(ភ្នំពេញ)៖ ប្រតិកម្មភ្លាមៗជាមួយនឹងសម្តីរបស់លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ ដែលបានលើកឡើងថា កងទ័ពចង់ងើបបះបោរនោះ នាយឧត្តមសេនីយ៍ផ្កាយមាស៤ គន់ គីម អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ ចេញមកឆ្លើយតបជាមួយសម្តីធ្ងន់ៗថា កងទ័ពគ្មានថ្ងៃក្បត់រាជរដ្ឋាភិបាលរបស់សម្តេចតេជោ ហ៊ុន សែន នោះឡើយ ផ្ទុយទៅវិញមានតែប្រឹងប្រែង ការពារជាតិមាតុភូមិ និងកម្ចាត់រាល់ក្រុមជនក្បត់ជាតិដូចជាលោក សម រង្ស៊ី។

នាយឧត្តមសេនីយ៍ គន់ គីម បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន​ Fresh News នៅយប់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧នេះថា កងទ័ពទាំងអស់ស្មោះស្ម័គ្រ ចំពោះរាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន ដែលកើតចេញពីការបោះឆ្នោតស្របច្បាប់។ នាយឧត្តមសេនីយ៍បន្តថា សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលបានគិតគូរពីសុខទុក្ខរបស់បងប្អូនកងទ័ព និងបានប្រឹងប្រែងដំឡើង ប្រាក់បៀវត្សរ៍ជូនកងទ័ព ដូច្នេះកងទ័ពមាន ស្វាមីភក្តិចំពោះសម្តេចតេជោ និងរាជរដ្ឋាភិបាលជានិច្ច។

មន្រ្តីជាន់ខ្ពស់ និងមានឥទ្ធិពលមួយរូបនៅជួរកងទ័ពកម្ពុជានាយឧត្តមសេនីយ៍ គន់ គីម ថ្លែងបញ្ជាក់ថា «កងទ័ពទាំងអស់មានស្វាមីភក្តិដ៏ស្មោះស្ម័គ្របំផុតជាមួយរាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន។ ពួកយើងគ្មានថ្ងៃក្បត់រាជរដ្ឋាភិបាលនោះឡើយ ព្រោះរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្លាំងណាស់ចំពោះជីវភាពរបស់កងទ័ព»

មិនត្រឹមតែបង្ហាញពីស្វាមីភក្តិចំពោះរាជរដ្ឋាភិបាលនោះទេ នាយឧត្តមសេនីយ៍ គន់ គីម ថែមទាំងបានបង្ហាញការប្តេជ្ញាប្រឆាំងដាច់ខាតរាល់ការប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាល ជាពិសេសប្រកាសតបតជាមួយលោក សម រង្ស៊ី ដែលលោកចាត់ទុកជាមនុស្សក្បត់ជាតិញុះញង់កងទ័ពឲ្យធ្វើការបះបោរ។

នាយឧត្តមសេនីយ៍ គន់ គីម បានបញ្ជាក់ជាមួយសម្តីធ្ងន់ៗថា «កងទ័ពគ្មានថ្ងៃបង្វែចុងកាណុងរករាជរដ្ឋាភិបាលនោះឡើយ មានតែបង្វែកាណុងទៅក្រុមមនុស្សក្បត់ជាតិ ដូចជាទណ្ឌិត សម រង្ស៊ី ដែលកំពុងរត់ចោលស្រុកគេចពីសំណាញ់ច្បាប់។ រូបគេកំពុងធ្វើសកម្មភាពក្បត់ជាតិ ដូចបុគ្គល កឹម សុខា កងទ័ពសន្យាកម្ចាត់រាល់អំពើក្បត់ជាតិ ក្បត់ប្រជាជនរបស់ពួកគេជានិច្ច»

នាយឧត្តមសេនីយ៍ គន់ គីម ក៏បានលើកឡើងផងដែរថា កងទ័ពទាំងអស់មានភារកិច្ចរក្សាសុខសន្តិភាព ស្ថេរភាពដែលកំពុងគ្រប់ដណ្តប់ លើដែនដីកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងខ្លាំងក្លារបស់សម្តេចតេជោ ហ៊ុន សែន ដោយមិនឲ្យជនមានមហិច្ឆតាអាក្រក់ទាំងឡាយមកបំផ្លាញកម្ពុជាបាននោះឡើយ។

សូមបញ្ជាក់ថា ការសម្តែងប្រតិកម្មរបស់នាយឧត្តមសេនីយ៍ គន់ គីម ដែលជាមន្រ្តីជាន់ខ្ពស់កងទ័ពកម្ពុជា បានធ្វើឡើងបន្ទាប់ពីបានឃើញ វីដេអូរបស់លោក សម រង្ស៊ី ដែលបានថ្លែងជាមួយខ្មែរនៅក្រៅស្រុកថា កងទ័ពកំពុងមានបំណងបះបោរផ្តួលរំលំរាជរដ្ឋាភិបាល។ ក្នុងវីដេអូ ថ្លែងជាមួយប្រជាពលរដ្ឋខ្មែរនៅសហរដ្ឋអាមេរិក កាលពីឆ្នាំ២០១១នោះ លោក សម រង្ស៊ី បានថ្លែងថា កងទ័ព កម្លាំងប្រដាប់អាវុធ មានតែបង្វែកាណុងទៅកាន់រាជរដ្ឋាភិបាល ព្រោះតែការរស់នៅរបស់ពួកគេកាន់តលំបាកទៅៗ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានហៅការថ្លែងរបស់លោក សម រង្ស៊ី តាមរយៈវីដេអូនេះថា ជាការផ្សារភ្ជាប់ទៅនឹងវីដេអូរបស់ លោក កឹម សុខា ដែលកំពុងជាប់ចោទពីបទក្បត់ជាតិ ព្រោះតែបង្ហាញគម្រោងផ្តួលរំលំរាជរដ្ឋាភិបាល ដោយឃុបឃិតជាមួយសហរដ្ឋអាមេរិក។

នៅក្នុងជំនួបជាមួយកម្មករ កម្មការិនីជាង ១ម៉ឺននាក់នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា «មួយទៀតអំពីការអំពាវនាវឱ្យកងទ័ព និងនគរបាល កម្លាំងប្រដាប់អាវុធ ចេញមក ដើម្បីនឹងបង្វែរកាណុងចូល។ នេះគឺនិយាយតាំងពីថ្ងៃ៤ ខែមិថុនា ឆ្នាំ២០១១ ប៉ុន្តែវាផ្សារភ្ជាប់គ្នា ជាមួយនឹង ការនិយាយនៅទីក្រុងណូវែល រដ្ឋម៉ាសាឈូសេត សហរដ្ឋអាមេរិក គេបាននិយាយថា របបហ៊ុនសែន ជិតដួលរលំហើយ ការបះបោរ យើងត្រូវការរៀបចំការណែនាំ ត្រូវការការផ្គត់ផ្គង់ឧបត្ថម្ភ ខ្នងបង្អែក ដើម្បីឱ្យការបះបោរផ្ទុះឡើង និងកងកម្លាំងប្រដាប់អាវុធ បែរចុងកាណុង ផ្តួលរំលំរបបផ្តាច់ការហ៊ុនសែន»៕