះអាងធ្ងន់ៗថា «បើមិនកំចាត់ពួកនេះទេ សង្រ្គាមនឹងកើតឡើងនៅកម្ពុជាជាក់ជាមិនខាន»

ការប្រកាសប្រឆាំង និងកំចាត់ជនក្បត់ជាតិខាងលើនេះ ធ្វើឡើងបន្ទាប់ពី វិដេអូមួយដែលទទួលបានពីមន្រ្តីរដ្ឋាភិបាលជាភស្តុតាងថ្មីមួយទៀត ដែលលោក សម រង្ស៊ី ប្រកាសអំពាវនាវឲ្យ កងកម្លាំងប្រដាប់អាវុធ បែរកាណុងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់របស់សម្តេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា។

វីដេអូនេះលោក សម រង្ស៊ី បាននិយាយកាលពីថ្ងៃទីោ៤ ខែមិថុនា ឆ្នាំ២០១១ (មុនបង្កើតគណបក្សសង្រ្គោះជាតិ) នៅទីក្រុងឡូវែល រដ្ឋម៉ាស្សាឈូសែត សហរដ្ឋអាមេរិក ដោយលោក សម រង្ស៊ី បាននិយាយដូច្នេះថា «របប ហ៊ុន សែន ជិតដួលរលំហើយ ការបះបោរយើងត្រូវការរៀបចំ ការណែនាំ ត្រូវការការផ្គត់ផ្គង់ឧបត្ថម្ភ ខ្នងបង្អែក ដើម្បីឲ្យការបះបោរផ្ទុះឡើង និងកងកម្លាំងប្រដាប់អាវុធបែរចុងកាណុងផ្តួលរំលំរបបផ្តាច់ការ ហ៊ុន សែន»។ (សូមស្តាប់ការលើកឡើងរបស់លោក សម រង្ស៊ី)៖

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានហៅការថ្លែងរបស់លោក សម រង្ស៊ី តាមរយៈវីដេអូនេះថា ជាការផ្សារភ្ជាប់ទៅនឹងវីដេអូរបស់លោក កឹម សុខា ដែលកំពុងជាប់ចោទពីបទក្បត់ជាតិ ព្រោះតែបង្ហាញគម្រោងផ្តួលរំលំរាជរដ្ឋាភិបាល ដោយឃុបឃិតជាមួយសហរដ្ឋអាមេរិក។

នៅក្នុងជំនួបជាមួយកម្មករ-កម្មការិនី ជាង១ម៉ឺននាក់ នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា «មួយទៀតអំពីការអំពាវនាវឱ្យកងទ័ព និងនគរបាល កម្លាំងប្រដាប់អាវុធ ចេញមកដើម្បីនឹងបង្វែរកាណុងចូល។ នេះគឺនិយាយតាំងពីថ្ងៃ០៤ ខែមិថុនា ឆ្នាំ២០១១ ប៉ុន្តែវាផ្សារភ្ជាប់គ្នាជាមួយនឹងការនិយាយ នៅទីក្រុងណូវែល រដ្ឋម៉ាសាឈូសេត សហរដ្ឋអាមេរិក គេបាននិយាយថា របប ហ៊ុន សែន ជិតដួលរលំហើយ ការបះបោរ យើងត្រូវការរៀបចំការណែនាំ ត្រូវការការផ្គត់ផ្គង់ឧបត្ថម្ភ ខ្នងបង្អែក ដើម្បីឱ្យការបះបោរផ្ទុះឡើង និងកងកម្លាំងប្រដាប់អាវុធបែរចុងកាណុងផ្តួលរំលំរបបផ្តាច់ការហ៊ុនសែន»