(ពោធិ៍សាត់)៖ បុរសចិត្តខ្លាំងម្នាក់ត្រូវបានកម្លាំងនគរបាលស្រុកវាលវែង ខេត្តពោធិ៍សាត់ ចាប់ឃាត់ខ្លួនភ្លាមៗ និងឃុំខ្លួនបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកវាលវែង បន្ទាប់ពីជនបង្ករូបនេះបានដុតផ្ទះស្រ្តីម្នាក់ដែលត្រូវជាម្ដាយមីងរបស់ខ្លូន ឆេះខូចខាតទាងស្រុង ខណៈសព្វថ្ងៃខ្លួនក៏កំពុងរស់នៅជាមួយម្ដាយមីងបង្កើត លើផ្ទះដែលខ្លួនបានដុតឆេះនេះផងដែរ។

តាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកវាលវែង បានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅខាងកើតវត្តអូរសោម ឃុំអូរសោម ស្រុកវាលវែង មូលហេតុដំបូងឡើយ ដោយសារជនសង្ស័យបានឈ្លោះគ្នាជាមួយបងប្រុសបង្កើតរបស់ខ្លួន នៅទីតាំងកើតហេតុតែម្ដង លុះក្រោយមកជនបង្កក៏យកភ្លើងទៅដុតផ្ទះរបស់ម្ដាយមីងនោះតែម្ដង។

ជនសង្ស័យមានឈ្មោះ ហន កប អាយុ៣២ឆ្នាំ ហើយផ្ទះដែលឆេះទាំងស្រុងនោះមានទទឹង៣.៥០ម៉ែត្រ និងបណ្ដោយ៤.៥០ម៉ែត្រ ជញ្ជាំងក្ដារ និងក្រាលរនាបក្ដារ ក្រៅពីនេះខូចខាតសម្ភារមួយចំនួន និងឥវ៉ាន់ចាប់ហ៊ួយគិតជាទឹកប្រាក់សរុបទាំងអស់ចំនួន ៤លានរៀល។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួនទុកនៅអធិការដ្ឋាននគរបាលស្រុកវាលវែង ដើម្បីរៀបចំសំណុំរឿងតាមនីតិវិធីច្បាប់៕

ñ