(ស្វាយរៀង)៖ ប្រជាពលរដ្ឋឃុំគគីរចំនួន១៥នាក់ ក្នុងចំណោម១៩នាក់ ដែលមានបញ្ហាសុខភាពដោយសារឥទ្ធិពលគ្រាប់បែកគីមីរបស់អាមេរិក ដែលបានទម្លាក់មកលើទឹកដីខ្មែរកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀងនៅឡើយទេ។ នេះបើតាមលោក កែរ​ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង។

លោក កែរ រដ្ឋា បានថ្លែងអង្គភាពសារព័ត៌មាន Fresh News នៅយប់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧ នេះថា អ្នកភូមិចំនួន១៩នាក់ ដែលមានបញ្ហាសុខភាពដោយសារឥទ្ធិពលគ្រាប់បែកគីមីរបស់អាមេរិក នៅឃុំគគីរនោះ ខាងមន្ទីរបង្អែកខេត្តស្វាយរៀង ទទួលបានតែ១៥នាក់ទេ ហើយក៏កំពុងសម្រាកព្យាបាលនៅឡើយដែរ ដោយឡែកប្រជាពលរដ្ឋចំនួន៤នាក់ទៀត ត្រូវបានអវត្តមាន ពោលមិនឃើញទៅព្យាបាលជាមួយពលរដ្ឋដទៃឡើយ។

លោកប្រធានមន្ទីរបន្តថា បើតាមប្រធានស្រុកប្រតិបត្តិបានប្រាប់ថា អ្នកភូមិទាំង៤នាក់នោះ មាន២នាក់បានធ្វើដំណើរមករាជធានីភ្នំពេញ ដើម្បីព្យាបាលជំងឺដោយខ្លួនឯង ចំណែក២នាក់ទៀត ដោយសារអាការសុខភាពរបស់ពួកគាត់ មានសភាពតិចតូច ក៏មិនបានមកចូលរួមព្យាបាលនឹងគេទេ។

ការបញ្ជាក់របស់ប្រធានមន្ទីរសុខាភិបាលយ៉ាងដូច្នេះ ធ្វើឡើងបន្ទាប់ពីអាជ្ញាធរឃុំគគីរ នាល្ងាចថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧ បានរាយការណ៍ថា យ៉ាងហោចណាស់មានប្រជាពលរដ្ឋចំនួន១៩នាក់ ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យខេត្តស្វាយរៀង ខណៈពួកគាត់មានរោគសញ្ញារមាស់លើដងខ្លួន និងមានភាពមិនប្រក្រតីនៃរាង្គកាយ។

ជាមួយគ្នានេះ ក្រសួងសុខាភិបាល ក៏បានរកឃើញកុមារតូចៗចំនួន៣នាក់ បានរងឥទ្ធិពលរបស់គ្រាប់បែកគីមីរបស់អាមេរិក រហូតធ្វើឲ្យពួកគេកើតមកមានភាពមិនប្រក្រតី ដូចជា មាត់វៀច ក្បាលធំ ភ្នែកលៀន និងរមាស់ពេញខ្លួនជាដើម។ កុមារទាំង៣នេះ នឹងត្រូវយកទៅព្យាបាលនៅមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ ក្រោមការតាមដានពិនិត្យផ្ទាល់ពីក្រសួងសុខាភិបាល។

ជាមួយការនឹងរកឃើញកុមារកើតមកមានភាពមិនប្រក្រតីនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ក៏បានសម្រេចបង្កើតមណ្ឌលសុខភាពមួយ នៅលើតំបន់រងការវាយប្រហារដោយគ្រាប់បែកគិមីនេះ ដើម្បីផ្តល់សេវាពិនិត្យសុខភាពជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។

លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា (CMAC) បានបញ្ជាក់ប្រាប់ Fresh News ថា ប្រតិបត្តិការដោះគ្រាប់បែកគីមីរបស់អាមេរិក នៅឃុំគគីរ ស្រុករមាសហែក នឹងត្រូវចាប់ផ្តើមបន្តនៅសប្តាហ៍ក្រោយនេះ បន្ទាប់មន្ត្រីជំនាញរបស់ CMAC និងអាជ្ញាធរជាតិអាវុធគីមីរបស់ក្រសួងការពារជាតិ ផ្អាកប្រតិបត្តិការរយៈពេលខ្លីសិន ដើម្បីប្រជុំពិភាក្សាដាក់ផែនការអនុវត្តបន្ត។

លោក ហេង រតនា បានបន្តថា កម្លាំងអាជ្ញាធរជាតិអាវុធគីមី និងកម្លាំងស៉ីម៉ាក់បានរកឃើញវត្តមានគ្រាប់បែកគីមីបន្សល់ពីសម័យសង្រ្គាម រហូតដល់១៥ទីតាំងថ្មី នៅក្នុងឃុំគគីរ និងមួយទៀតនៅជាប់នោះ។ តាមការប៉ាន់ស្មាន អាចនឹងមានគ្រាប់បែកជាច្រើនទៀតបន្សល់នៅក្នុងស្រុករមាសហែក ដែលមិនទាន់រកឃើញនៅឡើយ។

សូមរំលឹកថា ឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង ដែលមានព្រំដែនជាប់ជាមួយប្រទេសវៀតណាម គឺជាទីតាំងទម្លាក់គ្រាប់បែកយ៉ាងខ្លាំងក្លាមួយពីសំណាក់កងទ័ពអាកាសរបស់អាមេរិក កាលពីសម័យសង្រ្គាមវៀតណាម។ គ្រាប់បែកជាច្រើនប្រភេទ រួមទាំងគ្រាប់បែកគីមីផង បានបន្សល់មកដល់ពេលបច្ចុប្បន្ននេះ។

កងកម្លាំងអាជ្ញាធរជាតិអាវុធគីមី និងកងកម្លាំងមជ្ឈមណ្ឌលបោសសម្អាតមីន និងគ្រាប់មិនទាន់ផ្ទុះ បានបើកប្រតិបត្តិការបោសសម្អាតគ្រាប់បែកគីមីរបស់អាមេរិក នៅក្នុងឃុំគគីរ ចាប់តាំងពីដើមខែតុលានេះមកម្ល៉េះ។ មកដល់ពេលនេះ មានគ្រាប់បែកគីមីមួយគ្រាប់​ហើយ ត្រូវបានយកចេញពីក្នុងដីទៅរក្សានៅកន្លែងសុវត្ថិភាពមួយ។ កងកម្លាំងជំនាញក៏នឹងបន្តបោសសម្អាតគ្រាប់បែកគីមីនេះ រហូតដល់អស់ពីក្នុងភូមិឋានរបស់ប្រជាពលរដ្ឋ៕