(ភ្នំពេញ)៖ កម្ពុជា និងអូស្ត្រាលី នៅរសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧នេះ បានចុះហត្ថលេខាជាមួយគ្នាដើម្បីពង្រឹងចំណងការទូត កិច្ចសហប្រតិបត្តិការ និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរឲ្យកាន់តែល្អប្រសើរថែមទៀត។

ពិធីចុះហត្ថលេខានេះត្រូវបានធ្វើឡើងនៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិរវាងលោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុនរដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោកស្រី អេនជេឡា ខខូរ៉េន ឯកអគ្គរាជទូតអូស្រ្តាលីប្រចាំកម្ពុជា។

លោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន បានគូសបញ្ជាក់ថា ពិធីការចុះហត្ថលេខាលើអនុស្សារណៈនេះ នឹងកំណត់នូវជំហានថ្មីមួយក្នុងការពង្រឹងទំនាក់ទំនងមិត្តភាព និងពង្រីកកិច្ចសហប្រតិបត្តិការទេ្វភាគី ដែលមានស្រាប់រវាងប្រទេសទាំងពីរ ដោយឈរលើគោលការណ៍សមភាព មានផលប្រយោជន៍ និងការគោរពគ្នាទៅវិញទៅមក។

ប្រមុខការទូតកម្ពុជា បានគូសបញ្ជាក់ទៀតថា ការបង្កើតឲ្យមានកិច្ចពិគ្រោះយោបល់ថ្នាក់ឧត្តមមន្រ្តីរវាងក្រសួងការបរទេសទាំងពីរ នឹងជួយ សម្រួលដល់ការពិគ្រោះយោបល់ និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនៅក្នុងវិស័យនយោបាយ សន្តិសុខ សេដ្ឋកិច្ច និងវប្បធម៌។ដោយឡែកការពិគ្រោះយោបល់នយោបាយរវាងកម្ពុជា និងអូស្ត្រាលី នឹងធ្វើឡើងរៀងរាល់១ឆ្នាំម្តង បើក្នុងករណីចាំបាច់និងមានជំនួបពិគ្រោះយោបល់គ្នាញឹកញាប់។

សូមបញ្ជាក់ថា កម្ពុជា និងអូស្ត្រាលី មានកិច្ចសហការលើវិស័យជាច្រើនដូចជា ទូរគមននាគមន៍, ច្បាប់, អប់រំ, សេដ្ឋកិច្ច, ទេសចរណ៍,កសិកម្ម, សុខាភិបាល និងការបណ្តុះបណ្តាលធនធានមនុស្ស។ល៕